(ភ្នំពេញ)៖ តាមរយៈវីដេអូឃ្លីបមួយ ដែលផ្សព្វផ្សាយ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបាននឹងកំពុងភៀសខ្លួន នៅក្រៅប្រទេស បានអំពាវនាវឱ្យខ្មែរទាំងអស់ឈប់ឈ្លោះគ្នា ហើយចាប់ដៃគ្នាអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សព្វថ្ងៃប្រទេសកម្ពុជា មិនមានអ្វីដែលថាឈ្លោះគ្នានោះទេ ។
លោក សម រង្ស៊ី ដែលកំពុងជាប់ទោសរឿងបរិហារកេរ្ត៍ មន្រ្តីជាន់ខ្ពស់នៅកម្ពុជា បានប្រាប់ដល់សកម្មជនរបស់លោក នៅឯស្រុកសំរោងទងថា ការណ៍ដែលខ្មែរឈ្លោះគ្នា គឺធ្វើឱ្យចំណេញបរទេស ហើយខ្មែរអ្នកស្នេហាជាតិ មិនឱ្យខ្មែរឈ្មោះគ្នានោះទេ។ ដូច្នេះលោកបានអំពាវនាវឱ្យខ្មែរទាំងអស់ បញ្ឈប់ការឈ្លោះគ្នា ហើយសហការគ្នាអភិវឌ្ឍប្រទេស។
លោក សម រង្ស៊ី បានលើកឡើងថា «ក្នុងនាមអ្នកស្នេហាជាតិទាំងអស់ ខ្ញុំសូមអំពាវនាវឱ្យខ្មែរឈប់ឈ្មោះគ្នាទៅ ឈប់រករឿងគ្នាឥតឈប់ឈរដូចសព្វថ្ងៃទៀត ចាប់ដៃគ្នាកសាងប្រទេសកម្ពុជាជាមួយគ្នា»។ លោកបានបន្ថែមថា «យើងឃើញច្បាស់ថា នរណាដែលចង់ឱ្យខ្មែរជានាគ្នា គឺជាអ្នកស្រឡាញ់ជាតិ ពីព្រោះយល់ច្បាស់អំពីផលប្រយោជន៍ប្រទេសជាតិ គឺផលប្រយោជន៍ប្រទេសជាតិតម្រូវឱ្យយើងជានានឹងគ្នា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថាការអំពានាវរបស់លោក សម រង្ស៊ី គ្រាន់តែជាការបញ្ចេញមតិលក្ខណៈបុគ្គលប៉ុណ្ណោះ។ លោកថា សព្វថ្ងៃប្រទេសកម្ពុជា មិនមានអ្វីដែលថាឈ្លោះគ្នានោះទេ ហើយថាចំពោះករណីបុគ្គល លោក សម រង្ស៊ី គឺជារឿងតុលាការប៉ុណ្ណោះ ដែលលោកបានប្រព្រឹត្តខុសច្បាប់។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់យ៉ាងដូច្នេះថា «យើងអត់មានឈ្មោះទេ យើងអនុវត្តតែច្បាប់តើ យើងកសាងប្រជាធិបតេយ្យ តាមគោលការណ៍នីតិរដ្ឋ បើសិនជាមានលទ្ធិប្រជាធបិតេយ្យហើយអត់នីតិរដ្ឋ អាហ្នឹងគេហៅថា អនាធិបតេយ្យហើយ»។
សូមជំរាបថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បាននិងកំពុងពាក់ព័ន្ធនឹងសំណុំរឿងចំនួន ៣ នៅក្នុងតុលាការ។ ក្នុងនោះមានករណីបរិហារកេរ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ករណីបរិហារកេរ្តិ៍សម្តេច ហេង សំរិន និងករណីបង្ហោះលិខិតក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមជាមួយលោក ហុង សុខហួរ ដែលប្រឈមនឹងការចាប់ខ្លួន។ លោក សម រង្ស៊ី ធ្លាប់បានអះអាងថា លោកនឹងរកវិធីចូលមកប្រទេសកម្ពុជា ដោយគ្មានទោស នៅមុខការបោះឆ្នោតអាណត្តិក្រោយនេះ។
ទោះជាយ៉ាងនេះក្តី ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាមុនថា សម្តេចនឹងមិនចុះហត្ថលេខា លើលិខិតលើកលែងឱ្យ លោក សម រង្ស៊ី ទៀតនោះទេ ហើយថាបើសិនសម្តេចចុះមែនសម្តេច នឹងកាត់ដៃរបស់ខ្លួនឯងចោល៕