(ភ្នំពេញ)៖ បន្ទាប់ពីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ នៅទីក្រុងប៉េកាំង នារាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំងបណ្តាមេដឹកនាំ នៃប្រទេសកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ លោកស៊ី ជិនពីង ប្រធានាធិបតីចិន។
នៅចំពោះមុខបណ្តាមេដឹកនាំនៃប្រទេសជាដៃគូ សហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ លោក ស៊ី ជិនពីង បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំកំពូល រដ្ឋាភិបាល និងប្រជាជនចិន លោកពិតជាមានសេចក្តីសោមនស្សរីករាយជាអនេក ថ្វាយនិងធ្វើគារវកិច្ចដោយស្មោះបំផុតចំពោះព្រះចៅ ស៊ុលតង់ រួមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្តាប្រទេសកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានយាងនិងអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិន។
លោកប្រធានាធិបតី មានបន្តថា មកដល់វេទិកាលើកទី២នេះ វេទិកាខ្សែក្រវាត់ និងផ្លូវ មានប្រទេសចំនួនជាង ១០០ និងអង្គការចំនួនជាង២០ហើយ ដែលបានចុះហត្ថលេខាជាមួយនឹងប្រទេសចិន ពោលគឺមានការរីកចម្រើនយ៉ាងខ្លាំង ពិសេសការផ្តល់នូវទំនុកចិត្តគ្នាទៅវិញទៅមក។
លោកប្រធានាធិបតីបន្តទៀតថា តាមរយៈកិច្ចពិភាក្សារបស់យើង រយៈពេល៣ថ្ងៃ នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២នេះ យើងនឹងផ្តល់នូវទំនុកចិត្តកាន់តែខ្លាំងឡើងថែមទៀត សម្រាប់ប្រទេសទាំងអស់ ដែលបានធ្វើទំនាក់ទំនងជាមួយគ្នា។
សូមបញ្ជាក់ថា វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២នេះ ក្រៅពីមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គណៈប្រតិភូនៃបណ្តាប្រទេសនានាជាសមាជិក និងអង្គការអន្តរជាតិនានា ក៏មានបណ្តាអ្នករាយការណ៍ព័ត៌មានវិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី និងគ្រប់ប្រព័ន្ធផ្សាយប្រមាណ៥ពាន់នាក់ មកពីទូទាំងពិភពលោកចូលរួមផងដែរ៕