(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ បានដាក់លិខិតទូលថ្វាយព្រះមហាក្សត្រកម្ពុជា ដើម្បីឱ្យជួយបន្ថយស្ថានភាពនយោបាយនៅកម្ពុជា ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានលើកឡើងថា ស្ថានភាពនយោបាយបច្ចុប្បន្ន មិនមានការឡើងកម្តៅអ្វីដូចដែលតំណាងរាស្រ្តគណបក្សប្រឆាំងទូលថ្វាយនោះទេ។ អ្នកនាំពាក្យរូបនោះបាននិយាយថា តំណាងរាស្រ្តបក្សប្រឆាំង កំពុងភូតភរដល់អង្គព្រះមហាក្សត្រ។
លោក ផៃ ស៊ីផាន បានប្រាប់អង្គភាព Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះថា ការធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រ ដោយក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ នាពេលនេះ គឺជាការកេងចំណេញនយោបាយសុទ្ធសាធ ដែលមិនមានតម្លៃ អ្វីសម្រាប់នយោបាយ នៅកម្ពុជាទេ ហើយអ្វីដែលកើតឡើងគ្រាន់តែជារឿងបុគ្គលតែប៉ុណ្ណោះ មិនមានប៉ះពាល់ដល់ស្ថានភាពនយោបាយនោះទេ។
លោកលើកឡើង និងរៀបរាប់ថា ដូចជាករណីលោក សម រង្ស៊ី នៅតុលាការ គឺពាក់ព័ន្ធនឹងបណ្តឹង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលជារឿងបរិហារកេរ្តិ៍រវាងបុគ្គល និងបុគ្គល ចំណែកករណីចាប់ខ្លួន លោក អ៊ុ សំអាន កន្លងមកនោះ គឺដោយសារតែតំណាងរាស្រ្តរូបនេះ បានប្រព្រឹត្តបទល្មើសជាក់ស្តែងតែប៉ុណ្ណោះ។ ដោយឡែកដំណឹងចំពោះការកោះហៅមន្រ្តីសង្គមស៊ីវិល ដែលធ្វើឡើងដោយACU នោះវិញ ក៏ជារឿងពាក់ព័ន្ធនឹងរឿងបុគ្គល ស្រីមុំ បានចោទប្រកាន់ជាមួយរឿងអាស្រូវផ្លូវភេទជាមួយលោក កឹម សុខា មិនមែនជារឿងនយោបាយ និងឡើងកំដៅដូចអ្វីដែលបានទេ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រដោយរៀបរាប់ អំពីស្ថានភាពនយោបាយ នៅកម្ពុជា។ តំណាងរាស្រ្តទាំងនោះបានលើកឡើងថា នាថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនបរិស្ថាន សមាជិកព្រឹទ្ធសភា តំណាងរាស្រ្ត ហើយមានការរឹតត្បិតអង្គការសង្គមស៊ីវិល និងសហជីព ជាហេតុធ្វើឱ្យស្ថានការណ៍នយោបាយ នៅកម្ពុជាបច្ចុប្បន្នមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។
លិខិតបានរៀបរាប់ថា «ស្ថានការណ៍ដុនដាបនាពេលបច្ចុប្បន្ននេះ បើគ្មានដំណោះស្រាយទាន់ពេលវេលានោះទេ នឹងធ្វើឱ្យប្រទេសកម្ពុជាដើរថយក្រោយ វិលទៅរកអតីតកាលជាមិនខាន»៕