(ភ្នំពេញ)៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ លោក ញឹក ប៊ុនឆៃ នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ លោក ញឹក ប៊ុនឆៃ បានគាំទ្រឱ្យ ហ៊្វុនស៊ិនប៉ិច បង្កើតក្រុមប្រឹក្សាវិន័យ ប៉ុន្តែកុំឱ្យដាក់តែបក្ខពួករបស់សម្តេចក្រុមព្រះ ហើយមកដាក់ពិន័យដេញអ្នកហ៊្វុនស៊ិនប៉ិចចាស់ឱ្យសោះ។
លោក ញឹក ប៊ុនឆៃ អនុប្រធានទី២ របស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលសម្តេចក្រុមព្រះ កំពុងចោទប្រកាន់អំពីការរំខាននៅក្នុងបក្ស បានបន្ថែមថា ក្រុមប្រឹក្សាវិន័យនោះ ត្រូវទទួលយកពាក្យសុំរបស់សមាជិកគណបក្ស គ្រប់រូបដើម្បីយកមកវិនិច្ឆ័យឱ្យស្មើភាពគ្នា នូវរាល់កំហុសរបស់បុគ្គលក្នុងបក្ស។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រមានចាត់វិធានការតាមវិន័យរបស់បក្សចំពោះ លោក ញឹក ប៊ុនឆៃ ដែលបានធ្វើសកម្មភាពមួយចំនួន ដោយគ្មានការអនុញ្ញាតពីព្រះអង្គ ជាមួយគ្នានេះ ព្រះអង្គក៏បានលើកឡើងអំពីការបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីដាក់ពិន័យលើសមាជិកជាន់ខ្ពស់ ដែលមិនគោរពច្បាប់នៅក្នុងបក្សផងដែរ៕