(វ៉ាស៊ីនតោន)៖ សភាទាំង២ របស់សហរដ្ឋអាមេរិក បានសម្រេចលុបចោលអំណាចវេតូរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើកញ្ចប់ថវិកាស្ដីពីវិស័យការពារជាតិ ហើយនេះ គឺជាលើកដំបូងបំផុតដែលរឿងបែបនេះ កើតឡើងនៅក្នុងអាណត្តិជាប្រធានាធិបតីរបស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១។
នៅក្នុងសម័យប្រជុំ នាឱកាសចូលឆ្នាំសកល ដ៏កម្របំផុតមួយ ព្រឹទ្ធសភាអាមេរិកគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានចូលរួមជាមួយសភាតំណាងរាស្ត្ររបស់គណបក្ស ប្រជាធិបតេយ្យ ដោយបោះឆ្នោតលុបចោលអំណាចវេតូរបស់លោក ត្រាំ ដែលប្រឆាំងនឹងកញ្ចប់ថវិកាស្ដីពីវិស័យការពារជាតិ ដែលត្រូវបានសភាទាំង២ អនុម័តកាលពីពេលថ្មីៗ នេះ។ ព្រឹទ្ធសភា បានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៨១ ទល់នឹង១៣ គាំទ្រច្បាប់កញ្ចប់ថវិកាស្ដីពីវិស័យការពារជាតិ (NDAA) ឬស្មើនឹង ២ភាគ៣ ជាសំឡេងភាគច្រើនគ្រប់គ្រាន់ ដើម្បីលុបចោលអំណាចវេតូ របស់ប្រធានាធិបតី ដោយសភាទាំង២ របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ច្បាប់កញ្ចប់ថវិកាស្ដីពីវិស័យការពារជាតិ (NDAA) ៧៤០ពាន់លានដុល្លារ នឹងត្រូវផ្គត់ផ្គង់គោលនយោបាយការពារជាតិសម្រាប់ឆ្នាំ២០២១ ហើយការសម្រេចចិត្ត របស់ព្រឹទ្ធសភាអាមេរិក កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងសភាថ្មីទាំង២ ត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ខណៈលោក ដូណាល់ ត្រាំ នឹងត្រូវផុតអាណត្តិជា ប្រធានាធិបតី នៅថ្ងៃទី២០ ខែមករានេះ ជាថ្ងៃដែលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦៕