(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមីនានេះ បានសរសេរសារមួយបង្ហោះតាម Facebook ដោយសម្តេចតេជោ បានពន្យល់ជាថ្មីពីការប្រើប្រាស់ Facebook របស់សម្តេចដើម្បីដោះស្រាយសំណូមពរ និងបញ្ហាជូនប្រជាពលរដ្ឋ ហើយសម្តេចក៏ផ្ញើសារ ទៅកាន់រៀមច្បងអធិរាជ Facebook ដែលគេដឹងថា សំដៅទៅកាន់ លោក សម រង្ស៊ី ដោយប្រាប់ថា បើល្ងង់មិនចេះលេង Facebook មកសួរសម្តេចក៏បាន។
សម្តេចបានសង្កាត់ធ្ងន់ថា ការប្រើប្រាស់ Facebook របស់សម្តេចមិនមែនដើម្បីប្រកួតប្រជែងយកប្រជាប្រិយភាព ជាមួយអ្នកណាឡើយ ហើយសម្តេចក៏គ្មានឥទ្ធិពលយកសារ៉ុង ឬប៊ីចេងទៅដូរ ឬទៅទិញ Like ពីឥណ្ឌាបានដែរ។ សម្តេចបញ្ជាក់ទៀតថា ក្រុមហ៊ុន Facebook មានក្រិតក្រម (Policy) ច្បាស់លាស់ណាស់ ហើយវារិតតែខុសទៅទៀត នៅពេលដែលចោទសម្តេចថា បានបញ្ជាឲ្យបង្កើត Account មិនពិត (Fake Accounts) មក Likes ដែលនេះគឺគួរឲ្យអស់សំណើច។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖
ជនរួមជាតិជាទីស្រឡាញ់ ! ចាប់តាំងពីខ្ញុំបានប្រើប្រាស់ Facebook គឺខ្ញុំតែងតែទទួលបាននូវព័ត៌មាន ក៏ដូចជាសំណូមពរផ្សេងៗ ពីបងប្អូនជនរួមជាតិមកពីគ្រប់ខេត្ត ក្រុងទូទាំងប្រទេស។ ទោះបីរវល់ក្នុងកិច្ចការរាជរដ្ឋាភិបាលយ៉ាងណាក្តី ក៏ខ្ញុំតែងឆ្លៀតពេលអានសារ សំណូមពរ និងដោះស្រាយបញ្ហាជូនបងប្អូនជនរួមជាតិ ដែលបានទំនាក់ទំនងមកខ្ញុំតាមរយៈ Facebook។ ច្បាស់ណាស់គឺ Facebook កំពុងក្លាយទៅជាផ្នែកមួយដ៏សំខាន់ នៃរដ្ឋាភិបាលអេឡិកត្រូនិក (E-Government) ដែលធ្វើឲ្យខ្ញុំកាន់តែនៅជិតបងប្អូន និងមានឱកាសកាន់តែច្រើន ដើម្បីដោះស្រាយបញ្ហានានា ជូនបងប្អូនបានឆាប់រហ័សទៀតផង។
ទន្ទឹមនឹងនេះ សូមរៀមច្បងអធិរាជ Facebook មេត្តាយោគយល់ផង ព្រោះថា Facebook របស់ខ្ញុំ គឺមិនមែនដើម្បីប្រកួតប្រជែង យកប្រជាប្រិយភាពជាមួយអ្នកណាឡើយ ហើយខ្ញុំក៏គ្មានឥទ្ឋិពលយកសារ៉ុង ឬប៊ីចេងទៅដូរ ឬទៅទិញ Likes ពីឥណ្ឌាបានដែរ។ ក្រុមហ៊ុនហ្វេសប៊ុក គឺគេមានក្រិតក្រម (Policy) ច្បាស់លាស់ណាស់ ហើយវារិតតែខុសទៅទៀត នៅពេលដែលចោទខ្ញុំថា បានបញ្ជាឲ្យបង្កើត Account មិនពិត (Fake Accounts) មក Likes ទំព័រខ្ញុំ នេះគឺគួរឲ្យអស់សំណើច។ បើល្ងង់មិនចេះលេង Facebook មកសួរខ្ញុំក៏បាន។ បើអ្នកចេះប្រើ គឺគេដឹងច្បាស់ណាស់ថា Facebook របស់ខ្ញុំគឺកំពុងពេញនិយមបំផុត សូម្បីតែ Post Likes ខ្ញុំម្តងៗគឺបានរាប់ម៉ឺន។
ថ្មីៗនេះ សូម្បីតែខ្ញុំបង្ហោះរូបភរិយាខ្ញុំ រែកទឹកត្នោតក៏ទទួលបានការគាំទ្រជាង ១០ម៉ឺន Likes ដែរ។ តែបើមិនសុខចិត្តទេ ទៅតវ៉ាជាមួយក្រុមហ៊ុន Facebook ទៅ។ តែចំពោះខ្ញុំគឺសប្បាយចិត្ត និងមានមោទនៈភាព ដែលមានទាំងពលរដ្ឋខ្មែរក្នុងប្រទេស និងបរទេសស្រឡាញ់ចូលចិត្តគាំទ្រ (Likes) ទំព័រ Facebook ខ្ញុំ។ ល្មមហើយ បើចាញ់ហើយ គឺត្រូវទទួលស្គាល់ថា ចាញ់ទៅគឺវាគ្មានអ្វីអន់ទេ!
សូមជូនពរជនរួមជាតិទូទាំងប្រទេស ជួបតែសំណាងល្អគ្រប់គ្នា ហើយសូមអរគុណដែលបាន Likes ទំព័រ Facebook ខ្ញុំ៕