(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ជំហរនយោបាយការបរទេសរបស់កម្ពុជា គឺឯករាជ្យ មិនរណបប្រទេសណាមួយ ដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងអន្លង់គ្រោះថ្នាក់ដូចអតីតកាលនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានគេប្រសិទ្ធនាមថា ជាបុរសខ្លាំងរបស់កម្ពុជា បានអះអាងថា កម្ពុជាត្រូវការធ្វើមិត្តទាំងចិន និង អាមេរិក។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនតាំងខ្លួនជាបងធំ ឬ ជាអធិរាជក្នុងតំបន់នោះឡើយ តែក៏មិនត្រូវទទួលរងការប្រមាថពីប្រទេសណាមួយ នោះឡើយ។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា នយោបាយការបរទេសរបស់កម្ពុជា គឺឯករាជ្យមានអធិបតេយ្យភាព ដែលមិនតម្រូវឲ្យសុំយោបល់ ពីនរណានោះឡើយ ហើយរឿងនេះ គឺសម្តេចបានធ្វើតាំងពីធ្វើជារដ្ឋមន្រ្តីការបរទេសកម្ពុជាក្នុងវ័យ ២៧ឆ្នាំមកម្ល៉េះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា «បើកម្ពុជា គ្មាននយោបាយការបរទេសឯករាជ្យទេ កម្ពុជាមិនអាចចេញផុតពីអន្លង់គ្រោះថ្នាក់ នៃស្រមោលអតីតកាល នោះឡើយ»។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងទៀតថា ក្នុងនាមប្រទេសឯករាជ្យ និងមានអធិបតេយ្យភាពកម្ពុជា ត្រូវការធ្វើមិត្តទាំងអាមេរិក និងចិន ហើយក៏គ្មានហេតុផលត្រូវទៅរាយការណ៍ឲ្យប្រទេសមហាអំណាចទាំងពីរ មុនធ្វើអ្វីមួយនោះឡើយ។
សម្តេចបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «គ្មានការចាំបាច់ទៅរាយការណ៍ឲ្យចិនថា ខ្ញុំជាមួយអាមេរិកធ្វើអីចេះ ហើយគ្មានការចាំបាច់ទៅ និយាយ រាយការណ៍ឲ្យអាមេរិកថា ខ្ញុំធ្វើជាមួយចិនអីចេះ ហើយគ្មានការចាំបាច់ទៅក្រុងតូក្យូ ដើម្បីប្រាប់ជប៉ុន។ ខ្មែរ គឺខ្មែរ គ្មាននរណាស្គាល់ខ្មែរលើសខ្មែរទេ។ មានតែខ្មែរមួយគត់ មានសិទ្ធិសម្រេចលើជោគវាសនារបស់ខ្មែរ គ្មានការចាំបាច់ប្រាប់ថៃ ថាខ្ញុំធ្វើជាមួយវៀតណាមអីចេះ ហើយប្រាប់វៀតណាមថា ខ្ញុំធ្វើជាមួយថៃអីចេះនោះទេ»។
ការបញ្ជាក់អំពីជំហរនយោបាយការបរទេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគមួយចំនួន បានវិភាគអំពីដំណើរ ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ទៅកាន់ប្រទេសចិន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ថា ជាការទៅយកចិត្តចិន នៅក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក John Kerry នៅកម្ពុជា កាលពីថ្ងៃទី២៥-២៦ ខែមករា កន្លងទៅនេះ។
រំលឹកដល់ដំណើរទស្សនកិច្ចរបស់លោក John Kerry សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដំណើររបស់លោក John Kerry មិនមែនជាការមកដាក់កំហិតឲ្យកម្ពុជា ចាប់យកចិន ឬអាមេរិកនោះឡើយ។
ក្នុងជំនួបជាមួយលោក John Kerry នេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រាប់អំពីបញ្ហាជម្លោះសមុទ្រចិនខាងត្បូងរវាងចិន ជាមួយប្រទេសសមាជិកអាស៊ាន ព្រមទាំងហេតុផល ដែលកម្ពុជា មិនចេញសេចក្តីសម្រេចលើ COC ក្នុងអំឡុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ផងដែរ។ នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអាមេរិកផ្តល់ យុត្តិធម៌ជូនកម្ពុជា ចំពោះការចោទប្រកាន់កម្ពុជាថា មានភាពលំអៀងទៅរកចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះ ហើយសម្តេច ក៏បានប្រាប់ទៅលោក John Kerry ថា សម្តេចអន់ចិត្តខ្លាំងទៅលើការចោទប្រកាន់នេះផងដែរ។
បញ្ហាជម្លោះសមុទ្រចិននេះ សម្តេចតេជោ បានប្រាប់លោក Joh Kerry ថា មិនត្រូវយកសាំងទៅចាក់លើភ្លើងនោះទេ ត្រូវឲ្យភាគីជម្លោះទាំងស្រាយជាមួយគ្នា៕