(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅលើFacebook Page នៅមុននេះបន្តិច ក្នុងន័យលើកទឹកចិត្ត និងជំរុញការចែកចាយ និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ នៅតាមទីតាំងដែលខ្វះខាតទឹកប្រើប្រាស់ ឲ្យបានសកម្មលឿន និងទាន់ពេលវេលា ដើម្បីបងប្អូនមានទឹកប្រើប្រាស់។
សម្តេច ហ៊ុន សែនបានមានប្រសាសន៍យ៉ាងដូច្នោះថា «ខ្ញុំសូមលើកទឹកចិត្ត និងជំរុញការចែកចាយនិងផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋនៅ តាមទីតាំងដែលខ្វះខាតទឹកប្រើប្រាស់អោយបានសកម្មលឿន និងទាន់ពេលវេលា ដើម្បីបងប្អូនយើងមានទឹកប្រើប្រាស់។ សូមបន្តជីកនិងស្តារស្រះប្រឡាយ និងអណ្តូងទឹកនៅតាមតំបន់ដែលកំពុងប្រឈម និងបញ្ហាអត់ទឹកអោយបានច្រើន ដែលអាចធ្វើបាន។
មកទល់ពេលនេះ គ្រោះធម្មជាតិគឺកំពុងបន្តកើតមាននៅឡើយ តាមបណ្តាខេត្តមួយចំនួន ហើយខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និងរន្ទះក៏នៅ បន្តកើតមានបណ្តាលអោយខូចខាតជម្រកស្នាក់នៅ និងសាលារៀន ព្រមទាំងបណ្តាលអោយបាត់បង់ជីវិតមនុស្ស និងសត្វពាហនៈ មួយចំនួនទៀតផង។ ក្នុងកាលៈទេសៈដ៏ចាំបាច់បំផុតនេះ ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ-សមត្ថកិច្ច សប្បុរសជន យុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ជាពិសេសសមាជិកសមាជិការគណបក្សប្រជាជន ទាំងអស់សូមចូលរួមអស់ពីកម្លាំងកាយចិត្ត រួមទាំងថវិកា ដើម្បីជួយបងប្អូនប្រជាពលរដ្ឋ ឲ្យមានទឹកទទួលទាន និងជម្រកស្នាក់នៅទាន់ពេលវេលា។ សូមជួយពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យដល់បងប្អូននិងជំនួយសង្រ្គោះ បន្ទាន់នានា ដោយមិនប្រកាន់លើ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ»។
ចុងក្រោយសម្តេច ហ៊ុន សែន ក៏បានអរគុណ និងជូនពរសប្បុរជន និងក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ដែល បាននិងកំពុងចែកចាយ ផ្គត់ផ្គង់ទឹក និងជួសជុលផ្ទះសម្បែង ជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ៕