(កម្ពុជា)៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះ ក្រោមការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងកិច្ចជួយសម្រួលរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោករដ្ឋមន្ត្រី ប្រាក់ សុខុន។ លោក ផៃ ស៊ីផាន និងជំនួយការ លោក ភិន ឈុនទៀង បានធ្វើទស្សនកិច្ចផ្លូវការ ដើម្បីនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ នឹករលឹក និងយកចិត្តទុក្ខដាក់យ៉ាងជ្រាលជ្រៅ រួមជាមួយនិងមោទនភាព របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូន កូនក្មួយ ដែលជាកងកម្លាំងកម្ពុជារក្សាសន្តិភាព កំពុងឈរជើងនៅក្នុងប្រទេសលីបង់ (ក្បែរព្រំដែនអ៉ីស្រាអែល) ដែលបានលះបង់ខ្ពស់ និងរួមចំណែកក្នុងការងាររក្សាសន្តិភាពប្រទេសដទៃ និងថែរក្សាជាមួយនិងការលើកកិត្តិយស របស់ប្រជាជាតិយើងនៅលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោក ផៃ ស៊ីផាន បានជម្រាបជូនកងម្លាំងរក្សាសន្តិភាពរបស់យើងអំពីបច្ចុប្បន្នភាពនយោបាយរបស់កម្ពុជា ក៏ដូចជាការវិវត្តថ្មីៗរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពទន់ភ្លន់ និងម៉ឺងម៉ាត់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនោះលោកក៏បានសង្កត់ធ្ងន់ផងដែរ អំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា នៃការឆ្លងកាត់សង្គ្រាម ហើយសម្តេចតេជោ បានបញ្ចប់សង្គ្រាម នាំសន្តិភាពទូទាំងផ្ទៃប្រទេស មកជូនប្រជាជាតិខ្មែរទាំងមូល ដូច្នេះកម្ពុជាស្គាល់ច្បាស់ណាស់អំពីតម្លៃសន្តិភាព រាប់ទាំងធនធានរបស់ជាតិ និងជីវិតរបស់ប្រជាពលរដ្ឋ។
ការពិសោធន៍នេះ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែកម្ពុជាបានប្តេជ្ញាប្រឆាំងដាច់ខាតរាល់ទិដ្ឋភាពសង្គ្រាម ព្រមជាមួយនិងការចូលរួមបង្កើត និងថែរក្សាសន្តិភាពនៅលើពិភពលោកផងដែរ។ លោកក៏បានបញ្ជាក់ផងដែរ អំពីទស្សនកិច្ចរបស់ លោក ចន ឃេរី ក្នុងពេលថ្មីៗនេះ លោក ចន ឃេរី បានជំរាបជូនសម្ដេចតេជោ អំពីការរីកចម្រើនយ៉ាងខ្លាំងរបស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាមួយនឹងការីកចម្រើននេះ លោក ចន ឃេរី បានលើកឡើងថា កម្ពុជាមានសក្តានុពល និងឱកាសយ៉ាងច្រើន សម្រាប់វិនិយោគិនអាមេរិកមកវិនិយោគនៅកម្ពុជា ។
លោក ចន ឃេរី បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងកកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ (UN) ទៅកាន់បណ្តាប្រទេសផ្សេងៗដើម្បីចូលរួមថែរក្សាសន្តិភាពពិភពលោក។ កម្ពុជាជាប្រទេសតូចមែនពិត តែការចូលរួមចំណែកខាងលើនេះ ពិតជាមានសារសំខាន់ណាស់ដល់ឥស្សរភាព និងសន្តិភាពពិភពលោក។ លោក ចន ឃេរី ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិក ចង់មានទំនាក់ទំនងល្អជាមួយកម្ពុជា។
ហើយកម្ពុជាបាន និងកំពុងបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសលីបង់ ដើម្បីរឹតចំណងមិត្តភាព និងសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយនិងការលើកកំពស់ក្នុងវិស័យពាណិជ្ជកម្មផងដែរ។
ជាចុងក្រោយ លោក ផៃ ស៊ីផាន បានជម្រាបជូន បងប្អូន កូនក្មួយ ដែលជាកងកម្លាំងរក្សាសន្តិភាព កំពុងឈរជើងនៅក្នុងប្រទេសលីបង់ នូវប្រសាសន៍របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនពរនិងក្រើន រំលឹកឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព កំឡុងពេលបំពេញបេសកកម្ម និងរក្សាឲ្យបាននូវក្រមសីលធម៌ និងវិន័យរបស់កងទ័ព។ ក្រោយបញ្ចប់ការសំណេះសំណាល លោក និងកងកម្លាំងរក្សាសន្តិភាព បានទទួលទានអាហារសាមគ្គីរួមគ្នាប្រកបដោយភាពស្និតស្នាល និងរីករាយបំផុត។
ឆ្លើយតប និងការផ្តាំផ្ញើរសួរសុខទុក្ខ នឹករលឹក និងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ របស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត បងប្អូន កូនក្មួយ ដែលជាកងកម្លាំងរក្សាសន្តិភាព កំពុងឈរជើងនៅក្នុងប្រទេសលីបង់ បានបង្ហាញនូវសេចក្តីសោមន្សរីករាយ ថ្លែងអំណរគុណ និងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងទ្វេ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សា ទឹកដី នៃព្រះរាជាណាចកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្វសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបាន ប្រកបដោយសព្ទសាធុការពរ បវរសួរស្តី សិរីមង្គល ទទួលបាននូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព និងភាពសម្បូរសប្បាយជារៀងរហូត៕