(ភ្នំពេញ)៖ នេះគឺជាសំនួរបង្កប់ដោយការឈឺចាប់បំផុតរបស់ឪពុករបស់ក្មេងប្រុសម្នាក់ ដែលជាមន្ត្រីរបស់រាជរដ្ឋាភិបាលមួយរូប រងនូវភាពអយុត្តិធម៌ បន្ទាប់ពីការបែកធ្លាយនូវសាលក្រម (ឪពុកក្មេងប្រុសទើបបានឃើញសាលក្រមដោយចៃដន្យ) របស់តុលាការសាលាដំបូងរាជធានី ភ្នំពេញ ដែលមានចៅក្រម វ៉េង ហ៊ត់ បានធ្វើការទាញហេតុផលដោយផ្ទាល់មាត់ និងប្រកាសសាលក្រមលើបណ្តឹងសុំកែតម្រូវ «ត្រកូល និងឈ្មោះ» របស់ក្មេងប្រុសម្នាក់ ដែលទើបមាន អាយុ៥ឆ្នាំ ដោយគ្មានការកោះហៅលោក មករា ដែលជាឪពុកបង្កើត មកសាកសួរសូម្បីតែមួយម៉ាត់។
លោក មករា លើកឡើងដោយអស់ក្តីជំនឿលើចៅក្រម វ៉េង ហ៊ត់ យ៉ាងដូច្នេះថា៖ «បើគ្មានការបែកធ្លាយ សាលក្រមដោយចៃដន្យមកដល់ដៃរូបខ្ញុំទេ នោះ រហូតដល់ថ្ងៃខ្ញុំស្លាប់ គឺខ្ញុំជាឪពុកពិតជាមិន បានដឹងថា កូនប្រុសតែម្នាក់គត់ និងជាទីស្រលាញ់បំផុតរបស់ខ្ញុំ ត្រូវបានគេផ្លាស់ ប្តូរឈ្មោះ និងត្រកូលទេ»!
លោក មករា ដែលជាឪពុកមានព្រហ្មវិហារធម៌ ស្រលាញ់កូនស្មើនឹងជីវិត បានសម្តែងការឈឺចាប់ ហើយខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីការ សម្រេចចេញសាលក្រមលេខ ១៨៩ “ទ” ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលចៅក្រម វ៉េង ហ៊ត់ ដែលមិនបាន កោះហៅរូបលោក មករា ជាឪពុកមកសាកសួរ ហើយពេលប្រកាសសាលក្រមក៏មិនឲ្យលោកដឹង។ លោក មករា បានរិះគន់ធ្ងន់ៗ និងខ្លាំងៗទៅលើ ចៅក្រម វ៉េង ហ៊ត់ ដែលជាអាជ្ញាកណ្តាល ហើយក៏ជាឪពុក ជាជីតា នៃក្រុមគ្រួសារមួយដែរ «ហេតុអ្វីលោកចៅក្រម មិនគិតពីភាពអយុត្តិធម៌ និងវិបត្តិសារីរបស់ខ្ញុំ និងឪពុកម្តាយរបស់ខ្ញុំ ដែលជាយាយនិងតារបស់ក្មេងផង គួរណាស់លោកចៅក្រមកោះហៅខ្ញុំទៅ សួរមួយម៉ាត់ ក៏ខ្ញុំអស់ចិត្តដែរ ហើយលោកក៏ជាចៅក្រមជំរុំជំរះរឿងក្តីលែងលះរបស់ខ្ញុំ តើលោកមានបំណងចង់ចូលរួមដូរត្រកូល ផ្តាច់ពូជវង្សត្រកូលខ្ញុំឬយ៉ាងណា?»។
លោក មករា បានបញ្ជាក់បន្ថែមថា៖ ចៅក្រម វ៉េង ហ៊ត់ បានសម្រេចចេញសាលក្រម ដែលហាក់មានការប្រញាប់ប្រញាល់ ហើយទំនងជាមាន អំពើពុករលួយផងនោះ ដោយបានធ្វើការទាញហេតុផលផ្ទាល់មាត់ ដោយជឿទៅលើអង្គហេតុប្រឌិត អរូបិយផ្តេសផ្តាសរបស់ភាគីអ្នកស្នើសុំ (អតីតភរិយា លោកមករា ដែលបានលះលែងគ្នាតាមផ្លូវច្បាប់ជិត១ឆ្នាំមកហើយ) ដែលថា ការផ្លាស់ប្តូរ ត្រកូល និងឈ្មោះ កូនប្រុសបង្កើតរបស់លោក គឺធ្វើឲ្យក្មេងមានសុខភាពល្អ អនាគតល្អ និងជាឈោ្មះល្អប្រសើរ ។ (Sic)
តាមការឲ្យដឹងក្រៅផ្លូវការពីសំណាក់ចៅក្រមផ្សេងៗ ក៏ដូចជាមេធាវីជាច្រើនរូប ដែលអង្គភាព Fresh News សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជាគោលការណ៍ការផ្លាស់ប្តូរត្រកូល និងឈ្មោះអាចមិនធ្វើទៅបានទេ លើកលែងតែមានមូលហេតុបីយ៉ាងគឺ៖
ទី១៖ ឈ្មោះដែលអាចគ្រលាស់មក គឺមានភាពអាក្រក់ស្តាប់និងមិនពិរោះ។
ទី២៖ ឈ្មោះដែលដូចគ្នា ឬស្រដៀងគ្នាទៅនឹងបុគ្គលដែលមានកេរ្តិ៍ឈ្មោះ និងកិត្តិយសល្អនៅក្នុងសង្គម ឧទាហរណ៍ដូចជា៖ មហាក្សត្រ ឬប្រធានាធិបតី។
ទី៣៖ ការផ្លាស់ប្តូរត្រកូល និងឈ្មោះ គឺផែ្អកទៅលើការព្រមព្រៀង និងការឯកភាពរបស់ភាគីដែលពាក់ព័ន្ធ។
លោក មករា បានបន្តថ្លែងប្រាប់អង្គភាព Fresh News ថា រូបលោកបានដាក់ពាក្យ បណ្តឹងប្តឹងប្រឆាំងនឹងសាលក្រមរបស់ សាលាដំបូង រាជធានីភ្នំពេញ សំណុំរឿងរដ្ឋប្បវេណី លេខ២១០ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ និងបន្តប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុក រលួយ ដែលមានលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាប្រធាន និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីជួយស៊ើបអង្កេតករណីខាងលើនេះបន្ថែមទៀត។
ដោយឡែកពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺណា មួយជុំវិញបង្ហាញនេះ ពីសំណាក់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក វ៉េង ហ៊ត់ បាននៅឡើយទេ នៅព្រឹកថ្ងៃនេះ៕
ខាងក្រោមនេះជាសាលក្រមរបស់ចៅក្រម វ៉េង ហ៊ត់៖