- លោក ឡុង ឌីម៉ង់ បញ្ចប់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិនៅប្រទេសបារាំង និងមានបទពិសោធន៍ការទូត នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលស័ក្តិសមនឹងតំណែងឯកអគ្គរាជទូ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦បានបដិសេធថា ការស្នើតែងតាំង លោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូងជំនួស លោក ស៊ុត ឌីណា នាពេលនេះមិនមែនធ្វើឡើងតាមរយៈសែស្រឡាយនោះទេ។
ការអះអាងរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ សារព័ត៌មាននិងបណ្តាញសង្គមមួយចំនួន រិះគន់ថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើតែងតាំងលោក ឡុង ឌីម៉ង់ ដែលជាកូនប្រុសរបស់ លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាឯកអគ្គរាជទូតខ្មែរ នៅប្រទេសកូរ៉េខាងត្បូងជំនួសលោក ស៊ុត ឌីណា ដែលត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោក ជុំ សុន្ទរី បានអះអាងថា លោក ឡុង ឌីម៉ង់ មានលក្ខណៈសម្បត្តិប្រសើរផ្នែកទំនាក់ទំនងការទូត ដោយលោកបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ ហើយមានការយល់ដឹង និងបទពិសោធន៍ការទូតក្នុងនាមជាអ្នកនាំពាក្យ នៅក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានទំនាក់ទំនងជាមួយ អង្គទូតនានា មានអត្តចរឹតល្អ ធ្វើឱ្យរាជរដ្ឋាភិបាលមើលឃើញ និងផ្តល់សេចក្តីទុកចិត្ត។
លោក សុន្ទរី លើកឡើងថា «ការជ្រើសរើស លោក ឡុង ឌីម៉ង់ ជាឯកអគ្គរាជទូតប្រចាំនៅកូរ៉េខាងត្បូងនេះ គឺផ្អែកលើលក្ខណៈសម្បត្តិរបស់លោក ឡុង ឌីម៉ង់ មិនមែនជាការជ្រើសរើសដោយផ្អែកលើ សែស្រឡាយ ឬផ្អែកលើកត្តាអ្វីមួយផ្សេងនោះទេ»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា «ការសិក្សារបស់គាត់ (ឡុង ឌីម៉ង់) គឺបញ្ចប់ផ្នែកអនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ ហើយនៅពេលដែលគាត់ធ្វើការងារនៅសាលាក្រុង គាត់ក៏ជាអ្នកនាំពាក្យរបស់សាលាក្រុង គាត់ក៏មានបទពិសោធន៍ផ្នែកទំនាក់ទំនងជាមួយ ភ្ញៀវបរទេស គណៈប្រតិភូអង្គទូតនានា ជាពិសេសនោះ គឺមូលដ្ឋានការសិក្សារបស់គាត់ ដែលអនុបណ្ឌិតមកពីប្រទេសបារាំង ផ្នែកទំនាក់ទំនងអន្តរជាតិ»។
លោក ឡុង ឌីម៉ង់ ដែលបច្ចុប្បន្នជា អ្នកនាំពាក្យតែមួយគត់នៃសាលារាជធានីភ្នំពេញ បានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅកម្ពុជា ក្នុងឆ្នាំ១៩៩៧ ហើយលោកបានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ចប៉ារីស ដូហ្វីន ប្រទេសបារាំង ក្នុងឆ្នាំ២០០១ ដោយជ្រើសរើសជំនាញ វិទ្យាសាស្រ្តសេដ្ឋកិច្ច។ បន្ទាប់ពីនោះបាន៣ឆ្នាំ លោកក៏បានសិក្សា និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ជំនាញទំនាក់ទំនងអន្តរជាតិ នៅសាលាដដែលនេះ។
ក្រោយពីត្រឡប់មកកម្ពុជាវិញ លោក ឡុង ឌីម៉ង់ បានទទួលការងារជាជំនួយការអភិបាលរាជធានីភ្នំពេញ នៅឆ្នាំ២០០៥ ក្រោយមក ក្លាយជានាយករងខុទ្ទកាល័យសាលារាជធានីភ្នំពេញ បន្ទាប់មកទៀត ក្លាយជានាយករងទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ ក្លាយជានាយកទីចាត់ការ ក្លាយជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងបានក្លាយជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ២០១២ រហូតមក។
កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើថ្វាយព្រះមហាក្សត្រ ដើម្បីតែងតាំងលោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជំនួសលោក ស៊ុត ឌីណា។
ថ្លែងប្រាប់ Fresh News តាមរយៈសារអេឡិចត្រូនិចមួយ លោក ឡុង ឌីម៉ង់ បានសម្តែងក្តីរំភើបពន់ពេក ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត ឱ្យបំពេញការងារនេះ។ លោកថា «អូយរំភើបណាស់បង។ សូមផ្តាំទៅបងប្អូនវិញផងថា ខ្ញុំមានកិត្តិយសនិងវាសនា បានធ្វើការជាមួយបងប្អូនកន្លងមក ហើយយើងនឹងវិលមកធ្វើការជាមួយគ្នាវិញ ក្នុងថ្ងៃអនាគតដ៏ឆាប់ខាងមុខ តែមួយអាណត្តិទេ»៕