(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ
ដើម្បីបញ្ជាក់ប្រាប់សាធារណជនទូទៅ អំពីដំណើរវិវត្តនៃវីរុសម្យ៉ាង ដែលកំពុងតែរីករាលដាលនៅប្រទេសមួយចំនួន នៅលើពិភពលោក គឺវីរុស Zika។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងសុខាភិបាលក៏បានពន្យល់ ប្រជាពលរដ្ឋអំពីវិធានការណ៍ទប់ស្កាត់ និងបង្ការការឆ្លងជំងឺ Zika នេះដូចជា ការពារខ្លួនពីជំងឺគ្រុនឈាមផងដែរ ដោយការពារខ្លួនកុំឲ្យមូសខ្លាខាំ ហើយចូលរួមបំបាត់ជំរកមូសខ្លា ដូចជាធ្វើអនាម័យ បោសសម្អាតជុំវិញផ្ទះ ការពារកុំឲ្យមានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់សំបកកង់រថយន្ត សំបកកំប៉ុង ដែលជាទីជំរករបស់មូសខ្លាជាដើម។

ក្រសួងសុខាភិបាលបានសង្កាត់ធ្ងន់ថា «ក្រសួងសុខាភិបាលបានត្រៀមលក្ខណៈ ដោយប្រើប្រាស់នូវប្រព័ន្ធដែលមានស្រាប់
ដើម្បីឆ្លើយតបជាបន្ទាន់ ប្រសិនបើមានករណីជំងឺនេះ កើតមានឡើងជាយថាហេតុ ហើយបាននឹងកំពុងពង្រឹងជាប់ជានិច្ច នូវការតាមដានស្ថានការណ៍ជំងឺ ព្រមទាំងត្រៀមលក្ខណៈក្នុងការឆ្លើយតបជាបន្ទាន់ ដោយប្រើប្រាស់ប្រព័ន្ធដែលមានស្រាប់
នៅតាមបណ្តាខេត្ត-រាជធានីទាំង២៥»។

ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា «នាពេលបច្ចុប្បន្នគ្មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយ សម្រាប់ជំងឺ Zika នេះទេ​ ហើយពេលនេះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចធ្វើតេស្តរកវីរុស Zika បាន»។

បើតាមក្រសួងសុខាភិបាលកម្ពុជាធ្លាប់មានកើតជំងឺ Zika មួយករណីកាលពីឆ្នាំ២០១០ ប៉ុន្តែអ្នកជំងឺបានជាសះស្បើយ
ហើយចាប់ពីពេលនោះមកដល់បច្ចុប្បន្ននេះ ពុំមានរកឃើញករណីបែបនេះទៀតទេ។

សូមជម្រាបថា ជំងឺ Zika ឆ្លងតាមរយៈមូសខ្លាខាំ ដែលជាប្រភេទមូសដែលបង្ករឲ្យមានជំងឺគ្រុនឈាម និងមានរោគសញ្ញាស្រដៀងគ្នា ទៅនឹងជំងឺគ្រុនឈាមដែរ ដូចជា គ្រុក្តៅ ឈឺក្បាល កន្ទួលក្រហមលើស្បែក ក្រហមភ្នែក និងឈឺសន្លាក់ជាដើម៕