(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសម្តែងការសោកស្តាយចំពោះ សេចក្តីថ្លែងការណ៍ របស់ក្រុមសមាជិកសភា មកពីគណបក្សសង្រ្គោះជាតិ ហើយចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ មានចរិតជាការដាក់សម្ពាធទៅលើអំណាចតុលាការ ដែលជាអំណាចឯករាជ្យ ការពារដោយច្បាប់ និងរដ្ឋធម្មនុញ្ញ។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី ក្រុមតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញ ដោយចោទប្រកាន់ថា តុលាការបានប្រើអំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិតំណាងរាស្រ្ត ដែលធានាដោយមាត្រា៨០នៃរដ្ឋធម្មនុញ្ញ ហើយប្រកាសថា តំណាងរាស្រ្តរបស់ខ្លួន ៣រូប ដែលក្នុងនោះរាប់ទាំង លោក កឹម សុខា នឹងមិនចូលខ្លួនតាមការកោះហៅរបស់តុលាការនោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា រដ្ឋធម្មនុញ្ញមាត្រា៨០ បានចែងការពារមិនឱ្យមានការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន និងឃុំខ្លួនតំណាងរាស្រ្ត (លើកលែងតែបទល្មើសជាក់ស្តែង) ប៉ុន្តែមិនបានចែងមិនឱ្យមានការកោះហៅតំណាងរាស្រ្តចូលបំភ្លឺនោះទេ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរថា «ការចេញសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិនេះ ឆ្លើយតបទៅនឹងដីកាកោះហៅរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ជំនួសមុខឱ្យរូបវន្តបុគ្គលដែលជាកម្មវត្ថុនៃដីកាកោះហៅ គឺជាទង្វើដែលមានចរិតជាការដាក់សម្ពាធទៅលើអំណាចតុលាការ ដែលជាអំណាចឯករាជ្យធានាការបារដោយច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
មាត្រា៨០នៃរដ្ឋធម្មនុញ្ញ បានចែងថា «តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ ការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការ យល់ព្រម ពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍ របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ ក្នុងករណីខាងក្រោយនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ ដើម្បីសម្រេច»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការមួយ ដោយបញ្ជាក់ជំហរថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងមិនចូលខ្លួនតាមការកោះហៅរបស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញទេ។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឱ្យចូលបំភ្លឺនៅថ្ងៃទី១១ ខែឧសភា ពាក់ព័ន្ធនឹងបណ្តឹងកញ្ញា ធី សុវណ្ណថា និងកោះហៅតំណាងរាស្រ្ត២រូបទៀត រួមមាន លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា ឱ្យចូលឆ្លើយបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ពាក់ព័ន្ធនឹងសំណុំរឿង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Fresh News ឱ្យដឹងថា ទាក់ទងនឹងការប្រកាស មិនចូលតាមការកោះហៅ របស់តំណាងអយ្យការ តុលាការនឹងមាននីវិធីបន្តបន្ទាប់ទៀត ទៅតាមព្រំដែនច្បាប់។ លោកបញ្ជាក់ច្បាស់ថា ការកោះហៅលោក កឹម សុខា និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ គឺដើម្បីបំភ្លឺទៅនឹងការចោទប្រកាន់ប៉ុណ្ណោះ៕