(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន និយាយថា លោកមិនចាត់ទុកការបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លី នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ជាការរំលោភលើទំនុកចិត្តរវាងប្រទេសទាំងពីរនោះឡើយ។ នេះបើតាមការដកស្រង់ ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Politico លោក ត្រាំ បានលើកឡើងដូច្នេះថា «មីស៊ីលទាំងនោះគឺជាមីស៊ីល បាញ់ បានចម្ងាយខ្លី ដូច្នេះហើយខ្ញុំមិនចាត់ទុកវាថា សកម្មភាពរំលោភលើទំនុកចិត្តនោះទេ ពោលគឺគ្រាន់តែជារឿងធម្មតាៗប៉ុណ្ណោះ»។ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ដែលជាប្រភេទមីស៊ីលផ្លោងរយៈ ចម្ងាយ ខ្លី ដែលហោះបានចម្ងាយលើសពី៣០០គីឡូម៉ែត្រ។
គួរជម្រាបថា ក្រោយការបើកកិច្ចប្រជុំកំពូលនៅឯទីក្រុងហាណូយនៃប្រទេសវៀតណាម កិច្ចចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើង និង សហរដ្ឋអាមេរិក បានជាប់គាំង ដោយសារតែទីក្រុងវ៉ាស៊ីនតោន បានទាមទារឲ្យទីក្រុងព្យុងយ៉ាងបំផ្លាញទីតាំងធ្វើតេស្តនុយក្លេអ៊ែរ និងបាញ់មីស៊ីលចោលទាំងអស់ ដើម្បីទើបអាចទទួលបានការបន្ធូរបន្ថយទណ្ឌកម្ម ខណៈដែលកូរ៉េខាងជើងចង់ឲ្យដកទណ្ឌកម្មខ្លះ ចេញសិន មុនចាប់ផ្តើមរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕