(ភ្នំពេញ)៖ សេចក្ដីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ស្តីពីសាលដីការរបស់តុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣

សេចក្ដីថ្លែងការណ៍
របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ស្តីពី

សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ លើបណ្ដឹងសុំរបស់កម្ពុជា
ឱ្យបកស្រាយសាលដីកា ឆាំ្ន ១៩៦២ ពាក់ព័ន្ធនឹងរឿងក្តីប្រាសាទព្រះវិហារ
រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣
ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ !
ជនរួមជាតិជាទីគោរពស្នេហា!

*********
នារសៀលថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ ២០១៣ នេះ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់, បានប្រកាសចេញនូវសាលដីការបស់ខ្លួន លើបណ្ដឹងសុំរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យបកស្រាយលើសាលដីកា ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ពាក់ព័ន្ធនឹងរឿងក្តីប្រាសាទព្រះវិហារ ដែលមានខ្លឹមសារ ដូចតទៅៈ «តុលាការ៖

១- ប្រកាសដោយសម្លេងឯកច្ឆន្ទថាតុលាការមានសមត្ថកិច្ច ដោយផ្អែកតាមមាត្រា៦០ នៃលក្ខន្តិកៈរបស់ខ្លួនដើម្បីសម្រេចលើបណ្តឹងសុំបកស្រាយ សាលដីកាឆ្នាំ ១៩៦២ ដែលប្ដឹងសុំដោយព្រះរាជាណាចក្រកម្ពុជា ហើយទទួលស្គាល់ថា បណ្ដឹងសុំនេះ អាចទទួលយកមកពិនិត្យដោះស្រាយបាន។

២- ប្រកាសដោយសម្លេងឯកច្ឆន្ទថា ក្នុងក្របខ័ណ្ឌនៃការបកស្រាយសាលដីកាចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការសម្រេចនៅក្នុងសាលដីកានេះថា ព្រះរាជាណាចក្រកម្ពុជា មានអធិបតេយ្យពេញលេញលើបូរណភាពទឹកដីលើតំបន់ពយភ្នំ (Eperon/Promontory)
នៃប្រាសាទព្រះវិហារ ដូចដែលមានកំណត់ក្នុងកថាខ័ណ្ឌទី៩៨ នៃសាលដីកានេះ ហើយជាបច្ច័យ តុលាការប្រកាសថា ព្រះរាជាណាចក្រថៃមានកាតព្វកិច្ចដកចេញពីទឹកដីនេះ នូវគ្រប់កងកម្លាំងប្រដាប់អាវុធ ឬកងនគរបាល ឬអ្នកថែរក្សា ឬឆ្មាំយាម ផ្សេងទៀតរបស់ថ
ដែលបោះទីតាំងនៅក្នុងទឹកដីនោះ»។

ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់បន្ថែមថា កថាខ័ណ្ឌទី ៩៨ នៃសាលដីកានេះ បានបពាក់យ៉ាងច្បាស់អំពីការកំណត់ទីតាំងនៃតំបន់ពយភ្នំនេះ ។
នេះ គឺជាជំហានទៅមុខដ៏មានសារៈសំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្រមួយទៀតនៅក្នុងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅដោះស្រាយដោយសន្តិវិធី និង ផ្អែកលើច្បាប់អន្តរជាតិ នូវវិវាទរវាងកម្ពុជា និង ថៃ លើបញ្ហាប្រាសាទព្រះវិហារ និងតំបន់ជុំវិញ
ប្រាសាទនេះ ។ ជាពិសេស ការណ៍ដែលតុលាការយុត្តិធម៌អន្តរជាតិយកផែនទីឧបសម្ព័ន្ធ ១ ខ្នាត ១/២០០ ០០០ ដែលភាគីកម្ពុជាបានដាក់ជូនតុលាការនៅឆ្នាំ ១៩៦២ មកធ្វើជាសម្អាងក្នុងការបកស្រាយធ្វើសេចក្តីសម្រេចរបស់ខ្លួន ពិតជានឹងផ្តល់ភាពច្បាស់លាស់ដ៏សំខាន់បំផុតដល់ភាគីទាំងពីរសម្រាប់ការអនុវត្តបន្ត។

លើមូលដ្ឋាននេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំព្រះករុណា
សូមសង្កត់ធ្ងន់ជាថ្មី

ម្តងទៀត, បន្ថែមលើសេចក្ដីថ្លែងការណ៍របស់ខ្ញុំព្រះករុណា ខ្ញុំ ជូនជនរួមជាតិ កាលពីថ្ងៃទី ៧ វិច្ឆិកា កន្លងទៅ, អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រកាន់ខាប់នូវជំហររួម ដែលខ្ញុំព្រះករុណា ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ យីងឡាក់
ស៊ីនណាវ៉ ាត នាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានឯកភាពគ្នាកន្លងមកថាៈ «ទោះបីជាសាលដីកានៃតុលាការយុត្តិធម៌អន្តរជាតិ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ ចេញមកបែបណាក៏ដោយ ក៏ប្រទេសទាំងពីរ ត្រូវតែគោរពតាម
សេចក្តីសម្រេចនេះ ហើយខិតខំថែរក្សាឱ្យខាងតែបាននូវមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងសន្តិភាព និងស្ថិរភាព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ» ។ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំនេះ ខ្ញុំព្រះករុណា សូមគូសបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាល
កម្ពុជានឹងគោរព ព្រមទាំងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ កម្ពុជា និង ថៃ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលភាគីទាំងសងខាងបានឯកភាពគ្នាថា នឹងបន្តកិច្ចពិភាក្សានៅក្នុងក្របខ័ណ្ឌ នៃយន្តការមានស្រាប់ ដើម្បីជំរុញអនុវត្តសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដោយក្នុងនេះ រដ្ឋាភិបាលទាំងសងខាង ប្ដេជ្ញាមិនធ្វើសកម្មភាពណាមួយ
ដែលនាំឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ និង ប្ដេជ្ញាទប់ស្កាត់មិនឱ្យជនណាមួយបង្កសកម្មភាពដែលនាំឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ ព្រមទាំងផ្តល់ការយកចិត្តទុកដាក់ជាពិសេសលើការរក្សា និងពង្រឹងពង្រីកទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការល្អរវាង

ប្រទេសទាំងពីរ ចៀសវាងការប៉ះទង្គិចដល់ការធ្វើចរាចរទៅវិញទៅមករបស់ប្រជាជនទាំងសងខាង, ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគ, ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ។

ទូលព្រះបង្គំជាខ្ញុំសូមយកឱកាសនេះដើម្បីសំដែងនូវការរំឮកដឹងគុណដ៏ជ្រាលជជាទីបំផុត ឧទ្ទិសថ្វាយព្រះវររាជបិតាជាតិ ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ ដែលព្រះអង្គទ្រង់បានបន្សល់នូវមរតកជាប្រវត្តិសាស្ត្រដ៏មហាថ្លៃថ្លា ដល់កូនចៅជំនាន់ក្រោយសម្រាប់ធ្វើជាសម្អាងបន្តដោះស្រាយ បញ្ហាប្រាសាទព្រះវិហារនេះ ហើយដែលត្រូវបានតុលាការយុត្តិធម៌អន្តរជាតិយកមកធ្វើជាមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចរបស់ខ្លួន ។ ទូលព្រះបង្គំ
ជាខ្ញុំ ក៏សូមថ្លែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា សម្តេច ព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលនៅក្នុងរាល់ការខិតខំ ដើម្បីបុព្វហេតុ
នៃការការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារ របស់រាជរដ្ឋាភិបាល នៅក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានខិតខំបូជាកម្លាំងចិត្ត កម្លាំងកាយ, ប្រាជ្ញា និង ស្មារតី ធ្វើការយ៉ាងសកម្ម ក្នុង
រយៈពេលជាងពីរឆ្នាំកន្លងមក ដើម្បីបុព្វហេតុដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រនេះ ។

បន្ថែមលើនេះ ខ្ញុំក៏សូមសំដែងនូវការវាយតម្លៃខ្ពស់ និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានឧទ្ទិសខ្លួន រហូតដល់បានលះបង់អាយុជីវិត និង កាយសម្បទា ដើម្បីបុព្វហេតុដ៏ឧត្តុងឧត្តមនៃការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា ទាំងព្រំដែនគោក ទាំងព្រំដែនទឹក ពិសេស គឺនៅទិសតំបន់ប្រាសាទព្រះវិហារ ក្នុងពេលកន្លងមក ។

ខ្ញុំព្រះករុណាក៏សូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅផងដែរ ជូនដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ដែលបានចូលរួមគាំទ្រគោលនយោបាយ និងការខិតខំនានារបស់រាជរដ្ឋាភិបាល, ទាំងជាសម្ភារៈ, ទាំងជាហិរញ្ញវត្ថុ, ទាំងជាស្មារតី, នៅក្នុងបុព្វហេតុនៃកិច្ច
ការពារអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី ។ ជាមួយនេះ ខ្ញុំសូមសំដែងនូវការដឹង-
គុណជាពិសេស ជូនចំពោះបងប្អូនជាគ្រួសារនៃកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់
សេចក្ដីថ្លែងការណ៍របស់សម្ដេចតេជោ ហ៊ុន សែន ស្តីពីសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ, ថ្ងៃទី ១១ វិច្ឆិកា ២០១៣, Page 3

ប្ដីសី កូន- ចៅ និង សាច់សាលោហិតជាទីស្រឡាញ់របស់ខ្លួន ដើម្បីបុព្វហេតុដ៏ឧត្តុងឧត្តម មិនអាចកាត់ថ្លៃបាននេះ ។
ដោយឡែក ខ្ញុំសូមថ្លែងអំណរគុណ និង សំដែងនូវការវាយតម្លៃខ្ពស់ចំពោះទូរទស្សន៍ CNC ដែលបានបញ្ជូនក្រុមការងាររបស់ខ្លួន ទៅប្រចាំការនៅទីក្រុងឡាអេ នៃប្រទេសហូឡង់ដើម្បីតាមដាន និងយកព័ត៌មាន អំពីការប្រកាសសាលដីកានេះរបស់តុលាការយុត្តិធម៌អន្តរជាតិ
ផ្សាយបន្តផ្ទាល់មកព្រះរាជាណាចក្រកម្ពុជា ជូនដល់ជនរួមជាតិ និង សាធារណជនទាំងអស់បានជ្រាប។

នៅក្នុងគ្រាដ៏សំខាន់នេះ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវជាថ្មីម្តងទៀត ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងបំពេញភារកិច្ចការពារព្រំដែន សូមបន្តប្រកាន់ការអត់ធ្មត់រក្សាស្ថានភាពឈរជើងនៅដដែល និង ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កភាពតានតឹង ឬ ការប៉ះទង្គិចជាយថាហេតុ ហើយទុកលទ្ធភាពជូនយន្តការនៃរាជរដ្ឋាភិបាលទាំងពីរ បន្តការពិភាក្សាគ្នាដើម្បីជំរុញអនុវត្តសាលដីកានេះ របស់តុលាការយុត្តិធម៌អន្តរជាតិ។

ខ្ញុំព្រះករុណា ក៏សូមអំពាវនាវដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និង បងប្អូនជនរួមជាតិទាំងអស់ មេត្តាបន្តរក្សាភាពស្ងប់ស្ងៀម, បន្តចូលរួមរក្សាសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេស ក៏ដូចជាបន្តរក្សា និងលើកកម្ពស់ស្មារតីនៃទំនាក់ទំនងជាអ្នកជិតខាងល្អ, សាមគ្គីភាព, មិត្តភាព, ភាពសុខដុមរមនា និង កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេស និង ប្រជាជនទាំងពីរ, កម្ពុជា-ថៃ, ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងសងខាង
ទាំងសម្រាប់រយៈពេលចំពោះមុខ ទាំងសម្រាប់រយៈពេលយូរអង្វែងទៅមុខទៀត ។

សូមអរគុណ និង សូមអរគុណ !