សាលារាជធានី នឹងរៀបចំលំនៅដ្ឋានលើដីរដ្ឋ ឱ្យមានរបៀបឡើងវិញ ដើម្បីសម្រួលដល់ពលរដ្ឋ
04-03-2016 17:29
(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំលំនៅដ្ឋានដែលបានតាំងនៅជាយូរមកហើយ លើដីឯកជនរបស់រដ្ឋ ស្ថិតក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឱ្យមានរបៀបរៀបរយឡើងវិញ ហើយធ្វើយ៉ាងណាសម្រួលឱ្យប្រជាពលរដ្ឋ អាចរស់នៅលើដីរដ្ឋទាំងនោះ ដោយស្របច្បាប់។
លោក ឡង់ ឌីម៉ង់ បានអះអាងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃនេះថា រសៀលថ្ងៃទី៤ ខែមីនានេះ នៅសាលារាជធានី មានការប្រជុំពិភាក្សា ដើម្បីរៀបចំចាត់តាំងក្រុមការងារ សម្រាប់គ្រប់ខណ្ឌ ធ្វើសលាកប័ត្រព័ត៌មាន ស្រង់យកក្បាលដីនីមួយៗ និងរៀបចំនីតិវិធីក្នុងការផ្តល់កម្មសិទ្ធិ។
ជុំវិញការសម្រេចនេះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានថ្លែងប្រាប់ Fresh News ថា លោក នឹងមន្រ្តីរបស់លោក បានរៀបចំចុះទៅធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដែលមានការតាំងលំនៅនៅតំបន់ណាដែលដាក់ចូល ជាតំបន់វិនិច្ឆ័យដើម្បីឲ្យពួកគាត់បានដឹងច្បាស់ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល។
លោក គួច ចំរើន បានបញ្ជាក់ថា «សម្រាប់ខណ្ឌដូនពេញ គឺមេភូមិ និងខ្ញុំកំពុងរៀបចំចុះទៅ២ តំបន់វិនិច្ឆ័យ គឺគោលដៅទី១ ស្ថិតនៅកូឡាបទី១ សង្កាត់ស្រះចក និងទី២ នៅជុំវិញអង្គភាពប្រឆាំងអំពើពុករលួយ»៕