(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអះអាងថា បើសិនជាគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតបានដឹកនាំប្រទេស គណបក្សរបស់លោក នឹងបញ្ចុះតម្លៃការធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) នៅក្រោម ៥០ដុល្លារ និងកំណត់ឱ្យធ្វើអត្តសញ្ញាណប័ណ្ណ យ៉ាងយូរត្រឹម១សប្តាហ៍ប៉ុណ្ណោះ។ ប៉ុន្តែពាក់ព័ន្ធនឹងការលើកឡើងនេះ ត្រូវបានមន្រ្តីជំនាញឆ្លើយតបវិញថា តាមបច្ចេកវិទ្យាសព្វថ្ងៃនេះយើងមិនមានលទ្ធភាពអាចធ្វើបានទេ ព្រោះយើងត្រូវការមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យរួមមួយនៅថ្នាក់ជាតិ ដើម្បីផ្ទៀងផ្ទាត់ភាពស្ទួននៃការធ្វើអត្តសញ្ញាណប័ណ្ណ។
លោក កឹម សុខា បានលើកឡើងបែបនេះ នៅក្នុងវេទិកាសាធារណៈ ជួបជាមួយសកម្មជនរបស់លោកនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។
ប្រធានទីស្តីគណបក្សសង្រ្គោះជាតិរូបនេះ បាននិយាយថា «គេធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋខ្លះ៦ខែ ខ្លះ៣ខែ ខ្លះ១ឆ្នាំ មិនទាន់យកមកឱ្យផង បើសង្រ្គោះជាតិដឹកនាំប្រទេស អត្តសញ្ញាណប័ណ្ណអត់ឱ្យប្រជាពលរដ្ឋបង់លុយ និងធ្វើមិនឱ្យហួសពី១សប្តាហ៍នោះទេ»។
សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកតម្លៃសេវា១ម៉ឺនរៀល ទៅលើការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ហើយការធ្វើ អត្តសញ្ញាប័ណ្ណនេះ ត្រូវកំណត់ពេលយ៉ាងយូរ ៣០ថ្ងៃ (ថ្ងៃធ្វើការ) ចាប់តាំងពីថ្ងៃបញ្ជូនពីមូលដ្ឋានទៅក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ឯក ចាន់ គឹមសេង អ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិយាយថា នៅតាមមូលដ្ឋានឃុំ-សង្កាត់ តម្រូវឱ្យប្រមូលទិន្នន័យឱ្យបានយ៉ាងហោចណាស់ ៣០០នាក់ ទើបបញ្ជូនមកក្រសួងមហាផ្ទៃម្តង។
លោកថា «១សប្តាហ៍បើលោក (កឹម សុខា) និយាយធ្វើសម្រាប់តែមនុស្សមួយក្រុមតូច ឬប៉ុន្មាននាក់ គឺអាចធ្វើបាន យើងចង់ធ្វើព្រឹកយកល្ងាចក៏បានដែរ ប៉ុន្តែបើឱ្យធ្វើជូនប្រជាពលរដ្ឋទូទៅតែម្តងមិនអាចធ្វើបានទេ ព្រោះបើតាមបច្ចេកវិទ្យាសព្វថ្ងៃនេះយើងមិនមានលទ្ធភាព អាចធ្វើបានទេ ព្រោះយើងត្រូវការមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យរួមមួយនៅថ្នាក់ជាតិ ដើម្បីផ្ទៀងផ្ទាត់ភាពស្ទួន នៃការធ្វើអត្តសញ្ញាណប័ណ្ណ»។
ដោយឡែកសម្រាប់ការធ្វើប៉ាស្ព័រវិញ លោកបានបញ្ជាក់ថា ការបង្កើតជម្រើសកាន់តែច្រើននេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។ លោកថា បច្ចុប្បន្នការធ្វើប៉ាស្ព័រ មានជម្រើស៣សម្រាប់ប្រជាពលរដ្ឋ ក្នុងនោះមាន៣ថ្ងៃជាង២០០ដុល្លារ ១០ថ្ងៃ១៥០ដុល្លារ និងធម្មតា២០ថ្ងៃ ជាង១០០ដុល្លារ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ជម្រើសទាំងនេះពាក់ព័ន្ធទៅនឹងការផ្តល់សេវារដ្ឋបាល រយៈពេលនៃការផ្តល់លិខិតឆ្លងដែន រយៈពេលធម្មតាសម្រាប់ការស្នើសុំគឺ ២០ថ្ងៃ បើគាត់ចង់បានសេវាលឿន គាត់អាចបង់សេវាបន្ថែម១០០ដុល្លារថែមទៀត ហើយបើសិនជាគាត់ត្រូវការមិនដល់ប៉ុណ្នឹងទេ គឺត្រឹម១០ថ្ងៃ អាហ្នឹងគាត់ត្រូវបង់សេវាបន្ថែមទៀត ៥០ដុល្លារ»។
លោកបានបន្ថែមថា ការកំណត់តម្លៃត្រូវបានធ្វើទៅតាមសេចក្តីប្រកាសរួមរបស់ ក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ៕