(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានប្រាប់ដល់ថ្នាក់ដឹកនាំ និងសកម្មជននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យ បើកផ្លូវទទួលស្វាគមន៍ដល់ សមាជិកអតីតគណបក្សធំមួយ ដែលកំពុងបែកបាក់ នាពេលថ្មីៗនេះ។
ទោះបីជាមិននិយាយឱ្យចំឈ្មោះនៃអតីតគណបក្សធំនោះក៏ដោយ ប៉ុន្តែលោក កឹម សុខា ទំនងជានិយាយសម្តៅគ្មានអ្វីក្រៅពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលធ្លាប់បានឈ្នះនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ១៩៩៣ ហើយបែកបាក់ជាបន្តបន្ទាប់រហូតដល់ មិនទទួលបានអសនៈអ្វីសោះ ដោយបន្តបែកបាក់ជា២ ថែមទៀតនាពេលនេះ។
លោក កឹម សុខា បានហាក់ជឿថា សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចទាំងនោះ នឹងចាកចេញពីគណបក្សរបស់ខ្លួន ដែលកំពុងបែកជាពីរ ហើយទៅចូលរួមជាមួយគណបក្សផ្សេង ឬគណបក្សសង្រ្គោះជាតិ ដែលមានអសនៈនៅក្នុងសភា។
លោក កឹម សុខា បានលើកឡើងថា «គណបក្សផ្សេងៗ គណបក្សដែលធ្លាប់ធំ ធ្លាប់ឈ្នះធ្លាប់មានកម្លាំងធំ ឥឡូវនេះរលាយខ្សុលទៅហើយនោះ ចុះឥឡូវបងប្អូនយើងគាត់ទៅណា បើគាត់មិនទៅណាគាត់មានតែមកចូលរួមជាមួយអ្នកស្នេហាជាតិ ព្រោះពួកគាត់ជាអ្នកស្នេហាជាតិ គាត់ធ្លាប់ស្រឡាញ់ប្រជាធិបតេយ្យ ហើយបើមេដឹកនាំរលាយអស់ហើយ នាំទៅរករលាយហើយ បើយើងនៅតែរើងអើង យើងអត់ស្វាគមន៍គាត់ទេ យើងអត់អាចសម្រេចជោគជ័យបានទេ សូមឱ្យបងប្អូនបើកចិត្តឱ្យទូលាយ ទទួលស្វាគមន៍គ្រប់គណបក្សនយោបាយទាំងអស់»។
គណបក្សហ៊្វុនស៊ិនប៉ិច បានបែកបាក់ម្តងទៀតបន្ទាប់ពី លោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២ នៃគណបក្សនេះ បានសម្រេចដើរចេញ ទៅបង្កើតគណបក្សថ្មីមួយឈ្មោះ «គណបក្សខ្មែររួបរួមជាតិ» កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦។ ការបែកបាក់នេះធ្វើឡើងបន្ទាប់ពីលោក ញឹក ប៊ុនឆៃ និងសម្តេចក្រុមព្រះ បានរួបរួមគ្នារយៈពេល១ឆ្នាំ៕