(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារអបអរសាទរជូនលោក Nguyen Xuan Phuc ដែលត្រូវបានសភាវៀតណាម បោះឆ្នោតតែងតាំងជានាយករដ្ឋមន្រ្តីនៅថ្ងៃម្សិលមិញ។ សម្តេចតេជោ បានប្រកាសថា រង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Nguyen Xuan Phuc ដើម្បីនាំមកនូវផលប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងលិខិតអបអរសាទផ្ញើទៅកាន់ Nguyen Xuan Phuc ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងត្រូវបានលើកកម្ពស់ និង ពង្រឹងពង្រីកឲ្យកាន់តែស៊ីជម្រៅក្រោមការដឹកនាំ របស់លោក Nguyen Xuan Phuc។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ស្របតាមស្មារតី នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ នឹងត្រូវបានលើកកម្ពស់ និងពង្រឹងពង្រីកថែមទៀត ឲ្យកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីកសាងសហគមន៍អាស៊ានមួយ ដ៏រឹងមាំ និងសមស្រប»។
សូមបញ្ជាក់ថា លោក Nguyen Xuan Phuc ត្រូវបានសភារបស់វៀតណាម បោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្តពីលោកង្វៀន តាន់យុង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ៕