(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងរៀបចំអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិ នាឆ្នាំ២០២០ ដើម្បីរឹតបន្តឹង ការអភិវឌ្ឍន៍ និងការប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបើកការប្រកួតរដូវកាលថ្មីឆ្នាំ២០១៩ កាលពីម្សិលមិញ។
លោក ឆាំង ពិសិដ្ឋ បានបញ្ជាក់ថា «អាជ្ញាប័ណ្ឌក្លឹបថ្នាក់ជាតិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងចាប់ផ្ដើម អនុវត្តចាប់ពីឆ្នាំ២០២០ ទៅ ដើម្បីពង្រឹងក្លឹបបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន និងក្លាយជាក្លឹបអាជីពពិត ប្រាកដ»។ លោកបង្ហើបថា បច្ចុប្បន្នសហព័ន្ធបាននឹងកំពុងរៀបចំ និងចងក្រងឯកសារអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិ ហើយវានឹងមានការផ្លាស់ប្ដូរមួយចំនួន ដើម្បីធានាការប្រកួតប្រជែងកម្រិតខ្ពស់នៃក្លឹបបាល់ទាត់នៅកម្ពុជា។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន តើលីគកំពូលកម្ពុជា ឆ្នាំ២០១៩ អាចមានក្រុមប៉ុន្មានត្រូវកាត់ចេញ? លោក ឆាំង ពិសិដ្ឋ បានបញ្ជាក់ថា «បន្ទាប់ពីអនុវត្តអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិ មិនថាឡើយក្រុមឈរលេខ១៣ ឬលេខ១៤ សូម្បីក្រុមឈរលេខ៩ ឬលេខ១០ ក៏មិនទាន់ប្រាកដបានបន្ដលេងលីគឆ្នាំបន្ទាប់ដែរ។ ដូច្នេះអ្វីៗ គឺរង់ចាំការដាក់ចេញនូវអាជ្ញាប័ណ្ណ សម្រាប់ក្លឹបទាំងអស់អនុវត្ត និងគោរពតាមសិន នៅឆ្នាំ២០២០»។
នេះគឺជាដំណឹងល្អមួយសម្រាប់ក្លឹបបាល់ទាត់កម្ពុជា ដើម្បីវិវត្តន៍ខ្លួនក្លាយជាក្លឹបអាជីព និងងាយស្រួលក្នុងការ ផ្ដល់អាជ្ញាប័ណ្ណពីសហព័ន្ធអន្ដរជាតិ មាន AFC និង FIFA ជាដើម។ យ៉ាងណាមិញ ចំពោះលក្ខខណ្ឌផ្ដល់អាជ្ញា ប័ណ្ណក្លឹបថ្នាក់ជាតិខាងលើ ពុំទាន់ត្រូវបានបង្ហើបឲ្យដឹងនោះទេ គ្រាន់តែតំណាងអង្គភាពស្ថិតក្រោមការគ្រប់គ្រង របស់ FFC បានបញ្ជាក់ថា សហព័ន្ធនឹងចាប់ផ្ដើមអនុវត្តនាឆ្នាំ២០២០ ខាងមុខ៕