(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានបង្គាប់ឱ្យសិល្បករ សិល្បការិនី នានា ប្រើប្រាស់សម្លៀកបំពាក់ ឱ្យបានសមស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ហើយត្រូវមានឥរិយាបទប្រកបដោយ សីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមរតកដ៏ល្អផូរផង់នៃដូនតា។
ការចេញសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីមានអ្នកសិល្បៈមួយចំនួន ក្នុងនោះភាគច្រើនជា សិល្បការិនី បានបង្ហាញភាពស៊ិចស៊ី ក្នុងសម្លៀកបំពាក់ទំនើបដែលទិញមកពីបរទេស នៅតាមបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយនានា។
ក្រសួងវប្បធម៌ បានលើកឡើងថា ប្រជាជាតិកម្ពុជាជាប្រជាជាតិមួយ ដែលតែងប្រកាន់ខ្ជាប់នូវឥរិយាបទ និងការរស់នៅប្រកបដោយវប្បធម៌ទំនៀបទម្លាប់ និងប្រពៃណីដ៏ល្អថ្លៃថ្លា។ ហេតុនេះហើយទើបវប្បធម៌ និងប្រពៃណីកម្ពុជា តែងទទួលបាននូវការគោរព និងផ្តល់តម្លៃយ៉ាងខ្ពស់ពីបណ្តាប្រទេសនានា លើសកលលោក។
ក្រសួងបានបន្ថែមថា «ក៏ប៉ុន្តែនៅក្នុងតំណាក់កាល សកលភាវូបនីយកម្ម ជាពិសេសយុគសម័យ នៃបច្ចេកវិទ្យាព័ត៌មានទំនើបនេះ យើងពិនិត្យសង្កេតឃើញនៅលើ បណ្តាញប្រព័ន្ធផ្សព្វផ្សាយ និងលើទំព័រនៃបណ្តាញសង្គម Facebook តែងមានសិល្បករ សិល្បការិនីមួយចំនួន បាននិងកំពុងចាប់យកវប្បធម៌បរទេស មកធ្វើជាវប្បធម៌របស់ខ្លួន តាមរយៈការប្រើប្រាស់សម្លៀកបំពាក់ និងឥរិយាបទស្រើបស្រាលនានា ដែលមានលក្ខណៈប្រាសចាកពីវប្បធម៌ សីលធម៌ និងទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិក្នុងគោលដៅអូសទាញ នូវសមានចិត្តគាំទ្រពីទស្សនិកជន ដើម្បីភាពល្បីល្បាញរបស់ខ្លួន»។
ក្រៅពីណែនាំឱ្យសិល្បករ សិល្បការិនី ឱ្យប្រើប្រាស់សម្លៀកបំពាក់ឱ្យបានសមរម្យ ក្រសួងនេះក៏អំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ចូលរួមទប់ស្កាត់ និងបញ្ឈប់រាល់ការចាក់ផ្សាយទាំងឡាយណាដែលមានសកម្មភាព ឥរិយាបទ និងការស្លៀកពាក់បម្រើដល់ការសម្តែង ដែលមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីផូរផង់របស់ជាតិ៕