(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណាថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានប្រកាសប្តឹង លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ ហើយថា សំណងជាទឹកប្រាក់នេះ នាងនឹងយកទៅជួយដល់កុមារកំព្រា។
កញ្ញា ធី សុវណ្ណថា បានប្រកាសបែបនេះ នៅក្នុងសន្និសីទកាសែតនៅសណ្ឋាគាសាន់វ៉េ នាម៉ោង២៖០០រៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងដំណើរការនៃការប្តឹង លោក កឹម សុខា។
* កញ្ញា ធី សុវណ្ណាថា បានអះអាងថា ចំពោះករណីនេះ នាងនឹងបន្តប្តឹងលោក កឹម សុខា ជាបន្តបន្ទាប់ ទោះជាត្រូវទៅដល់ណាក៏ដោយ។
* កញ្ញា ធី សុវណ្ណាថា ប្រកាសនឹងជួយស្វែងរកមេធាវីការពារឲ្យស្រីមុំ ប្រសិនបើស្រីមុំត្រូវការជំនួយ និងអំពាវនាវឲ្យស្រ្តីទាំងអស់ត្រូវក្រោកឈរឡើងដើម្បីតតាំង។
* កញ្ញាបានបន្តថា ទង្វើរបស់លោក កឹម សុខា បានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិយ៉ាងខ្លាំង។
* សុវណ្ណាថា បានសម្តែងការរិះគន់ចំពោះអង្គការសង្គមស៊ីវិល, មិនគួរណាអង្គការសង្គមស៊ីវិលទាំងនោះ ការពារបុគ្គលដែលធ្វើបាប និងរំលោភបំពានស្រ្តីទន់ខ្សោយនោះទេ។
* កញ្ញា សុវណ្ណថា បានថ្លែងថា កន្លងមករូបនាងប្តឹង ដើម្បីស្វែងរកម្ចាស់សម្លេងបរិហាកេរ្តិ៍ប៉ុណ្ណោះ ប៉ុន្តែក្រោយពីកញ្ញា ស្រីមុំ សារភាពថា ម្ចាស់សម្លេងនោះជាសម្លេងរបស់លោក កឹម សុខា ដូច្នេះនៅថ្ងៃទី២៧ ខែមេសា កញ្ញានឹងដាក់ពាក្យបណ្តឹងប្តឹង ចំឈ្មោះលោក កឹម សុខា តែម្តង ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារ ដើម្បីយកថវិកានេះទៅជួយកុមារកំព្រា។
កិច្ចសន្និសិទកាសែតរបស់កញ្ញា ធី សុវណ្ណថា បានបញ្ចប់នៅវេលាម៉ោង ១៤៖៥០នាទី ថ្ងៃទី២៣ ខែមេសានេះ៕