(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជំរុញឲ្យមន្រ្តីបង្កើនសកម្មភាពផ្តល់រាល់សេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយគោរពតាមពាក្យ ៣មាត់រួមមាន «ធ្វើឲ្យបាន ធ្វើឲ្យលឿន និង តម្លាភាព»។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់សេវាតម្រូវការ ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រមរណភាពជាដើម មិនចាំបាច់ត្រូវការលុយកាក ឬបញ្ជាពីថ្នាក់ជាតិនោះ ឡើយ មន្រ្តីមូលដ្ឋានត្រូវតែដឹងច្បាប់ ហើយដល់ពេលត្រូវតែធ្វើជូនប្រជាពលរដ្ឋ។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ការផ្តល់សេវាតម្រូវ ការនេះ មិនមែនមានតែក្រសួងមហាផ្ទៃនោះទេ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម និងក្រសួងផ្សេងៗទៀត ក៏មានសេវាតម្រូវការនេះផងដែរ។
ពាក់ព័ន្ធការផ្តល់សេវាតម្រូវការនៅក្នុងក្រសួងសាធារណការ គឺផ្តល់ប័ណ្ណបើកបរ ក៏ដូចជាផ្តល់ស្លាកលេខយានយន្តជាដើម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅគ្រប់អភិបាលខេត្តទាំងអស់ ពិនិត្យមើលទៅលើប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធការ ផ្តល់ប័នបើកបរ និងការធ្វើស្លាកលេខយានយន្ត។ សម្តេច បានព្រមានថា បើប្រធានមន្ទីរទាំងនោះធ្វើមិនបានទេ ឲ្យដកមកកាន់ក្រសួងវិញ។
សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការមិនបានធ្វើផ្លូវ ឬ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋាន គឺជារឿងមួយ នាំឲ្យ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ តែការថ្នាំងថ្នាក់ខ្លាំងបំផុតនោះ គឺការផ្តល់សេវាតម្រូវការ ដែលច្បាប់បានកំណត់ថា ប្រជាពលរដ្ឋត្រូវតែ ទទួលបាន តែបែរជាមិនធ្វើឲ្យពួកគាត់ទៅវិញ។
ទោះបីជាយ៉ាង សម្តេចនាយករដ្ឋមន្រ្តី បានជំរុញឲ្យមន្រ្តីទាំងអស់ត្រូវតែប្រមូលផ្តុំគ្នា សម្រេចឲ្យបាននូវការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយគោរពទៅតាមពាក្យ ៣មាត់ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និង តម្លាភាព»។ តម្លាភាពត្រង់នេះ សម្តេចសង្កត់ធ្ងន់ថា មិនត្រូវឲ្យយក លុយលើសពីតម្លៃ ដែលច្បាប់បានកំណត់នោះឡើយ៕