(ភ្នំពេញ)៖ ប្រិយមិត្តអ្នកអានបានទូរស័ព្ឌមកកាន់ការិយាល័យនិពន្ធ Fresh News សូមឲ្យនាយហ្វ្រេសជួយផ្សាយពីល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយមួយថ្ងៃៗចាញ់ឈ្នះរាប់ម៉ឺន រាប់សែនដុល្លារ ហើយអ្នកលេងភាគច្រើនជាជនជាតិខ្មែរនៅក្នុងអតីតកាស៊ីណូ នាមាត់ច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ប្រយោជន៏ឲ្យប្រមុខរាជរដ្ឋាភិបាល បានដឹងនិងមានវិធានការបង្ក្រាបផង បើមិនដូច្នេះទេ ពួកគាត់ក៏ដូចអ្នកខេត្តផ្សេងៗ ទៀតនឹងធ្លាក់ខ្លួនក្រ ដោយសារតែប្តី និងកូនចៅរបស់ពួកគាត់ញៀន តែរឿងទៅជល់មាន់ចាញ់អស់លុយហើយ ភ្លេចការងាររកស៊ីចិញ្ចឹមគ្រួសារថែមទៀត។
មិត្តអ្នកអានជាប្រជាពលរដ្ឋរស់នៅភូមិជីមាន់ ក្បែរផ្លូវចូលទៅច្រកទ្វារព្រំដែនត្រពាំងផ្លុង បានអះអាងថា ដោយសារតែគេឃុបឃិតគ្នាឲ្យ មានបើកល្បែងបញ្ជល់មាន់ភ្នាល់ ដាក់លុយនៅតាមកាស៊ីណូ និងអតីតកាស៊ីណូហើយ អនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងនោះហើយ បានធ្វើឲ្យប្ដីរបស់គាត់មួយថ្ងៃៗញៀនតែទៅជល់មាន់ភ្នាល់ដាក់លុយ ទោះជាពេលខ្លះអត់លុយចាក់ភ្នាល់ក៏ទៅមើលគេជល់ដែរ ភ្លេចអស់ហើយការងាររកស៊ីធ្វើចំការចិញ្ចឹមប្រពន្ធកូន។ (សូមមើលរូបភាពខាងក្រោម)
ដូច្នេះពួកគាត់សំណូមពរសូមឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ចជួយមានវិធានការ ចុះទៅបង្ក្រាបឲ្យដូចសម្ដេចបញ្ជា ឲ្យបង្ក្រាបបទល្មើសព្រៃឈើឈ្មួញ ដឹកយកទៅលក់នៅប្រទេសវៀតណាមចេញតាមច្រកខេត្តត្បូងឃ្មុំផង ជាពិសេសអាជ្ញាធរសមត្ថកិច្ចខេត្តត្បូងឃ្មុំតែម្ដង។
ពាក់ព័ន្ធទៅនឹងល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយមានជនជាតិខ្មែរ ចូលលេងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយគ្មានការអើពើលប់បំបាត់នេះ បើតាមប្រភពព័ត៌មាន ដែលដឹងរឿងពីមាត់ច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុងបានបង្ហើបឲ្យដឹងថាបច្ចុប្បន្ន មានទីតាំងចំនួនពីរកន្លែង បានបើកបញ្ជល់ភ្នាល់ដាក់លុយតែគេចែកវេណគ្នាលេង។
ក្នុងនោះវង់ទី១៖ គេបើកលេងនៅខាងក្រោយជាប់របងកាស៊ីណូ GMG តែជ្រកក្រោមផ្លាកកាស៊ីណូ ក្នុងមួយសប្ដាហ៏បើកជល់៤ថ្ងៃគឺថ្ងៃច័ន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ មានមេវង់ជាប្អូនប្រុសរបស់ឧកញ៉ារកស៊ីឈើដ៏ល្បីម្នាក់។
ចំណែកវង់ទី២៖ គឺបើកលេងនៅក្នុងអតីតកាស៊ីណូ ហេង ហេង នៅក្បែរគ្នាមួយអាទិត្យ បើក៣ថ្ងៃគឺ ថ្ងៃអង្គារ ថ្ងៃព្រហស្បត្ត៏ និងថ្ងៃសៅរ៏ បើកលេងឆ្លាស់ថ្ងៃគ្នា មានមេវង់គេស្គាល់ឈ្មោះ ស្រ៊ុន ម៉េងលឹម ជាប្អូនប្រុសរបស់ម្ចាស់ទីតាំងអតីតកាស៊ីណូ ហេងហេង តែម្ដង ដោយការវង់នេះគ្មានច្បាប់អនុញ្ញាតអ្វីនោះទេ ព្រោះកាស៊ីណូបានបិទទ្វារជិត១ឆ្នាំហើយមិនតែប៉ុណ្ណោះភ្ញៀវចូលលេងសុទ្ធតែជាខ្មែរថែមទៀត។
វង់បញ្ជល់មាន់ទាំងពីរកន្លែងខាងលើក្នុងមួយថ្ងៃៗ មានមាន់ជល់មកពីគ្រប់ទិសទីរាប់សិបគូ ត្រូវបានគេយកមកប្រជល់ភ្នាល់ដាក់លុយចាប់បើកពីម៉ោង១១ថ្ងៃត្រង់តទៅ រហូតដល់ល្ងាច អមដោយវង់បាញ់អាប៉ោងវង់បៀរថែមទៀត។
ចំណែកការជល់ភ្នាល់ដាក់លុយគឺសម្រេចលើម្ចាស់មាន់ ព្រមព្រៀងគ្នាមានចាប់ពីមួយគូ ៥០០ដុល្លារ ៣០០០ដុល្លារ ៥០០០ដុល្លារ ឡើងរហូតដល់រាប់ម៉ឺនដុល្លារទៅតាមម្ចាស់មាន់ មានលទ្ធភាពហ៊ានភ្នាល់ ឬមិនហ៊ាន។
ក្រៅពីនេះនៅក្នុងវង់ក៏មានអ្នកចាក់ភ្នាល់គ្នារាប់សិបនាក់ថែមទៀត ដោយគេមានធ្វើប័ណ្ណពណ៏ខៀវ និងពណ៏ក្រហមសម្គាល់ ដោយប័ណ្ណមួយសន្លឹកស្មើទឹកប្រាក់៥០ម៉ឺនរៀល បើអ្នកណាចាក់១លានរៀល ត្រូវទិញប័ណ្ណ២សន្លឹក ហើយបើឈ្នះ មេវង់គេដកតុង៥% មានន័យថា ឈ្នះ១លាន ដកតុង៥ម៉ឺនរៀល។ ចំណែកម្ចាស់មាន់ក៏ត្រូវមេវង់ដកតុង៥%ដូចគ្នា បើចាក់ឈ្នះ១ម៉ឺនដុល្លារគឺដកតុង៥០០ដុល្លារ។
ដូច្នេះក្នុងមួយថ្ងៃៗមេវង់រកចំណូលពីតុងបានរាប់ពាន់ដុល្លារ ដោយនេះគេនៅមិនទាន់គិតពីការជួលទីតាំងឲ្យគេបើកវង់អាប៉ោង វង់បៀរគ្រប់ប្រភេទ និងដាក់ទូហ្គេមបាញ់ត្រី និងកន្លែងលក់បាយ លក់គ្រឿងភេសជ្ជៈផងនោះទេ។ គេថាដោយសារតែចំណូលបានច្រើនបែបនេះហើយ ទើបមេវង់ជល់មាន់ទាំងពីរកន្លែងខាងលើ មានលុយអាចបិទមាត់មន្ត្រីអាជ្ញាធរសមត្ថកិច្ច នៅក្នុងខេត្តត្បូងឃ្មុំបាន។
គេថាសម្រាប់វង់ជល់មាន់នៅក្រោយកាស៊ីណូ GMG ចុះគេអាចបន្លំភ្នែកថ្នាក់លើ និងមហាជនបាន ព្រោះផ្លូវចូលតាមច្រកកាស៊ីណូ គេអាចយក លេសថា ជារបស់កាស៊ីណូ បើកលេងស្របច្បាប់សម្រាប់តែភ្ញៀវបរទេស។ ចុះវង់ជល់មាន់នៅក្នុងអតីតកាស៊ីណូហេងហេង កាស៊ីណូនេះបិទជិត១ឆ្នាំ ទៅហើយ តើគេមានសំអាងអីដែលថាស្របច្បាប់នោះ ! ចុះបើដឹងថា អត់ច្បាប់ហើយម្ដេចមិននាំគ្នាចុះបង្ក្រាប ឬបង្ក្រាបបានតែអ្នកភូមិជល់ដាក់១ម៉ឺន២ម៉ឺនរៀល?
ដូចនេះសូមប្រមុខរាជរដ្ឋាភិបាល ជួយមានវិធានការតាមសំណូមពររាស្ត្រផង។ កុំភ្លេចថា មានល្បែងមានចោរ៕