(ភ្នំពេញ)៖ ឆ្លងកាត់រឿងរ៉ាវជាច្រើន ដែលកើតឡើងក្នុងពិភពលោក ជាពិសេសជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក រយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរ បានរៀនសូត្រយ៉ាងច្រើនពីពិភពលោក។ មេរៀនទាំងនោះក៏បានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន យល់កាន់តែច្បាស់អំពីល្បិចកិច្ចកល របស់មហាអំណាច ហើយនាំគ្នាកែប្រែចិត្តគំនិតខុសពីមុន គឺប្រែពីចូលចិត្តពឹងបរទេសចូលចិត្ត អាងមហាអំណាច មកជាមានគំនិតពឹងលើខ្លួនឯងច្រើនជាងមុន។ នៅតាមតុកាហ្វេ ខ្ញុំកត់សំគាល់ឃើញមានការជជែកវែកញែក អំពីបញ្ហានេះយ៉ាងផុលផុស។
រូបខ្ញុំដែលជាអ្នកចូលចិត្តតាមដាននយោបាយ តាមតុកាហ្វេបានសង្កេតឃើញនិន្នាការប្រែប្រួល ផ្នែកផ្នត់គំនិតគួរឲ្យកត់សម្គាល់បែបនេះ ជាច្រើនសប្តាហ៍មកហើយ។
កាលពីមុន អ្នកគាំទ្រនយោបាយតាមតុកាហ្វេ ចូលចិត្តនិយាយអួតអាងពីមហាអំណាច ចូលចិត្តលើកសរសើរអ្នកនយោបាយ ដែលឃោសនាប្រជាភិថុតិ រឿងពឹងបរទេសឲ្យមកជួយខ្មែរ។ ប៉ុន្តែឥឡូវនេះ ពួកគេហាក់ភ្ញាក់ ខ្លួនហើយលាន់មាត់គ្រប់គ្នាថា ពិភពលោកនេះពិតជាពិសពុលមែន។ ពួកមហាអំណាចធ្វើនយោបាយ ដើម្បីតែផលចំណេញរបស់ខ្លួនជាធំ គឺមិនមែនគិតពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និតិរដ្ឋ ឬយុត្តិធម៌អ្វីឡើយ ពោលគឺឲ្យតែមានផលចំណេញ ដល់ពួកគេ ពាក្យថាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និតិរដ្ធ និង យុត្តិធម៌មិនត្រូវបានគេយកទៅប្រើឡើយ។
ផ្ទុយទៅវិញទីណាដែលគ្មានផល ប្រយោជន៍ដល់ពួកគេ ពាក្យទាំងបួនម៉ាត់នេះត្រូវបានគេប្រើជា ដំបងព្រនង់ដើម្បីវាយសំពង ដោយគ្មានរើសមុខ។ ក្នុងន័យនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងជក់ចិត្ត ក្នុងការតាមដានព្រឹត្តិការណ៍ពិភពលោក បានយល់ឃើញថា ប្រទេសនីមួយៗត្រូវកាត់បន្ថយការពឹងពាក់លើបរទេស ហើយងាកមកពឹងលើខ្លួនឯង តាមអ្វីដែលអាចធ្វើទៅបាន។ ពលរដ្ឋខ្មែរពេលនេះ បានផ្តើមមើលឃើញពីគ្រោះថ្នាក់ នៃនយោបាយពឹងលើបរទេស ហើយផ្តើមយល់ពីសារៈសំខាន់ នៃពាក្យថាអធិបតេយ្យភាពជាតិ និងផ្តល់តម្លៃកាន់តែខ្លាំងដល់សន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពផ្ទៃក្នុងនៃជាតិខ្មែរ។ ចរន្តបែបនេះបានធ្វើឲ្យអ្នកនយោបាយ ដែលប្រើវិធីប្រជាភិថុតិចាស់គំរឹល តាមរយៈការពឹងលើបរទេស ហើយចង់បង្កភាពវឹកវរក្នុងសង្គមបាត់បង់ការគាំទ្រកាន់តែខ្លាំង ដែលមិនខុសពីខ្លែងដាច់ខ្សែកណ្តាលវេហានោះឡើយ។
បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរបានរៀនសូត្រពីបញ្ហាពិភពលោក និងបានមើលឃើញអនាគត ប្រទេសកម្ពុជាដូចខាងក្រោម៖
ទី១៖ ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេសជារឿងសំខាន់ជាងគេបំផុត សម្រាប់គ្រប់ប្រទេសទាំងអស់ពិសេសកម្ពុជា ពីព្រោះសន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ ដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែរឹងមាំ អាចរស់បានដោយខ្លួនឯង និងឈានទៅកាត់បន្ថយការពឹងពាក់លើបរទេស។
ទី២៖ ការធ្វើនយោបាយដោយវៃឆ្លាត គឺជានយោបាយដែលចេះទាញយកចំណេញពីប្រទេសអ្នកមាន និងពីមហាអំណាច តាមដែលអាចធ្វើទៅបាន ដោយមិនរើសអើងថា ជាលោកសេរី ឬលោកកុម្មុយនិស្តនោះឡើយ ពីព្រោះពួកមហាអំណាចទាំងឡាយក៏ជ្រើសរើស យកវិធីនេះដូចគ្នាដែរពោល គឺឲ្យតែបានផលចំណេញដល់ប្រទេសជាតិ និងប្រជាជន លុយគ្មានពណ៌ និងគ្មានក្លិនកុម្មុយនិស្ត ឬសេរីនោះឡើយ។ ការបន្តប្រកាន់ជំហរបែងចែកថា លោកសេរី ឬលោកកុម្មុយនិស្ត គឺជាគំនិតនយោបាយហួសសម័យ និងឆោតល្ងង់ដែលមិនស្របជា មួយនិន្នាការពិភពលោកបច្ចុប្បន្ននេះឡើយ។
ទី៣៖ កម្ពុជាមានហើយសន្តិភាព និងការអភិវឌ្ឍន៍។ ដូច្នេះអ្វីដែលកម្ពុជាត្រូវការបំផុត គឺខ្មែរត្រូវពួតដៃគ្នាដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសឲ្យលឿនទៅមុខ ដោយប្រើប្រាស់បញ្ញាញាណរបស់ខ្មែរគ្រប់គ្នា ពោលគឺអ្នកណាចេះអ្វីជួយធ្វើតាមចំណេះជំនាញរបស់ខ្លួន ដោយកិច្ចខិតខំប្រឹងប្រែង ស្រវាស្រទេញដើម្បីគ្រួសារផង និងជាតិផង។ ការប៉ុនប៉ងបំផ្លាញសុខសន្តិភាព ហើយចង់នាំប្រទេសទៅរកភាពវឹកវរ និងហិង្សា គឺជានយោបាយដើរថយក្រោយ ៤០ ឆ្នាំ ។ អ្វីដែលកើតឡើងនៅប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ី ជាដើមគឺជាឧទាហរណ៍ ជាក់ស្តែងបំផុតនៃនយោបាយដៃភ្លើងជើងមាន់ ដោយយកបរទេសជាទីពឹង។ លទ្ធផលចុងក្រោយ គឺសោកនាដកម្ម ដែលពិបាកស្តារពោល គឺមិនខុសពីសុភាសិតបូរាណខ្មែរថា «ចាក់អង្ករដូរយកអង្កាម» នោះឡើយ។
ទី៤៖ ការអភិវឌ្ឍន៍ប្រទេស ក្នុងសម័យបច្ចេកវិទ្យាទំនើប ដូចបច្ចុប្បន្ន ត្រូវការភាពវៃឆ្លាត បត់បែនឲ្យទាន់សភាពការណ៍របស់អ្នកនយោបាយ និងមេដឹកនាំ ដើម្បីទាញប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន ជាពិសេសក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចកំពុងផ្ទុះឡើង។
ក្នុងន័យនេះ កម្ពុជាគួរចាប់យកឱកាសមាស ឱកាសពេជ្រដែលកំពុងកើតឡើងចេញ ពីបច្ច័យនៃជម្លោះពាណិជ្ជកម្មនេះ។ ផ្ទុយទៅវិញ អ្នកនយោបាយណា ដែលដើរបញ្ច្រាសនឹងផលប្រយោជន៍ជាតិ ដោយមិនត្រឹមតែមិនចាប់យកឱកាស សម្រាប់រកផលចំណេញជូនជាតិ តែបែរជាព្យាយាមបំផ្លាញសន្តិភាព និងស្ថិរភាពនយោបាយក្នុងប្រទេសទៅវិញ ត្រូវចាត់ទុកជាអ្នកនយោបាយចង្រៃបំផុតលើលោកនេះ។ ទាំងអស់នេះគឺជាទស្សនៈទានថ្មីៗ ដែលប្រជាជនកម្ពុជាយល់ច្បាស់ហើយ កំពុងផ្តល់ការគាំទ្រពេញទំហឹងដល់នយោបាយឆ្លាតវៃរបស់រដ្ឋាភិបាល ដែលកំពុងស្រវាស្រទេញចាប់យកប្រយោជន៍សម្រាប់ប្រទេសជាតិ។
ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរ បានសម្តែងការធុញទ្រាន់ទ្រលាន់ ជ្រេញនឹងអ្នកនយោបាយមួយក្រុមដែល កំពុងធ្វើសកម្មភាពតាមបែបឧទ្ទាមចោរព្រៃដែលមួយថ្ងៃៗ គិតតែពីញុះញង់ ចាក់រុក ធ្វើឲ្យសង្គមបែកបាក់ធ្លាក់ក្នុងភាពវឹកវរជាថ្មី ខណៈដែលមេដឹកនាំរដ្ឋាភិបាលកំពុងស្វះស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជនពីគ្រប់ច្រកល្ហកនៃពិភពលោក។
សកម្មភាពផ្ទុយគ្នាស្រឡះរវាងរដ្ឋាភិបាល និងក្រុមអ្នកនយោបាយឧទ្ទាម បាននិងកំពុងក្លាយជាពន្លឺដែលបំភ្លឺដួងចិត្តខ្មែរគ្រប់រូប ឲ្យមើលឃើញកាន់តែ ច្បាស់ថាអ្នកណាជាអ្នកខិតខំរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងជំរុញការអភិវឌ្ឍន៍ប្រទេស ហើយអ្នកណាជាអ្នកខំបំផ្លាញ។
និយាយជារួម ប្រជាពលរដ្ឋខ្មែរពេលនេះបានភ្លឺភ្នែកកាន់តែ ច្បាស់ និងបានស្គាល់ក្រយៅអ្នកនយោបាយកាន់តែច្បាស់ដូចបាតដៃ ហើយពួកគេកំពុងឈរយ៉ាងរឹងមាំនៅខាងអ្នកការពារ និងកសាង ដោយច្រានចោលទាំងស្រុងអ្នកដែល កំពុងប៉ុនប៉ងបំផ្លាញភាព សុខសាន្តរបស់ប្រទេសជាតិ។ នេះគឺជាផ្នត់គំនិតថ្មីរបស់ពលរដ្ឋខ្មែរ ដែលអ្នកនយោបាយមិនអាចមើលរំលងបានឡើយ។ អ្នកមើលរំលងហើយដើរ បញ្ច្រាសពីនិន្នាការនេះនឹងទទួលការឈឺចាប់យ៉ាងជូរចត់ និងយ៉ាងអាម៉ាស់ជាក់ជាមិនខាន៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ