(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ របស់ខ្លួននៅក្នុងក្រុងកូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយផ្តោតលើបញ្ហានេះ៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបណ្តាមេដឹកនាំអាស៊ានដទៃទៀត កំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ក្រោមប្រធានបទ «បរិយាបន្ននិងចីរភាព»។ កាសែតបរទេសនានា រួមទាំង China Daily, China Daily Asia និងបណ្តាញសារព័ត៌មានចិន ECNS ជាដើមបានគូសបញ្ជាក់ជុំវិញប្រសាសន៍ថ្លែងរបស់សម្តេចបវរធិបតី នៃប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃយុទ្ធសាស្ត្រក្នុងតំបន់យ៉ាងសកម្ម ចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។

ដំណើរអញ្ជើញមកដល់របស់សម្តេចបវរធិបតី និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២៥ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ត្រូវបានទទួលយ៉ាងកក់ក្តៅពីរដ្ឋមន្ត្រីក្រសួងការងារម៉ាឡេស៊ី ឯកឧត្តម Alexander Nanta Linggi ដែលបង្ហាញពីទំនាក់ទំនងទ្វេភាគីរឹងមាំរវាងប្រជាជាតិទាំងពីរ និងសារៈសំខាន់នៃវត្តមានរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់នេះ។

* កិច្ចប្រជុំត្រីភាគីនៃប្រទេសជាប់ព្រំដែន បញ្ជាក់នូវកិច្ចសហប្រតិបត្តិការជាប្រពៃណី
ជាផ្នែកនៃប្រពៃណីដ៏យូរអង្វែង នាយករដ្ឋមន្ត្រីបីប្រទេសដែលមានព្រំដែនជាប់គ្នាគឺ កម្ពុជា វៀតណាម និងឡាវ តែងបានអញ្ជើញជួបគ្នា ទទួលទានអាហារពេលព្រឹករួមជាមួយគ្នានាព្រឹក ថ្ងៃទី២៦ ខែឧសភា នៅមុនកិច្ចប្រជុំកំពូលអាស៊ានបើកដំណើរការជាផ្លូវការ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម Sonexay Siphandone ត្រូវគេរាយការណ៍ ជុំវិញកិច្ចពិភាក្សាលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមនៃកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ការតភ្ជាប់ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធថាមពល កិច្ចសហប្រតិបត្តិការបរិស្ថាន ការផ្លាស់ប្តូរប្រជាជនទៅប្រជាជន និងភាពប្តេជ្ញាចិត្តនៃប្រទេសរៀងៗខ្លួន ដែលមិនឱ្យមានក្រុមធ្វើនយោបាយជ្រុលនិយមណាមួយប្រើប្រាស់ទឹកដីរៀងៗខ្លួន បង្កនយោបាយអមិត្តដល់ប្រទេសជិតខាងរបស់ខ្លួនឡើយ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ បានទន្ទឹមនឹងស្ថានការណ៍នយោបាយក្នុងតំបន់ និងពិភពលោកកំពុងមានភាពតានតឹងដោយសារតែសង្គ្រាមធំៗពីរទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តមិនទាន់ចប់សព្វគ្រប់ និងកំពុងបន្ថែមដោយនយោបាយ គាំពារនិយមរបស់សហរដ្ឋអាមេរិកដែលដាក់ចេញនូវការបង្កើនពន្ធដារលើប្រទេសដទៃ ដែលធ្វើឱ្យចរន្តសេដ្ឋកិច្ចពិភពលោក បានរងនឹងភាពដុនដាប។

ជាមួយនឹងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅមិនត្រូវបានដោះស្រាយរួច ហើយបង្កើនដោយសង្គ្រាមពាណិជ្ជកម្មពិភពលោក តាមរយៈការបង្កើនពន្ធគយដោយរដ្ឋបាលសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំទៀតនោះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងប្រទេសម៉ាឡេស៊ី នាពេលនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការស្តារឡើងវិញនូវយុទ្ធសាស្រ្តរួមរបស់អាស៊ាន។

* ជំនួបទ្វេភាគីជាមួយព្រះមហាក្សត្រប្រ៊ុយណេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែឧសភា នៅបានឆ្លៀតជួបពិភាក្សាទ្វេភាគីជាមួយព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ បូលគីយ៉ា មូអ៊ីហ្សាឌីន វ៉ាដាឌូឡា ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ ដារូសាឡឹម។ កិច្ចពិភាក្សាបានធ្វើឡើង នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងប្រ៊ុយណេ ក្នុងការធ្វើឱ្យស៊ីជម្រៅសមាហរណកម្មអាស៊ាន ការពារសន្តិភាពក្នុងតំបន់ និងជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

* ការផ្តោតអារម្មណ៍ក្នុងតំបន់៖ វិបត្តិមីយ៉ាន់ម៉ា និងសម្ពាធពាណិជ្ជកម្ម

ការបើកកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី ២៦ ខែឧសភា ត្រូវបានកត់សម្គាល់ដោយការបញ្ចេញក្តីព្រួយបារម្ភជាថ្មី ចំពោះបញ្ហាសំខាន់ៗចម្បងយ៉ាងហោចចំនួនពីរ រួមមានជម្លោះស៊ីវិលនៅប្រទេសមីយ៉ាន់ម៉ា ដែលកំពុងបន្តធ្ងន់ធ្ងរបន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ និងភាពអស្ថិរភាពផ្នែកពាណិជ្ជកម្មអន្តរជាតិ បណ្តាលមកពីគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump រួមទាំងការគំរាមក្នុងការបង្កើនអត្រាពន្ធលើទំនិញនាំចេញពីតំបន់ និងការកាត់បន្ថយជំនួយអភិវឌ្ឍន៍ខ្លះៗ ដែលអាចប៉ះពាល់ដល់សិទ្ធិសេរីបញ្ចេញយោបល់, កត្តាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសនៅក្នុងប្រទេសអាស៊ានដោយផ្ទាល់។

* វិបត្តិមីយ៉ាន់ម៉ា
បួនឆ្នាំក្រោយរដ្ឋប្រហារឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជីនោះរួចមក, ប្រទេសមីយ៉ាន់ម៉ា នៅតែជាប់គាំងនៅក្នុងអំពើហិង្សា និងអំពើចលាចលនយោបាយ។ សង្គ្រាមស៊ីវិល បានបង្ខំឱ្យមនុស្សរាប់រយពាន់នាក់ គេចចេញពីទីលំនៅ ហើយកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការអនុវត្តគោលការណ៍កុងសង់ស៊ុស ប្រាំចំណុចរហូតមកដល់ពេលនេះ នៅតែអនុវត្តបានតិចតួចតែប៉ុណ្ណោះ។ ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានអំពាវនាវសាជាថ្មីស្នើឱ្យរបបគ្រប់គ្រងយោធាបន្តការចរចា និងស្នើរកការសន្ទនាដាច់ដោយឡែកជាមួយក្រុមប្រដាប់អាវុធ និងផែនការសម្រាប់បេសកកម្មស្វែងរកការពិត។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានបញ្ជាក់អំពីចេតនារបស់លោកក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅខែក្រោយ ដើម្បីជួយសម្រួលដល់ការចរចាដោយផ្ទាល់បន្ថែមទៀត ដោយបានទទួលស្គាល់ថា ការចរចាជាច្រើនជុំទំនងជាត្រូវការដើម្បីសម្រេចបាននូវការទម្លុះនយោបាយទ័លច្រកនោះ។

* បញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក
ប្រធានបទដ៏សំខាន់មួយទៀតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលនេះ គឺការគំរាមកំហែងនៃពន្ធដ៏ធ្ងន់មួយរបស់សហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតី Trump បានព្រមានអំពីពន្ធចាប់ពី ៣២ទៅ៤៩% លើការនាំចេញសំខាន់ៗរបស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍នេះ។ ប្រទេសអាស៊ានចំនួន៦ ទោះបីមិនមានឈ្មោះជាផ្លូវការក៏ដោយ ត្រូវបានគេបារម្ភថា អាចនឹងរងផលប៉ះពាល់ដោយផ្ទាល់ចាប់ពីខែកក្កដាឆ្នាំ២០២៥នេះទៅ ប្រសិនបើកិច្ចចរចាពាណិជ្ជកម្មបច្ចុប្បន្នជាមួយទីក្រុងវ៉ាស៊ីនតោន នឹងមិនទទួលជោគជ័យនោះទេ។ ភាពមិនច្បាស់លាស់នេះ បានធ្វើឱ្យមានការព្រួយបារម្ភ ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដោយមេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការរួបរួម និងភាពធន់ ចំពោះការប្រឈមមុខនឹងនយោបាយគាំពារនិយមរបស់សហរដ្ឋអាមេរិក។ ប្រទេសអាស៊ាន បានស្នើរកការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការជម្រុញពាណិជ្ជកម្មក្នុងអាស៊ាន និងការចរចាបន្ថែមទៀតជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

បញ្ហាពាណិជ្ជកម្មនេះទៀត ត្រូវបានគេរំពឹងថានឹងត្រូវបានលើកឡើងនៅក្នុងពេលកិច្ចសន្ទនាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រីចិន ឯកឧត្តម Li Keqiang និងមេដឹកនាំមកពីមជ្ឈិមបូព៌ានៅថ្ងៃទី២៧ ខែឧសភា។ ការពិភាក្សាទាំងនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ទប់ទល់នឹងការប្រែប្រួលជាសកល និងការពារអនាគតសេដ្ឋកិច្ចរបស់អាស៊ាន។

កាសែត China Daily Asia បានសរសេរថាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់អាស៊ាន ក្នុងការប្រកាន់ជំហរបុរេសកម្មមួយ ដើម្បីប្រឈមមុខនឹងការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ដែលមិនអាចទាយទុកជាមុនបាន។ សម្តេចបវរធិបតី បានថ្លែងលើកឡើងនូវការតស៊ូមតិដើម្បីឱ្យប្លុកអា ស៊ាននេះ ដាក់ខ្លួនជាទិសដៅទាក់ទាញសម្រាប់វិនិយោគិនដោយប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយទីផ្សារពិភពលោកសំខាន់ៗ។

* ទស្សនវិស័យលើសេដ្ឋកិច្ចបៃតង និងឌីជីថលូបនីយកម្ម
កិច្ចប្រជុំកំពូលអាស៊ាន នឹងផ្តោតលើកម្រិតនៃផែនការសកម្មភាពអាកាសធាតុរបស់ប្រទេសនីមួយៗជាមួយនឹងការប្តេជ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ានទាំងអស់ក្នុងការដោះស្រាយកត្តា ប្រែប្រួលអាកាសធាតុ ជាពិសេសការធ្វើបច្ចុប្បន្នភាពលើការរួមចំណែកតាំងចិត្តនៃប្រទេសនីមួយៗ ក្រោមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីស, កិច្ចសហប្រតិបត្តិការក្នុងតំបន់លើថាមពលស្អាត ការការពារទន្លេមេគង្គ និងហិរញ្ញប្បទានការផ្លាស់ប្តូរកាបូន។ កិច្ចប្រជុំកំពូលអាស៊ាននឹងផ្តោត លើការអភិវឌ្ឍឌីជីថល ការផ្សារភ្ជាប់ការបែងចែកឌីជីថលក្នុងអាស៊ាន ការដាក់បញ្ចូលសហគមន៍ជនជាតិភាគតិច ប្រជាជនជនបទ និងយុវជននៅក្នុងផែនការអនាគតរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន បានបង្ហាញពីភាពប្តេជ្ញាចិត្តរបស់អាស៊ានចំពោះសាមគ្គីភាពក្នុងតំបន់ ទោះបីជាមានភាពមិនស្មើគ្នាផ្នែកនយោបាយនិងសេដ្ឋកិច្ចក៏ដោយ។

សម្តេចបវរធិបតី ត្រូវកាសែត China Daily Asia ដកស្រង់ប្រសាសន៍ដែលបានថ្លែងសង្កត់ធ្ងន់លើតម្រូវការសម្រាប់អាស៊ាន ក្នុងការពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកឌីជីថលូបនីយកម្ម និងសេដ្ឋកិច្ចបៃតង។ វិធីសាស្រ្តនេះ មានគោលបំណងធានាឱ្យមានការជឿនលឿនផ្នែកសេដ្ឋកិច្ចប្រែទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន លើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចប្រជុំកំពូលអាស៊ានក្នុងពេលនេះ ក៏ជាសារមួយទៅកាន់ពិភពលោក បង្ហាញថាអាស៊ាន អាចពឹងផ្អែកលើខ្លួនឯងបាន ទទួលខុសត្រូវចំពោះបរិស្ថាន និងរួបរួមគ្នាក្នុងការទប់ទល់នឹងសម្ពាធសកល មិនថាសម្ពាធនោះមកពីការប្រកួតប្រជែងឥទ្ធិពលមហាអំណាចសកលលោក ឬនយោបាយគាំពារនិយមនោះឡើយ។

កាសែតបរទេស បានដកស្រង់ប្រសាសន៍សម្តេចបវរធិបតីនៃប្រទេសកម្ពុជា ដែលបានលើកឡើងនូវប្រសាសន៍អំពាវនាវឱ្យមានការធ្វើសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ដោយបញ្ជាក់ថា អាស៊ានមិនគួរគ្រាន់តែប្រតិកម្មចំពោះការផ្លាស់ប្តូរពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែត្រូវរៀបចំយ៉ាងសកម្មនូវអនាគតសេដ្ឋកិច្ចរបស់ខ្លួន។ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមរដ្ឋជាសមាជិក, អាស៊ានអាចបង្កើតភាពធន់នឹងការប៉ះទង្គិចពីខាងក្រៅ និងរក្សាភាពពាក់ព័ន្ធរបស់ខ្លួននៅលើឆាកពិភពលោក។

ចំណុចទាំងឡាយដែលប្រមុខដឹកនាំនៃប្រទេសកម្ពុជា បានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦នេះ កំពុងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បីទម្លុះបញ្ហាប្រឈមជាសកលដ៏ស្មុគស្មាញ និងការជំរុញវិបុលភាពក្នុងតំបន់។

សម្រាប់ប្រទេសកម្ពុជា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ដែលសម្តេចមហាបវរធិបតីបាន ចួលរួមនេះ មិនត្រឹមតែជាវេទិកាបង្ហាញនូវសមត្ថភាពជាអ្នកដឹកនាំមួយរូបក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ជាំងពីតួនាទីដ៏សកម្មរបស់កម្ពុជានៅក្នុងអាស៊ានថែមទៀត ជាពិសេសនៅពេលដែលប្រទេសកម្ពុជា ត្រូវគេចាត់ទុកជាជើងឯកក្នុងការដោះស្រាយបញ្ហា ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាពក្នុងតំបន់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាដើមក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះឈ្នះ។
កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវជំហរដ៏មុតមាំរបស់ខ្លួនទៅកាន់តំបន់និងពិភពលោកនូវការប្រកាន់ខ្ជាប់នូវទំនាក់ទំនងនយោបាយការទូតចម្រុះពណ៌របស់ខ្លួន ពង្រឹងសាមគ្គីភាពក្នុងតំបន់ និងភាពប្តេជ្ញាចិត្តការពារនិងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួម៕