(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់កម្ពុជា និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់ និងអះអាងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនាល្ងាចថ្ងៃទី១២ ខែកុម្ភៈនេះថា លិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិកចំនួន៧រូប ដែលផ្ញើមកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈអ៉ីម៉ែលទៅកាន់ក្រសួងការបរទេសកម្ពុជាថ្មីៗនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ចុចផ្ញើត្រឡប់ទៅវិញ ដោយសំអាងថា គ្មានសារៈប្រយោជន៍ក្នុងការបើកមើលនោះទេ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានអះអាងប្រាប់ Fresh News មុននេះបន្តិចដែរថា ស្ថានទូតខ្មែរប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានផ្ញើលិខិតរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ត្រឡប់ទៅវិញដែរ។
សូមជំរាបថា សមាជិកព្រឹទ្ធសភាអាមេរិកចំនួន៧រូប កាលពីម្សិលមិញ បានសរសេរលិខិតមួយទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្តែងនូវការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហើយអំពាវនាវឱ្យរដ្ឋាភិបាលបើកផ្លូវដល់តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិទាំងអស់ អាចដើរតួនាទីរបស់ខ្លួនតាមបែបប្រជាធិបតេយ្យ ដោយមិនទទួលការបំភិតបំភ័យ ឬគម្រាមកំហែង។
ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន បានចាត់ទុកថា លិខិតរបស់ព្រឹទ្ធសភាអាមេរិក ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ មិនបានឆ្លុះបញ្ចាំង អំពីព្រឹទ្ធសភាអាមេរិកទាំងអស់នោះទេ៕