(ភ្នំពេញ)៖ បន្ទាប់ពីមានការធ្វើសន្និសីទសារព័ត៌មាន របស់រាជបណ្ឌិតសភា គណកម្មាការវិទ្យាសាស្ត្ររបស់ លោកបណ្ឌិត សុខ ទូច កាលពីម្សិលមិញ បង្ហាញអំពីលទ្ធផលនៃដំណើរការទូទៅនៃការស្រាវជ្រាវ ព្រំដែនកម្ពុជា -វៀតណាម ប្រមាណ៧ខែកន្លងមក ដោយមានប្រមាណជាង៥០០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពត កណ្តាល ស្វាយរៀង និងត្បូងឃ្មុំ នោះ។ ដោយឡែកនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី និងជារដ្ឋលេខាធិការផងនោះ បានផ្តល់នូវកិច្ចសម្ភាសន៍ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា។
លោក ផៃ ស៊ីផាន លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ថា «ការលើកឡើងរបស់លោកបណ្ឌិត គ្រាន់តែជាលទ្ធផលនៃការស្រាវជ្រាវឃើញ យ៉ាងមេច ប្រាប់នូវអ្វី ជាក់ស្តែងប៉ុណ្ណោះ ហើយតំបន់ ឬចំនុចដែលបានលើកឡើង មិនប្រាកដថាគណកម្មាធិការការងារព្រំដែនកម្ពុជា បានឯកភាព ឬសម្រេចទទួលយកនៅឡើយទេ នេះគ្រាន់តែជាព័ត៌មាន «ចេញ ចូល» តែប៉ុណ្ណោះ សូមកុំឲ្យមានអារម្មណ៍ថាចំណេញ ឬខាតនោះឡើយ»។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍ទាំងស្រុងរវាងអង្គភាព Fresh News និងលោក ផៃ ស៊ីផាន៖
FRESH NEWS៖ អាស្រ័យដោយពេលថ្មីៗនេះ បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់រាជបណ្ឌិតសភា គណកម្មាការវិទ្យាសាស្ត្រចុះទៅ ស្រាវជ្រាវសិក្សាស្វែងយល់ និងប្រមូលទិន្នន័យលើចំនុចយាមកាល នៃបង្គោលព្រំដែនប្រវត្តិសាស្ត្របន្សល់ទុកពីអតីតកាល នៃសម័យកាលអាណាព្យាបាលបារាំងនោះ មតិមហាជនយល់ឃើញខុសប្លែកៗពីគ្នា ពីរបាយការណ៍នេះ តើលោកជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ហើយគណកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា វៀតណាម ក៏ស្ថិតនៅក្រោមអាណាព្យាបាលរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ មានមតិបែបណាដើម្បីចែករំលែក ឬឆ្លើយតបនិងការយល់ខុសៗគ្នា ហើយមើលឃើញគណៈកម្មាការ ស្រាវជ្រាវព្រំដែនរបស់រាជបណ្ឌិតសភាហាក់មានព័ត៌មានអវិជ្ជមានជាមួយគណកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា វៀតណាម?
លោក ផៃ ស៊ីផាន៖ អគុណចំពោះកិច្ចផ្តល់ឱកាសទាន់ពេលវេលា ក្នុងការឆ្លើយតបចំពោះស្ថានភាពបែបនេះ។ ខ្ញុំសូមចូលរួមចំណែក ក្នុងការផ្តល់ព័ត៌មាន ជាជាងប្រតិកម្មច្រានចោល ដែលអាចឲ្យបាត់បង់នូវឱកាសយល់ដឹង និងចូលរួមចំណែកក្នុងកិច្ចកម្រិតកំណត់ ព្រំដែនកម្ពុជា វៀតណាម ឲ្យបានសុក្រិត និងផលប្រយោជន៍ជាតិរួម ដែលជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ។ អាស្រ័យដោយ បន្ទាប់ពីការចាកចេញរបស់បារំាង អាណាព្យាបាល កម្ពុជា យើងពុំដែលមានឱកាសល្អ ក្នុងការស្វែងរកកម្រិតនិងបោះបង្គោល ព្រំដែនកម្ពុជាវៀតណាមបាននោះឡើយ។ គឺបន្ទាប់ពីឆ្នាំ១៩៧៩ មកទើបកម្ពុជាមានឱកាសក្នុងកិច្ចការនេះដែលឈរលើគោល នយោបាយទំនាក់ទំនងល្អ និងសហការជិតស្និតរវាងគណបក្សប្រជាជនកម្ពុជា និងវៀតណាម បន្ទាប់ពីរបបប៉ុលពតត្រូវបានបញ្ចប់។ សូមជម្រាបថា បញ្ហាព្រំដែននេះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គប្រឹងប្រែងណាស់ ក៏ប៉ុន្តែវៀតណាមខាងត្បូងដែលនៅក្រោម ការត្រួតត្រារបស់សហរដ្ឋ ជាមួយនិងសហរដ្ឋអាមេរិកផ្ទាល់ ពុំបានឲ្យតម្លៃដល់កម្ពុជា ក្នុងកិច្ចការនេះទេ នោះរាប់ទាំងគោលនយោបាយ និងសកម្មភាពកងទ័ពវៀតណាមខាងត្បូង ឬកងទ័ពធៀវគី និងកងទ័ពសហរដ្ឋអាមេរិក ដែលបានធ្វើប្រតិបត្តិការសឹកឈ្លានពាន មកលើបូរណភាពទឹកដីកម្ពុជា។
FRESH NEWS៖ តើកម្ពុជាមកដល់ណាហើយពេលនេះ ក្នុងបញ្ហាព្រំដែនអន្តរជាតិ កម្ពុជា វៀតណាម?
លោក ផៃ ស៊ីផាន៖ យើងបានធ្វើដំណើវែងឆ្ងាយប្រកបដោយមោទនភាព និងប្រសិទ្ធិភាពក្នុងកិច្ចការងារនេះរាប់ទាំងសមត្ថភាព ការពារដែនអធិបតេយ្យភាព និងកិច្ចរក្សាស្ថានភាពសន្តិភាព សហការអចិន្ត្រៃយ៍ រវាងកម្ពុជា និងវៀតណាម។ មូលដ្ឋានដែលយកបាន ជាផ្លូវការពីកិច្ចព្រមព្រៀងអនុសញ្ញា ឬលិខិតបទដ្ឋានដទៃទៀត រវាងកម្ពុជានិងវៀតណាម គឺប្រជាជាតិទាំងពីរសម្រេចបានបង្គោល ព្រំដែន មូលដ្ឋានមួយចំនួន ហើយជាទូទៅ គឺយើងបានឯកភាពគ្នាលើចំនុចមួយចំនួនច្រើនជាង ៨០% ហើយការពិសោធន៍ ក៏បានបង្ហាញនូវក្តីតតាំងយ៉ាងស្វិតស្វាញ និងម៉ឹងម៉ាត់ ដើម្បីបុព្វហេតុជាតិនៃបូរណភាពទឹកដី។ ការចំណាយពេលដ៏វែងចាប់តាំងពី ឆ្នាំ១៩៧៩ រហូតមកដល់ ២០១៦នេះ ក៏ជាទឡ្ហីករណ៍បង្ហាញនូវភាពស្វិតស្វាញតតាំងយ៉ាងមុតមាំផងដែរ។ អ្វីដែលសំខាន់គឺ យើងទទួលបាននូវការឯកភាពគ្នារវាងកម្ពុជា និងវៀតណាមក្នុងការប្រើប្រាស់ផែនទីមូលដ្ឋាន ដែលបន្សល់ពីអាណាព្យាបាលបារាំង(១) សេចក្តីព្រមព្រៀងរវាងភាគីទាំងពីរដែលគួរឲ្យចាប់អារម្មណ៍ខ្ពស់នោះ គឺភាគីទាំងពីរមានលទ្ធភាពពិនិត្យឬកែប្រែសារជាថ្មីនូវចំណុច ណាមួយដែលភាគីណាមួយយល់ឃើញថា មិនឆ្លើយតបនិងផែនទីមូលដ្ឋាន ឬមិនឆ្លើយតបនិងវិទ្យាសាស្ត្រនៃភូមិវិទ្យានោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជាសាធារណៈ និងជាលក្ខណៈអន្តរជាតិរួចហើយនូវភាពច្បាស់លាស់ ម៉ឺងម៉ាត់ជាសកល នូវផែនទីដែលកម្ពុជាបានប្រើប្រាស់ ហើយឯកភាពគ្នាជាមួយភាគីវៀតណាម។ ហើយសម្តេចតេជោបានក្រើនរំលឹកដល់មន្ត្រីការងារ ព្រំដែនជារឿយៗថា «មិនប្រញ៉ាប់ប្រញាល់ទទួលយកការឯកភាពណាមួយ ដែលយល់ឃើញថាប៉ះពាល់ដល់ដែនអធិបតេយ្យកម្ពុជា នោះទេ ហើយការងារនេះជាការងារផ្ចិតផ្ចង់ និងប្រវត្តិសាស្ត្រ ដើម្បីផលប្រយោជន៍កូនចៅជំនាន់ក្រោយ»។
FRESH NEWS៖ ចុះមតិមួយចំនួនបានលើកឡើងថា «កម្ពុជាបានបាត់ទឹកដី ឬវៀតណាមបានចំណេញទឹកដីពីកម្ពុជា» តើ ឯកឧត្តម មានមតិបែបណាដែរ?
លោក ផៃ ស៊ីផាន៖ អរគុណនៅក្នុងបច្ចុប្បន្ននេះ អាស្រ័យដោយភាគីទាំងពីមិនទាន់បញ្ចប់ការងារព្រំដែនគោក ក្នុងការស្វែងរកចំនុច ឬបង្គោលព្រំដែនដែលពិតប្រាកដ ដើម្បីបោះសារជាថ្មី និងផ្លូវការនៅឡើយទេ ដូចនេះ ការប្រើប្រាស់ពាក្យខាងលើនេះ មិនត្រឹមត្រូវទេ ត្បិតការងារនៅបន្តទៅមុខទៀត ហើយការព្រមព្រៀងជាផ្លូវការនៃព្រំដែនគោក ក៏ពុំទាន់បានធ្វើនៅឡើយ ហើយស្ថាប័នសភា ក៏ពុំទាន់បានផ្តល់នូវ សច្ចាប័នទទួលស្គាល់ជាលទ្ធផលនៅឡើយ។ ក៏ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំក៏សូមគោរពនូវកង្វល់របស់ជនរួមជាតិ នៃហេតុផលបាត់បង់ទឹកដី ដែលបានលើកឡើង។ ហើយខ្ញុំសូមកុំឲ្យយកការងារនេះ ជារឿងនយោបាយឲ្យសោះ។
FNs: លោកបណ្ឌិត សុខ ទូច ជាមួយនិងគណកម្មាការរបស់លោក បានលើកឡើងពីបង្គោលចេញចូលរវាងកម្ពុជា និងវៀតណាម តើយ៉ាងដូចម្តេចដែរ?
លោក ផៃ ស៊ីផាន៖ អរគុណ នៅក្នុងទិដ្ឋភាពនេះ ដើម្បីងាយយល់ថា ការងារព្រំដែន ក្រោមការដឹកនាំប្រកបដោយភាពទន់ភ្លន់ និងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន គឺយើងមានទិដ្ឋភាពបី ដែលសម្តេចតេជោ បានបង្កើត។
១) ទិដ្ឋភាពនយោបាយ ដើម្បីរក្សាទំនាក់ទំនងល្អ និងបង្កើនឲ្យកាន់តែមានប្រសិទ្ធិភាព គឺសហការក្នុងការងារព្រំដែនព្រោះសង្គ្រាម ជាប្រពៃណី គឺកើតឡើងចេញពីបញ្ហាបូរណភាព ឬព្រំដែននេះ។
២) ក្រុមការងារបច្ចេកទេស ដែលមានតួនាទីបច្ចេកទេសសុទ្ធសាធ ដែលជាវិជ្ជាជីវៈ និងឈរលើមូលដ្ឋាន នៃផែនទីមូលដ្ឋានជាផ្លូវការដែលបន្សល់ពីអាណាព្យាបាលបារាំង។ គណកម្មាធិការព្រំដែនចម្រុះកម្ពុជា វៀតណាម។
៣) ក្រុមការងារវិទ្យាសាស្ត្ររាជបណ្ឌិតសភា ដែលមិនមាននិន្នាការ ឬជំហរមិនក្រៅពីវិទ្យាសាស្ត្រ ក្នុងការស្រាវជ្រាវស្វែងរកព័ត៌មាន និងទិន្នន័យ ដើម្បីជាផលប្រយោជន៍ និងទឡ្ហីករណ៍ក្នុងការចូលរួមចំណែក ក្នុងការងារព្រំដែនឲ្យបានសុក្រិត្យនិងពហុមតិជាទឡ្ហីករណ៍ អាចយកជាមូលដ្ឋានបាន។
អាស្រ័យហេតុនេះ ការលើកឡើងរបស់លោកបណ្ឌិត គ្រាន់តែជាលទ្ធផល នៃការស្រាវជ្រាវឃើញយ៉ាងមេច ប្រាប់នូវអ្វី ជាក់ស្តែងប៉ុណ្ណោះ ហើយតំបន់ ឬចំនុចដែលបានលើកឡើង មិនប្រាកដថាគណកម្មាធិការការងារព្រំដែនកម្ពុជាបានឯកភាព ឬសម្រេចទទួលយកនៅឡើយទេ នេះគ្រាន់តែជាព័ត៌មាន «ចេញ ចូល» តែប៉ុណ្ណោះ សូមកុំឲ្យមានអារម្មណ៍ថាចំណេញ ឬខាតនោះឡើយ៕