(ភ្នំពេញ)៖ អតីតគណៈនាយក និងជាអតីតសមាជិកសភាគណបក្សសមរង្ស៊ី លោក ង៉ោ សុវណ្ណ បានបង្ហាញការតូចចិត្តនៅពេលមានអ្នកគាំទ្រ ក៏ដូចមេដឹកនាំគណបក្សសង្រ្គោះជាតិ តែងបានចោទប្រកាន់ និងជេរតិះដៀលអ្នកដើរចេញពីបក្សប្រឆាំងថា ជាជនក្បត់ជាតិ ឬលក់ក្បាលជាដើមនោះ ខណៈមេដឹកនាំបក្សប្រឆាំងមួយនេះ សុទ្ធតែបានលើកកញ្ជើពីបក្សមួយទៅបក្សមួយរាប់មិនអស់។ លោក ង៉ោ សុវណ្ណ បានលើកជាសំណួរថា តើរាល់អ្នកដើរចេញពីបក្សប្រឆាំងសង្រ្គោះជាតិ សុទ្ធតែជាអ្នកក្បត់ជាតិ ហើយទាល់តែអ្នករួមរស់ ជាមួយគណបក្សប្រឆាំង ទើបស្នេហាជាតិឬ?
ការលើកឡើងរបស់លោក ង៉ោ សុវណ្ណ បន្ទាប់ពីអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ក៏ដូចជាមេដឹកនាំជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ តែងតែតិះដៀលអ្នកដើរចេញពីគណបក្សសង្រ្គោះជាតិថា ជាអ្នកក្បត់ជាតិ និង លក់ឧត្តមគតិ ព្រោះតែលុយ និងបុណ្យសក្តិជាដើមនោះ។
លោក ង៉ោ សុវណ្ណ ដែលបានដើរចេញពីគណបក្សសមរង្ស៊ី មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីអំឡុងឆ្នាំ២០០៨ បានលើកឡើងថា បើការដើរចេញពីគណបក្សមួយទៅគណបក្សមួយទៀត សុទ្ធតែជាទង្វើលក់ក្បាល លក់ឧត្តមគតិមែននោះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិស្ទើរទាំងអស់ ក៏ជាអ្នកបានរើកញ្ចើពីគណបក្សមួយ ទៅគណបក្សមួយទៀតផងដែរ មានដូចជា៖ លោក សម រង្ស៊ី ក្បត់ហ៊្វុនស៊ិនប៉ិច លោក កឹម សុខា រើកញ្ចើ ៤គណបក្ស លោក ប៉ែន សុវណ្ណ លោក សឺនស៊ូប៊ែរ លោក ប៉ុល ហំម លោក សាម ស៊ុនឌឿន លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក សុន ឆ័យ និង លោក គៀត សុគន្ធ...។ល។
លោក ង៉ោ សុវណ្ណ ដែលបច្ចុប្បន្នមានតួនាទីជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចោទជាសំណួរថា តើពួកគាត់ទាំងអស់នេះ ជា អ្នកលក់ក្បាល លក់ឧត្តមគតិ...ដែរឬទេ?
លោក ង៉ោ សុវណ្ណ បានរំលឹកផងដែរថា នៅពេលលោកនៅជាសមាជិកសកម្មរបស់គណបក្ស សម រង្ស៊ី លោកត្រូវបានបក្សប្រឆាំងចាត់ទុកជាខ្មែរ តែពេលដើរចេញលោកត្រូវគេលាបពណ៌ថា ជាយួន។ លោកលើកដូច្នេះថា «កាល ង៉ោ សុវណ្ណ នៅជាតំណាងរាស្ត្រ ប្រធានយុវជន ប្រធានបក្សខេត្ត របស់បក្សគេ ង៉ោ សុវណ្ណ ជាខ្មែរ។ តែពេល ង៉ោ សុវណ្ណ ដើរចេញពីបក្សរបស់គេ ង៉ោ សុវណ្ណ ទៅជា ង៉ោ វ៉ាន់តើយ ជាយួនប៉ាដោយហ្មង»។
លោក ង៉ោ សុវណ្ណ បានបន្ថែមថា «សម រង្ស៊ី បានផ្តល់តំណែងសំខាន់ៗដូចជា សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស គណៈកម្មាធិការ នាយកគណបក្ស ប្រធានគណបក្សខេត្ត បេក្ខជនតំណាងរាស្ត្រលេខជាប់ឆ្នោតជាដើម ឲ្យអ្នកដែលដើរចេញពីគណបក្សផ្សេងៗ មក ចូលរួមក្នុងគណបក្សសមរង្ស៊ី ខណៈដែលសមាជិកគណបក្សចាស់ៗជាយូរមកហើយ មិនអាចទទួលបានតំណែងទាំងនេះ? តើនេះ យ៉ាងម៉េចដែរ? ទិញលក់ដែរទេ? ហេតុអ្វីបានអ្នកចេញពីគណបក្សខ្លួន សុទ្ធតែជាអ្នកលក់ឧត្តមគតិ លក់ខ្លួន...? បែរជាអ្នកចាកចេញ ពីគណបក្សផ្សេងៗ មកចូលរួមជាមួយគណបក្សខ្លួនឯងវិញ សុទ្ធតែជាអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ អ្នកថ្លៃថ្នូរ?»។
លោក ង៉ោ សុវណ្ណ បានលើកឡើងថា មានអតីតសមមិត្តរបស់គណបក្សប្រជាជនកម្ពុជា មានដូចជា លោក ប៉ែន សុវណ្ណ លោក គង់ គាំ លោក សាម ស៊ុនឌឿន និង លោក ភី ថាច... បានចាកចេញពីគណបក្សទៅចូលរួមជាមួយគណបក្សប្រឆាំងអស់២-៣គណបក្ស យ៉ាងតិចក្នុងម្នាក់ៗ តែមិនដែលមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទៅជេរតិះដៀលនោះ។
ត្រង់ចំណុចនេះ លោក ង៉ោ សុវណ្ណ បានចាត់ទុកថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា បានប្រកាន់ខ្ជាប់នូវសីលធម៌ខ្ពស់ ពោរពេញ ដោយទស្សនៈប្រជាធិបតេយ្យ មិនដូចមេដឹកនាំគណបក្សប្រឆាំង ដែលតែងតែជេរតិះដៀល ប្រឌិតរឿងចោទប្រកាន់ថា ជាយួនបង្កប់ និងលក់ក្បាលជាដើមទៅលើអ្នកមានទស្សននយោបាយផ្ទុយ ឬ ឆ្អែតចិត្តជាមនោគមន៍វិជ្ជានយោបាយបោកប្រាស់ ហើយដើរចេញពី បក្សប្រឆាំងនោះ។
លោក ង៉ោ សុវណ្ណ បានលើជាសំណួរថា តើការមិនធ្វើអីសោះ គ្រាន់តែទៅចូលរួមជាមួយគណបក្ស ដែលពូកែដើរជេរគេឯង នឹងក្លាយ ទៅជាស្នេហាជាតិ ជាអ្នកប្រជាធិបតេយ្យ ជាអ្នកថ្លៃថ្នូរឬ?