(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបដិសេធនឹងសំណើ លោក ញឹក ប៊ុនឆៃ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលចង់រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី ការលក់ស្នាក់ការបក្ស និងការទម្លាក់ព្រះអង្គចេញពីតំណែងនៅឆ្នាំ២០០៦។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីសំណេះសំណាលជាមួយសកម្មជន នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រុមព្រះបានមានបន្ទូលថា ព្រះអង្គបារម្ភខ្លាចលោក ញឹក ប៊ុនឆៃ និយាយអ្វីដែលធ្វើឱ្យប៉ះពាល់ដល់ព្រះអង្គ និងសមាជិកដទៃទៀត។
សម្តេចក្រុមព្រះ មានព្រះបន្ទូលថា «ព្រោះគាត់មិនមែននិយាយត្រឹមតែលក់ទីស្នាក់ការទេ គាត់និយាយអំពីការទម្លាក់ខ្ញុំនៅឆ្នាំ២០០៦ ទី៣.គឺ(ហ៊្វុនស៊ិនប៉ិច)បានសូន្យកៅអី»។ ព្រះអង្គមានព្រះបន្ទូលបន្ថែមថា «បើខ្ញុំអនុញ្ញាតដោយមានហត្ថលេខារបស់ខ្ញំក ចុះបើគាត់និយាយថា រឿងនៅឆ្នាំ២០០៦មិនមែនមកពីគាត់ទេ "មកពីលោកអស់ឯទៀតឱ្យខ្ញុំធ្វើ" មិនងាប់ខ្ញុំបាត់ហើយ ដូច្នេះខ្ញុំមិនទទួលខុសត្រូវជាដាច់ខាត »។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ លោក ញឹក ប៊ុនឆៃ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើលិខិតមួយស្នើទៅ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដើម្បីសុំរៀបចំសិក្ខាសាលាមួយ ដោយមានការចូលរួមពីសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច មកពីមូលដ្ឋាននានា ។
របៀបវារៈនៅក្នុងគម្រោងសិក្ខាសាលានោះរួមមាន ទី១.ដើមចមនៃសមាជវិសាមញ្ញថ្ងៃ១៨ តុលា ឆ្នាំ២០០៦ ទី២. ការដោះដូរទិញលក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច(ចាស់) និង៣. មូលហេតុដែលគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអសនៈសូន្យកៅអី ៕