(កំពង់ចាម)៖ រឿងអាស្រូវផ្លូវភេទមួយ បានកើតឡើងដែលស្រី្ត អនុរក្សពន្ធនាគារខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ ម្នាក់ឈ្មោះ ស្រស់ (ឈ្មោះ Fresh News ដាក់ជូន) ត្រូវបានគេទម្លាយឲ្យដឹងថា លួចមានទំនាក់ទំនងជាមួយ មេចោរប្លន់ដ៏ធំគឺឈ្មោះ ផាន់ គឹមយន់ ប្រែឈ្មោះដាក់ថា ហ៊ុល សុធី ហៅអាក្រៃថោង ដែលត្រូវបានកម្លាំង នគរបាលខេត្តកំពង់ចាមចេញ បង្ក្រាបបានជាមួយបក្ខពួកចំនួន៥នាក់ទៀត នៅថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០១៦នេះ។
ប្រភពព័ត៌មានច្បាស់ការដែលផ្តល់ជូនអង្គភាព Fresh News បានទម្លាយថា ស្រ្តីអនុរក្សពន្ធនាគារ ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំរូបនេះ បានផិតប្តីរបស់ខ្លួនហើយលួចមានទំនាក់ទំនងដោយសំងាត់ ជាមួយមេចោរប្លន់រូបនេះ រហូតបានដេកជាមួយគ្នាទៀតផង។រឿងអាស្រូវផ្លូវភេទមួយនេះ បានធ្វើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ពិតជាពិបាកធ្វើការយ៉ាងខ្លាំង ក្នុងការតាមចាប់ និងបង្ក្រាបជនសង្ស័យជាមេក្លោងធំអាក្រៃថោង ពីព្រោះនៅពេលបក្ខពួករបស់មេចោររូបនេះ ត្រូវចាប់ខ្លួន និងត្រូវបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារស្រ្តីអនុរក្សខាងលើបានលួចរាយការណ៍ទៅសហាយស្មន់ ជាមេចោរប្លន់ដើម្បីបន្តរត់គេចខ្លួន។
យោងតាមប្រភពព័ត៌មានដដែលក៏ បានលួចទម្លាយពីប្រវត្តិខ្លះៗ របស់មេចោរប្លន់ អាក្រៃថោង គឺកើតនៅឆ្នាំកំណើត១៩៧៦ មានស្រុកកំណើតនៅភូមិជីរោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុ។ នៅឆ្នាំ២០១០ជននេះបានជាប់ពន្ធនាគារខេត្តកំពង់ចាម លុះដល់ឆ្នាំ២០១៤ រូបគេបានរួចពីពន្ធនាគារ។ ក្រោយចេញពីពន្ធនាគារមានឈ្មោះ ហ៊ុល ភូរិន (ក្មួយប្រសាថ្នាក់ដឹកនាំជាន់ខ្ពស់ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ) បាននាំមកលេងផ្ទះ ហើយសុំម្តាយរបស់ខ្លួនធ្វើជាម្តាយធម៌។
ម្តាយរបស់ឈ្មោះ ហ៊ុល ភូរិន ក៏បានបញ្ចូលឈ្មោះ ហ៊ុល សុធី ហៅអាក្រៃថោងនេះ ចូលសៀវភៅគ្រួសារ រួចក៏ថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានតែម្តងទៅនៅឆ្នាំ២០១៥។ នៅខែកក្កដា ទៅខែសីហា ឆ្នាំ២០១៥ឈ្មោះ ហ៊ុល ភូរិន បាននាំ ហ៊ុល សុធី មកធ្វើបុណ្យសពឪពុកខ្លួន នៅឯស្រុកកញ្ជ្រៀច។ សូមបញ្ជាក់ថា ឈ្មោះ ហ៊ុល ភូរិន មានមុខងារជាអនុប្រធានពន្ធនាគាទន្លេបិទ ហើយឈ្មោះ ហ៊ុល សុធី ហៅក្រៃថោង មិនមែនជាប្រជាពលរដ្ឋនៅស្រុកកញ្ជ្រៀចទេ។
សូមបញ្ជាក់ថា មេចោរប្លន់លំដាប់ទី១អាក្រៃថោង និងបក្ខពួក៥នាក់ផ្សេងទៀត ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបបានជាបន្តបន្ទាប់ ដែលម្នាក់ចាប់ខ្លួននៅស្រុកជើងព្រៃ៤នាក់ចាប់ខ្លួន នៅស្រុកស្ទឹងត្រង់ និងម្នាក់ទៀតត្រូវបានចាប់ខ្លួននៅស្រុកព្រៃឈរ នាថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០១៦នេះ។
មេចោរប្លន់ដែលត្រូវចាប់ខ្លួននៅពេលនេះ ធ្លាប់ប្លន់ជាច្រើនកន្លែងជាមួយបក្ខពួក នៅតាមបណ្តារាជធានី-ខេត្ត ហើយត្រូវបានតុលាការខេត្តកំពង់ចាមកាត់ទោស ដាក់ពន្ធនាគារ ចំនួន២ឆ្នាំ តែជាប់ពន្ធនាគារ បានត្រឹម៦ខែ ក៏ត្រូវព្រះរាជអាជ្ញារងខេត្តកំពង់ចាម លោក ជីវ ចាន់តារា សម្រេចដោះលែងទៅវិញ ដែលនាំឲ្យមានការរិះគន់ពីសមត្ថកិច្ច។ ប៉ុន្តែចំពោះការលើកឡើងខាងលើនេះ ត្រូវបានលោក ជីវ ចាន់តារា បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះថា លោកបានចេញដីឲ្យមានការដោះលែងជននេះចេញពីពន្ធនាគារនោះដោយយោងទៅតាមសាលក្រមស្ថាពរតែប៉ុណ្ណោះ។
យោងតាមសាលក្រមស្ថាពរដែលមានលោក នៅ យ៉ារ័ត្ន ជាប្រធានចៅក្រមជំនុំជម្រះ និងមានតំណាងអយ្យការលោក រៀល សុភិន និងក្រឡាបញ្ជី ហេង សម្ផស្ស ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ បានសម្រេចផ្តន្ទាទោសឈ្មោះ ហ៊ុត ហាន ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោត្រឹម៦ខែគិតពីថ្ងៃចាប់ខ្លួនគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ទោសដែលនៅសល់ត្រូវព្យួរធម្មតា។
មេចោរប្លន់រូបនេះក៏ត្រូវបានគេលួចទម្លាយផងដែរថា ត្រូវជាប្អូនធម៌របស់ប្រធានពន្ធនាគារខេត្តកំពង់ចាម-ត្បូងឃ្មុំ លោក យន់ ពៅ ប៉ុន្តែមន្រ្តីពន្ធនាគារនេះបានចេញមកបដិសេធភ្លាមៗថា មិនជាប់ពាក់ព័ន្ធនោះឡើយ ពោលលោក យន់ ពៅ ទើបមកកាន់ជាប្រធានពន្ធនាគារជិត៤ខែនេះប៉ុណ្ណោះ ក្រោយពេលដែលប្រធានចាស់លោក មួង សំអាត បានទទួលមរណភាព។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានថ្លែងថា ក្រុមចោរប្លន់ ដែលបានធ្វើសកម្មភាពប្លន់ដ៏កក្រើក ក្នុងមួយរយៈពេលចុងក្រោយនេះ គឺមានមុខដដែលៗ ហើយការដោះលែងក្រុមចោរទាំងនោះ ហាក់មានភាពសេរី និង ធូរលុងថែមទៀតផង។
សម្តេចបានបញ្ជាឲ្យលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមេពន្ធនាគារត្រូវពិនិត្យឡើងវិញ ទៅលើការដោះលែងក្រុមចោរ និងក្រុមជួញដូរគ្រឿងញៀន។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការស្រាវជ្រាវរកឃើញយ៉ាងច្បាស់ថា ក្រុមចោរប្លន់មួយរយៈចុងក្រោយនេះ គឺមានមុខដដែល។ សម្តេចបានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «រយៈពេលចុងក្រោយនេះ យើងបានស្រាវជ្រាវពិតប្រាកដណាស់ថា អាមុខចោរដដែល។ រឿងវាងើបឡើងលើកទី៣ហើយ មុខចោរដដែលៗ គឺអាចោរជាប់គុក មិនដែលចេះជាប់គុកបានយូរទេ[...]។ [...] អាអ្នកប្លន់ហ្នឹង គឺថាចេញតែពីគុក ចឹងសូមមើលឡើងវិញ។ ឥឡូវឲ្យតែពួកចោរ និងគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកតាហ្មង ហើយអាហ្នឹងចេញមកបង្ករឿង ពីមុនវាប្លន់ត្រឹមប្លន់ទេ អត់ទាន់ហ៊ានសម្លាប់មនុស្សទេ តែវាចេញលើកក្រោយនេះ វាហ៊ានសម្លាប់មនុស្ស»។ ដើម្បីពិនិត្យឲ្យបានល្អិតល្អន់ចំពោះការដោះលែងទណ្ឌិត នៅពេលមានសំណើឲ្យលើកលែងទោសក្នុងពិធីបុណ្យជាតិធំៗនោះ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យមន្រ្តីពន្ធនាគារធ្វើលិខិត ដោយបញ្ជាក់ និងបែងចែកឲ្យបានច្បាស់លាស់រវាងទណ្ឌិតធម្មតា និងទណ្ឌិត ជាចោរប្លន់ ឬទណ្ឌិតគ្រឿងញៀន។
សម្តេចតេជោថា សម្តេចនឹងចំណាយពេលមើលឲ្យបានល្អិតល្អន់ មុនស្នើឲ្យមានការលើកលែង ទោស។ ដើម្បីបង្រ្កាប និង ទប់ស្កាត់ការសកម្មភាពប្លន់ដ៏ក្រើកក្នុង មួយរយៈពេលចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានការគ្រប់គ្រងអាវុធរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យបានម៉តចត់ ហើយត្រូវបើកប្រតិបត្តិការបង្រ្កាបឲ្យបានទូលំទូលាយ និង ស្នើឲ្យ ឲ្យមានការចូលរួមពីប្រជាពលរដ្ឋទូទៅផងដែរ៕