(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកនយោបាយ សុំឲ្យដោះលែងអ្នកបឹងកក់ អ្នកបុរីកីឡា និងអ្នកថ្មគោល កុំបន្តជួលពួកគាត់ ឲ្យធ្វើបាតុកម្មទាមទារ​តទៅទៀត។ លោក ប៉ា សុជាតិវង្ស លើកឡើងបែបនេះ ខណៈលោក ចូលរួមជាអធិបតីក្នុងពិធី បើកការដ្ឋានស្ថាបនាឡើងវិញ កំណាត់ផ្លូវចូលសកលវិទ្យាល័យកសិកម្មចំការដូង នៅព្រឹក ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦នេះ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា «​អ្នកបឹងកក់ដែលធ្វើសកម្មភាពតវ៉ារាល់លើកនេះ មិនមែនដើម្បីបឹងកក់ទេ តែដើម្បីគោលដៅ នយោបាយមួយ ដែលអ្នកទាំងនោះ គេជួលទៅ​ធ្វើបាតុកម្ម សុំឲ្យដោះលែងទៅ។ សូមបងប្អូនងាកមករកមុខរបរអាជីវកម្មចិញ្ចឹមជីវិតវិញ។ ដូចជាយាយមាំមីមួយ លែងគិតរកស៊ី ចាំតែគេហៅទៅដើរតាមផ្លូវ​បាន ៥ដុល្លារ បាន​១០ដុល្លារ ដល់ល្ងាច ទៅជប់លៀងប៊ីយ៊ែរ១កំប៉ុង​២កំប៉ុង រហូតឈឺ គាំងបេះដូង ដោយសារផឹកប៊ីយ៊ែរសោះថា គេធ្វើឯណាវិញ ហើយនៅសល់លុយ អង្គុយលេងបៀយ៉ាងព្រងើយ ដែល​លុយបានពីបាតុកម្ម។ ឥឡូវសុំដោះលែងគាត់ទៅឲ្យគាត់ចេះរកមុខរបរអីចិញ្ចឹមជីវិតផង»

កន្លងមកសកម្មជនដីធ្លីអ្នកបឹងកក់ អ្នកបុរីកីឡា និងអ្នកថ្មគោលជាដើម ដែលតាំងខ្លួនជាជនរ​ងគ្រោះដោយសារទំនាស់ដីធ្លី តែងចេញមុខតវ៉ា នៅពេលមានការជួបជុំ នៅតាមទីសាធារណៈម្តងៗ។ សកម្មភាពតវ៉ារបស់ពួកគាត់ រងការរិះគន់ ជាបន្តបន្ទាប់ថា គ្រាន់តែជាការសំដែងប៉ុណ្ណោះ។ អ្នកខ្លះថា ការតវ៉ានេះធ្វើឡើងដើម្បីទាមទារប្រជាប្រិយភាព និងអ្នកខ្លះថា ធ្វើឡើងដោយមានការ​បញ្ជា​ពីអ្នកនយោបាយជាដើម៕