(ភ្នំពេញ)៖ ទំនងជាមិនចម្អកទៅកាន់នរណាផ្សេងក្រៅពី លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង នៅថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកងឡើងថា «នាយករដ្ឋមន្រ្តី Facebook បានបាត់បង់តំណែងហើយ»។
Facebook លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ ដែលទទួលបានអ្នកគាំទ្រ(Like) ច្រើនជាងគេ ក្នុងចំណោម Facebook អ្នកនយោបាយ នៅកម្ពុជានាពេលកន្លងទៅ ប៉ុន្តែពេលនេះលោកស្ថិតនៅលេខរៀងទី២ប៉ុណ្ណោះ បន្ទាប់ពី Facebook សម្តេចតេជោ ហ៊ុន សែន ដែលប្រកាសជាផ្លូវការបាន៤ខែ ដណ្តើមយកលេខ១ កាលពីយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទំនងជាចម្អកម្តងទៀត ដល់មេដឹកនាំបក្សប្រឆាំង។ សម្តេចថា «ដូចអ្នកខ្លះ តាំងខ្លួនជាអធិរាជ Facebook ឥឡូវនេះ នាយករដ្ឋមន្រ្តី Facebook វាបាន បាត់បង់តំណែងបាត់ទៅហើយ តាំងខ្លួនធ្វើជាអ្នកពូកែលើសគេលើសឯង»។
គិតរហូតមកដល់ពេលនេះទំព័រ Facebook របស់មេដឹកនាំទាំងពីមានគម្លាតខុសគ្នា ជាង១សែន Likes ដោយ Facebook សម្តេចតេជោ ហ៊ុន សែន ទទួលបានអ្នកគាំទ្រជាង ២.២លាននាក់ ខណៈដែល Facebook របស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ មានកំពុងមានអ្នកគាំទ្រ ២.១លាននាក់៕