(ភ្នំពេញ)៖ នៅទីបំផុតតំណាងរាស្រ្ត CNRP ចំនួន២រូបទៀត ត្រូវបានព្រះរាជអាជ្ញាចេញដីកាកោះហៅ ពាក់ព័ន្ធករណីរឿងរ៉ាវផ្លូវភេទរវាងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នេះបើយោងតាមដីកាកោះហៅរបស់ព្រះរាជអាជ្ញារង សៀង សុខ ដែលអង្គភាព Fresh News ទើបទទួលបាននៅមុននេះបន្តិច។

យោងតាមដីកោះហៅបានបញ្ជាក់ថា តំណាងរាស្រ្ត២រូប ដែលត្រូវបានតុលាការកោះហៅទី១៖ ឈ្មោះ តុប វ៉ាន់ចាន់​ តំណាងរាស្រ្តខេត្តកណ្តាល (ជាជនសង្ស័យ) និងលោក ពិន រតនា តំណាងរាស្រ្តខេត្តបាត់ដំបង (ជាជនសង្ស័យ) ។ ដោយឲ្យអ្នកទាំងពីរចូលខ្លួនមកបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។

ការចេញដីកាកោះហៅតំណាងរាស្រ្តទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ផ្តល់ចម្លើយសារភាពជូនព្រះរាជ្ញារង សៀង សុខ ដោយបានលើកឡើងថា នៅក្នុងពេលមានទំនាក់ទំនងជាមួយលោក កឹម សុខា នោះ នាងបានទៅលេង ទីក្រុងបាងកក ជាមួយលោក កឹម សុខា ចំនួន២ដង ដោយលើកទី១ នៅថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០១៥, លោក កឹម សុខា លោមលួងឲ្យលុយ ចំនួន៣០០០ដុល្លារ និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ងាយស្រួលចេញចូល។ ពេលទៅដល់ទីក្រុងបាងកកនោះ លោក តុប វ៉ាន់ចាន់ ដែលជាអ្នកជូននាងទៅតាមបញ្ជារបស់លោក កឹម សុខា បាននាំនាងទៅស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ (មិនចាំលេខបន្ទប់) ហើយត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី០២​ ខែធ្នូ ឆ្នាំ២០១៥។

ដោយឡែកពេលទៅទីក្រុងបាងកក ជាមួយលោក កឹម សុខា លើកទី២ គឺចាប់ពីថ្ងៃទី០១ ទី០២ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កញ្ញា ស្រីមុំ បានបញ្ជាក់អះអាងថា នាងបានចេញទៅជាមួយឈ្មោះ ពិន​ រតនា ដោយមានការប្រាប់ពីលោក កឹម សុខា ឲ្យនាងទំនាក់ទំនងជាមួយគាត់ពេល ទៅដល់ប្រទេសថៃ។ នាងបានស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ ជាមួយបន្ទប់លោក កឹម សុខា ដោយលោក កឹម សុខា បានរង់ចាំនាងនៅក្នុង បន្ទប់មុន៕