(ភ្នំពេញ)៖ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៦នេះថា លោកមានចិត្តរំភើបជាខ្លាំង បន្ទាប់ពីបានដឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចំណាយពេលវេលាដ៏មានតម្លៃរបស់សម្តេចដើម្បីអានសារ របស់លោក បួញ សុភក្តិ ជាជនពិការដែលតែងតែសរសេររៀងរាល់ពេលតាម Facebook របស់សម្តេចតេជា។
ក្នុងនាមអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ដែលជាអ្នកទទួលបន្ទុកការងារក្នុងវិស័យពិការភាព លោកបានសម្តែងនូវការអបអរសាទរ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ក្តីអាណិតអាសូរ សណ្តោសប្រណីសម្រេចផ្តល់ផ្ទះធ្វើអំពីថ្ម១ខ្នង និងមានដីសម្រាប់ដាំបន្លែបង្ការ នៅភូមិអភិវឌ្ឍន៍តាកែនកោះស្លា ខេត្តកំពត ដើម្បីលោក បួញ សុភក្តិ មានឱកាសបានកសាងជីវភាពរស់នៅ និងដើម្បីអនាគតល្អជាមួយកូន ប្រពន្ឋនៅទីនោះ។
លោកអគ្គលេខាធិការរូបនោះបានបន្តថា ទឹកចិត្តនិងព្រហ្មវិហារធម៌ដ៏ថ្លៃថា្លរបស់សម្តេចទាំងពីរ គឺជាភាពកក់ក្តៅជាទីបំផុត ក្នុងនាមសម្តេចជាឪពុក ម្តាយ របស់ប្រជាជន បើរស់នៅទីកន្លែងណាក្តីមិនថា ទីក្រុងឬទីជនបទ សម្តេចតែងបានផ្តល់ក្តីស្រលាញ់ និងបានខិតខំដោះស្រាយ រាល់ទុក្ខលំបាករបស់ជនពិការ។
លោក ឯម ច័ន្ទមករា បានឲ្យដឹងទៀតថា លោក បួញ សុភក្តិ មានអាយុ៣០ឆ្នាំ ជាជនពិការដៃជើងពីកំណើតមានជីវភាពក្រលំបាកមានស្រុកកំណើត រស់នៅក្នុងភូមិ បឹងព្រះ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ លោក បួញ សុភក្តិ ពិការភាពតែម្នាក់ឯងគត់ ក្នុងចំណោះបងប្អូនចំនួន០៤នាក់ ដែលសុទ្ឋតែមានជីវភាពក្រីក្រដូចៗគ្នា។ លោកមានប្រពន្ធ និងកូនទាំងអស់ចំនួន២នាក់ ស្រី១ ប្រុស១ ដោយកូនច្បងមានអាយុ១៤ឆ្នាំ។ ដោយសារជីវភាពក្រខ្វះខាត លោក បួញ សុភក្តិ បានសម្រេចចិត្តមករស់នៅក្រុងភ្នំពេញ ស្ថិតក្នុងភូមិ ដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយជួលបន្ទប់ស្នាក់នៅក្នុង តំលៃ២៥ដុល្លាក្នុង១ខែ ដែលថ្លៃបង់បន្ទប់ឈ្នួលនេះ បានមកពីការដែលលោក អង្គុយសុំទានគេ នៅតាមផ្លូវសាធារណៈផ្សេងៗ និងប្រពន្ធដើររើសអេតចាយ បានប្រាក់កម្រៃបន្តិបន្តួច ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក ឯម ច័ន្ទមករា ក៏បានបន្ថែមឲ្យដឹងទៀតថា បច្ចុប្បន្ននេះ លោក វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញយ៉ាងសកម្មអំពីការបើកផ្តល់ររបបគោល នយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ដោយបច្ចុប្បន្ននេះខាងក្រសួងសង្គមកិច្ច កំពុងដំណើរការសាកល្បងនៅខេត្តប៉ៃលិន ចាប់តាំងពីខែមករា ឆ្នាំ ២០១៦មក៕