(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃបានចេញលិខិតមួយ ជូនអភិបាលរាជធានី-ខេត្ត ដោយបញ្ជាឲ្យសមត្ថកិច្ច នគរបាលពាក់ព័ន្ធ តាមចាប់ខ្លួនជនអនាមិគដែលបានប្រើ រូបភាពប្រើឈ្មោះថ្នាក់ដឹកនាំ ភ្ជាប់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ទៅគំរាមអភិបាលស្រុកមួយចំនួន នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ជាថ្នូរឲ្យបង់លុយ ដោយប្រាប់ថា អង្គភាពប្រឆាំងអំពើពុករលួយកំពុងស្វែងរកចាប់ខ្លួន រឿងប្រព្រឹត្តអំពើពុករលួយ ហើយពួកគេជួយរត់ការមិនឲ្យដកហូតដំណែង។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយលោ សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃម្សិលមិញ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២ ខែមេសា នេះ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមីនា កន្លងទៅ មានជនអនាមិកបានទូរស័ព្ទគំរាមទាប្រាក់ពីអភិបាលស្រុកជលគិរី ខេត្តកំងពង់ឆ្នាំង និងនៅថ្ងៃទី១២ ខែមីនា មានជនអនាមិកបានទូរស័ព្ទគំរាមទាប្រាក់ពីអភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយគំរាមទាប្រាក់ឲ្យផ្ញើតាមWing ដោយចោទប្រកាន់ថា អភិបាលស្រុកទាំងនេះ បានប្រព្រឹត្តអំពើពុករលួយ ហើយពួកគេនឹងជួយមិនឲ្យមាន ការដកហូតដំណែងនោះឡើយ។
ប៉ុន្តែយ៉ាងណាក៏ដោយ អភិបាលស្រុកទាំងនេះ មិនបានចាញ់បោកផ្ញើលុយទៅឲ្យពួកគេនោះឡើយ។ សូមអានលិខិតរបស់ក្រសួងមហាផ្ទៃ ដែលផ្ញើជូនអភិបាលរាជធានី-ខេត្ត ខាងក្រោមនេះ៖