(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រមានចាត់ការលោក ញឹក ប៊ុនឆៃ អនុប្រធានទី២ តាមវិន័យបក្ស ប្រសិនបើនៅតែបន្តធ្វើសកម្មភាពដោយអត្តនោម័ត និង គ្មានការអនុញ្ញាតពីព្រះអង្គទេនោះ។
ព្រះរាជបន្ទូលព្រមាននេះ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចក្រុមព្រះយាងជួបសំណេះសំណាលជាមួយសកម្មជនរបស់ខ្លួន នៅរាជធានីភ្នំពេញ ផ្សព្វផ្សាយអំពីស្ថានភាពនយោបាយនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ។
សម្តេចក្រុមព្រះ ក៏បានមានព្រះរាជបន្ទូលរំលឹកផងដែរថា ការដែលគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវធ្លាក់ទន់ខ្សោយដូចពេលបច្ចុប្បន្ននេះ ដោយសារតែមាន «អ្នកស៊ីបាយបោកឆ្នាំង»។ ព្រះអង្គបានបញ្ជាក់ទៀតថា បច្ចុប្បន្នបក្ស ក៏នៅតែមាន «អ្នកស៊ីបាយបោកឆ្នាំង»ផងដែរ តែព្រះអង្គមិនអនុញ្ញាតឲ្យបក្សរបស់ព្រះអង្គ ត្រូវដួលរលំដោយសារក្រុម «អ្នកស៊ីបាយបោកឆ្នាំងនេះទៀតឡើយ»។
សម្តេចក្រុមព្រះ ក៏លើកទឹកចិត្តឲ្យក្រុម «អ្នកស៊ីបាយបោកឆ្នាំង» ទាំងអស់នោះ ដើរចេញពីបក្សផងដែរ។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ក្រោយពីបង្រួបង្រួម និងយាងសម្តេចក្រុមព្រះមកធ្វើជាព្រះប្រធានបក្សជាថ្មី កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ក្រោយប្រេះស្រាំអស់រយៈពេល ៩ឆ្នាំនោះ បច្ចុប្បន្នហាក់បាននិងកំពុងប្រេះស្រាំផ្ទៃក្នុងជាថ្មី។ លោក ញឹក ប៊ុនឆៃ ធ្លាប់លើកឡើងថា ការដឹកនាំរបស់សម្តេចក្រុមព្រះជាថ្មី រយៈពេលប្រមាណ ១ឆ្នាំកន្លងទៅនេះ មិនបានជួយបក្សឲ្យរីកចម្រើននោះឡើយ ហើយលោកក៏តែងបានចុះទៅជួបសកម្មជនគាំទ្ររបស់លោកនៅតាមមូលដ្ឋាន ដោយមិនមានការអនុញ្ញាត ពីសម្តេចក្រុមព្រះនោះឡើយ។
លោក ញឹក ប៊ុនឆៃ កាលពីថ្ងៃ១៨ ខែតុលា ឆ្នាំ២០០៦ ធ្លាប់បានធ្វើសមាជបណ្ដេញសម្ដេចក្រុមព្រះ ចេញពីគណបក្សម្តងរួចមកហើយ៕