(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែលមហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី» នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩, នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងភរិយា សូមគោរពជូនពរ និងអបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
ការទទួលបានគោរមងារជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី» ពីព្រះមហាក្សត្រនេះ ពិតជាស័ក្ដិសមជាទីបំផុត សម្រាប់មហាឧបាសិកា ប៊ុន ស៊ាងលី ដោយសារតែ មហាឧបាសិកា បានបរិច្ឆាគកម្លាំងកាយចិត្ត និងទ្រព្យធន ប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុត បូជាចំពោះសង្គមជាតិ និងបានជួយកសាង សមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រ គ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ដ៏ឧត្តុង្គឧត្តម នៅទូទាំងប្រទេសកម្ពុជា។ ជាពិសេស មហាឧបាសិកាបានប្រកាន់ខ្ជាប់ក្នុងសេចក្តីស្អាត វិសេសហ្មត់ហ្មង ឥតមន្ទិល សេចក្តីបរិសុទ្ធក្នុងព្រះធម៌ បូជាចំពោះព្រះពុទ្ធសាសនា។
យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិលើលោក សូមប្រសិទ្ធពរជ័យដល់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមឲ្យបានឆាប់ជាសះស្បើយពីរោគាទាំងឡាយ មានសុខភាពល្អមាំមួនឡើងវិញ ដើម្បីជាម្លប់ដល់កូនចៅ។
សូមទេវតាតាមជួយបីថែរក្សា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងកូនចៅ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕