(ភ្នំពេញ)៖ បន្ទាប់ពីមហាជន​ចាប់អារម្មណ៍នឹងជីវិតតស៊ូរបស់តារាសម្តែង និងជាតារាចម្រៀង វី ជីវ័ន្ត កន្លងទៅថ្មីៗហើយនោះ ពេលនេះតារាប្រុសរូបនេះ ហាក់មិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយកំពុងតែត្រៀមបញ្ចេញស្នាដៃថ្មីមួយ ដើម្បីកំដរអារម្មណ៍មហាជន។ លោក វី ជីវ័ន្ត បានបង្ហើបពីគម្រោងថា ឆាប់ៗខាងមុខនេះ លោកនឹងបញ្ចេញស្នាដៃ Original Song ប្រភេទ «Rock and Roll» និងចង្វាក់ផ្សេងៗ ដែលធ្វើឲ្យទស្សនិកជនប្លែកអារម្មណ៍ ហើយសង្ឃឹមថានឹងមានការគាំទ្រច្រើន។

ថ្លែងប្រាប់តាមរយៈទូរស័ព្ទជាមួយក្រុមការងារ Fresh News តារាប្រុសសក់សំពោង វី ជីវ័ន្ត បានឲ្យដឹងថា ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកបានចូលបម្រើការងាររដ្ឋ ផ្នែករដ្ឋបាល នៅមហាវិទ្យាល័យតូរ្យតន្ត្រីភ្លាមតែម្តង។ ជាមួយគ្នានេះ ដើម្បីរកប្រាក់បន្ថែម និងកុំឲ្យជំនាញដែលបានសិក្សាររៀនសូត្រមហាវិទ្យាល័យបាត់បង់ លោកក៏ឆ្លៀតបង្កើតក្រុមតន្ត្រីមួយ ដែលមានទទួលប្រគុំកម្មវិធីតន្រ្តីតូចធំនានា ដោយទទួលបានការគាំទ្រច្រើនថែមទៀត។​

លោក វី ជីវ័ន្ត បានបន្តថា ទោះបីជាការងារច្រើន តែនៅបន្តឆ្លៀតបន្ថែមទៀត ដោយទទួលការងារសម្តែងភាពយន្ត ព្រោះបច្ចុប្បន្នមានភាពយន្តមួយចំនួនថតហើយ នឹងកំពុងបញ្ចាំង ហើយមួយចំនួនទៀត កំពុងត្រៀមថតផងដែរ។​ ដោយអាជីពជាតន្ត្រីករ នៅពេលខាងមុខនេះ នឹងបញ្ចេញអាល់ប៊ុម Original Song ប្រភេទ «Rock and Roll» និងចង្វាក់មួយប្រភេទផ្សេងទៀត ព្រោះគិតថា ចង្វាក់ទាំងនេះ ត្រូវនឹងអារម្មណ៍ពីធម្មជាតិរបស់លោក ដូច្នេះពេលចេញមកសង្ឃឹមថា នឹងមានទស្សនិកជនគាំទ្រច្រើន។

តារាប្រុសដែលធ្លាប់ឆ្លងកាត់ជីវិតជាកម្មករសំណង់រូបនេះ ត្រូវបានមហាជនសង្កេតឃើញថា ទោះមិនសូវជាមានភាពល្បីល្បាញខ្លាំងណាស់ណាក៏ពិតមែន តែបើនិយាយពីការតស៊ូក្នុងសិល្បៈ និងការងារបច្ចុប្បន្ននេះ សឹងតែគ្មានពេលទំនេរទៅហើយ ពោលគឺមមាញឹកខ្លាំង រួចពីការងារមួយទៅការងារមួយទៀត។ អ្វីដែលពិសេសការងាររបស់លោក ភាគច្រើន គឺសុទ្ធសឹងតែមានការគាំទ្រពីទស្សនិកជនផងដែរ។

ទោះយ៉ាងណា លោក វី ជីវ័ន្ត មិនភ្លេចនោះទេក្នុងការផ្តាំផ្ញើរនូវសារថ្លែងអំណរគុណដល់ទស្សនិកជន ដែលតែងតែគាំទ្រលោក តាំងពីដើមរហូតមកទល់នឹងបច្ចុបន្ន ហើយលោកបានសន្យារថា នឹងព្យាយាមបង្កើតស្នាដៃថ្មីៗបន្ថែមទៀត សម្រាប់កំដរអារម្មណ៍ទស្សនិកជន៕