(ភ្នំពេញ)៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា អ្នកកាសែតដែលកំពុងបំពេញការងារលើវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា មិនអាចជាប់ពន្ធធនាគារ ដោយគ្រាន់តែការសរសេរ ឬធ្វើការបញ្ចេញមតិតាមរយៈសារព័ត៌មាននោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP។
AKP បានឲ្យដឹងថា ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើងក្នុងឱកាសដែលរូបលោក អនុញ្ញាតឲ្យសមាគមអ្នកកាសែតថៃ ចូលជួបសំណេះសំណាលការងារលើវិស័យព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មានបានផ្ដល់អាជ្ញាប័ណ្ណដល់សារព័ត៌មានគ្រប់ប្រភេទសម្រាប់ធ្វើការផ្សព្វផ្សាយព័ត៌មាន ហើយរាជរដ្ឋាភិបាលមិនដែលបិទសារព័ត៌មាន ឬគេហទំព័រណាមួយ ដែលបង្ហាញអំពីការផ្ដល់សិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិតាមរយៈសារព័ត៌មាននៅកម្ពុជានោះទេ។
លោករដ្ឋមន្រ្តីបន្តថា ក្រសួងព័ត៌មាន បានដើរតួនាទីជាអ្នកសម្រួលដល់អ្នកសារព័ត៌មានទាំងជាតិ និងអន្ដរជាតិដោយមិនមានការត្រួតពិនិត្យ មុននឹងការចេញផ្សាយហើយផ្ដល់ភាពងាយស្រួលគ្រប់បែបយ៉ាងដល់អ្នកដែលចង់ឈរឈ្មោះបើកកាសែត បើទោះបីជាជនជាតិខ្មែរក្ដី ឬជនជាតិបរទេសក្ដី។ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «អ្នកកាសែតដែលគ្រាន់តែបញ្ចេញមតិ មិនអាចជាប់ពន្ធធនាគារ ឬមានទោសទណ្ឌនោះទេ»។
លោក ខៀវ កាញារីទ្ធ ក៏បានប្រាប់ទៅសមាគមអ្នកកាសែតថៃផងដែរថា នៅពេលកម្ពុជា និងថៃមានបញ្ហាជម្លោះព្រំដែន កើតឡើងរវាងប្រទេសទាំងពីរ សមាគមអ្នកកាសែតថៃ និងក្លឹបអ្នកកាសែតកម្ពុជា បានសហការក្នុងការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាកុំឱ្យមានបញ្ហាកើតឡើងដល់ប្រជាជន និងប្រជាជន ឬអាជីវកររកស៊ីនៃប្រទេសទាំងពីរ ដោយជួយឱ្យមានដំណើរអាជីវកម្ម នៃភាគីទាំងពីរជាធម្មតា និងមិនបានធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ និងការរស់នៅអ្វីនោះទេ៕