(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានបក្សប្រឆាំងនៅកម្ពុជា បានផ្ញើសារអបអរសាទរជូនលោក Nguyen Xuan Phuc ដែលត្រូវបាន សភាវៀតណាម បោះឆ្នោតតែងតាំងជានាយករដ្ឋមន្រ្តីនៅថ្ងៃម្សិលមិញនេះ។ លោក សម រង្ស៊ី បានបង្ហាញការជឿជាក់ថា ការឡើង កាន់តំណែងរបស់លោក Nguyen Xuan Phuc នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា-វៀតណាម កាន់តែល្អប្រសើរថែមទៀត។
លោក សម រង្ស៊ី បានសរសេរនៅលើ Facebook របស់លោកថា «ខ្ញុំសូមអបអរសាទរយ៉ាងស្មោះ ចំពោះការឡើងកាន់តំណែងរបស់ លោក Nguyen Xuan Phuc ជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសវៀតណាមថ្ងៃនេះ (៧ មេសា)។ ខ្ញុំសូមជូនពរឲ្យលោក Nguyen Xuan Phuc បំពេញការងាររបស់លោកប្រកបដោយជោគជ័យ។ ខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសវៀត ណាម នឹង មានភាពកាន់តែល្អប្រសើរថែមទៀត នៅពេលអនាគត ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ហើយសហការជាមួយគ្នា ដើម្បីភាពរុងរឿង នៃប្រទេសយើងទាំងពីរ»។
លោក សម រង្ស៊ី បន្តថា «ខ្ញុំក៏សូមកោតសរសើរ យ៉ាងស្មោះដែរ ចំពោះថ្នាក់ដឹកនាំ ជាសមូហភាព របស់ប្រទេសវៀតណាម ក្នុងការ ចាត់វិធានការយ៉ាងពិតប្រាកដ និងម៉ឺងម៉ាត់ ដើម្បីប្រឆាំងអំពើពុករលួយ និងក្នុងការរៀបចំឲ្យមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីយ៉ាង យូរ ១០ឆ្នាំម្តងយ៉ាងទៀងទាត់ ដើម្បីឲ្យមានឈាមថ្មី គំនិតថ្មី និង ទេពកោសល្យថ្មី ដែលជាបច្ច័យចាំបាច់ធ្វើឲ្យការដឹកនាំប្រទេស មានលក្ខណៈល្អប្រសើរ»។
សូមបញ្ជាក់ថា លោក Nguyen Xuan Phuc ត្រូវបានសភារបស់វៀតណាម បោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្តពីលោកង្វៀន តាន់យុង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ។
ការផ្ញើសារអបអរសាទររបស់ប្រធានបក្សប្រឆាំងនៅកម្ពុជា ជូនលោក Nguyen Xuan Phuc បានធ្វើឲ្យការចាប់អារម្មណ៍ និងភ្ញាក់ ផ្អើលខ្លាំងពីសាធារណជន ជាពិសេសអ្នកគាំទ្របក្សប្រឆាំង។ ភ្ញាក់ផ្អើលដោយសារតែការផ្ញើសាររបស់មេបក្សប្រឆាំងនៅពេលនេះ បានផ្ទុយពីឆន្ទៈរបស់លោកនាពេលកន្លងទៅ ដែលតែងតែធ្វើរិះគន់ជាប់ជានិច្ចទៅលើទំនាក់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា ជាមួយប្រទេសវៀតណាម៕