(ភ្នំពេញ)៖ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានព្រមានដល់សកម្មជនរបស់លោកម្តងទៀត មិនឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន នៅសហរដ្ឋអាមេរិក នាពាក់កណ្តាលខែនេះនោះទេ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចាត់ទុកថាការធ្វើបាតុកម្មប្រឆាំងនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសហរដ្ឋអាមេរិកអញ្ជើញទៅជាផ្លូវរដ្ឋលើកនេះ នឹងធ្វើឱ្យខូចការណ៍ដល់ គណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី បានលើកឡើងយ៉ាងដូច្នេះថា «រឿងបាតុកម្មនៅពេលនេះគឺមិនល្អទេ “ខូចការណ៍” គណបក្សសង្រ្គោះជាតិមិនគាំទ្រទេ ហើយបើមាននរណាគេនៅតែធ្វើ ទទូចធ្វើអាហ្នឹងក៏មិនដឹងធ្វើម៉េចដែរ ហើយអ្នកទទូចធ្វើនោះត្រូវចាត់ទុកខ្លួនមិនមែន ជាសមាជិកគណបក្សសង្រ្គោះជាតិទេ ហើយគណបក្សសង្រ្គោះជាតិអត់ទទួលស្គាល់ទង្វើអ្នកទាំងអស់នោះទេ»។
សូមជំរាបថា ក្រសួងការបរទេសបានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នឹងទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នៅមជ្ឈមណ្ឌល Sunny lands រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រយៈពេល២ថ្ងៃ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ តាមការអញ្ជើញរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
កាលពីខែមុនខណៈដែលក្រសួងការបរទេស ប្រកាសពីដំណើរទៅសហរដ្ឋអាមេរិករបស់សម្តេចតេជោ ហ៊ុន សែន នោះ សកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិម្នាក់ បានទម្លាយថា នឹងមានបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្រ្តីខ្មែរ ដោយក្នុងនោះនឹងមានការចូលរួម របស់សកម្មជនគណបក្សសង្រ្គោះជាតិដែរ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានព្រមានថា បើសិនជាមានបាតុកម្មប្រឆាំងនាយករដ្ឋមន្រ្តីខ្មែរ នៅក្រៅប្រទេសមែននោះ លទ្ធភាពនៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំបក្សប្រឆាំង ក៏អាចនឹងកើតមាននៅកម្ពុជាផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ពុំទាន់ជឿជាក់ទាំងស្រុងនូវអ្វីដែលគណបក្សសង្រ្គោះជាតិ ប្រកាសមិនឱ្យសកម្មជនចូលរួមបាតុកម្ម និងការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងនោះទេ។
អ្នកនាំពាក្យរូបនោះបានប្រាប់ Fresh News ថាលុះត្រាតែមិនមានបាតុកម្មនៅពាក់កណ្តាលខែកុម្ភៈនេះ ទើបអាចជឿជាក់ថាគណបក្សសង្រ្គោះជាតិមិនពាក់ព័ន្ធមែន ដោយសារតែកន្លងមក មុនមានបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន ពេលទៅចូលរួមកិច្ចប្រជុំនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំមុន គណបក្សសង្រ្គោះជាតិ ធ្លាប់បានប្រកាសថាមិនពាក់ព័ន្ធនឹងបាតុកម្មនេះ ប៉ុន្តែទីបំផុតក៏មានឯកសារ បែកធ្លាយថា គណបក្សនេះបានឧបត្ថម្ភក្នុងការធ្វើបាតុកម្មនោះទៅវិញ៕
សូមទស្សនាការលើកឡើងរបស់លោក សម រង្ស៊ី៖
លោក សម រង្ស៊ី ព្រមានសកម្មជននៅអាមេរិក មិនឱ្យធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន(ភ្នំពេញ)៖ មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានព្រមានដល់សកម្មជនរបស់លោកម្តងទៀត មិនឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅអំឡុងពេលចូលរួមកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន នៅសហរដ្ឋអាមេរិក នាពាក់កណ្តាលខែនេះនោះទេ។ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចាត់ទុកថាការធ្វើបាតុកម្មប្រឆាំងនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសហរដ្ឋអាមេរិកអញ្ជើញទៅជាផ្លូវរដ្ឋលើកនេះ នឹងធ្វើឱ្យខូចការណ៍ដល់ គណបក្សសង្រ្គោះជាតិ។
Posted by Fresh News on Friday, February 5, 2016