(ភ្នំពេញ)៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សាងសង់​សំណង់​វិមាន​ឈ្នះ-ឈ្នះ ​និង​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន​នយោបាយ ​និង​កិច្ចការ​បទេស​ នៃ​ក្រសួងការពារជាតិ​ បានលើកឡើងថា ​វិមាន​ឈ្នះ-ឈ្នះ​ នឹង​ក្លាយទៅជា​ពហុ​មជ្ឈមណ្ឌល​សម្រាប់​ផ្ទុក​ឯកសារ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ទាំងមូល ​ខណៈ​សព្វថ្ងៃនេះ​ មានប្រជា​ពល​ជិត​ឆ្ងាយ​មក​ទស្សនា​កាន់តែ​កើន​ឡើង​ពីមួយថ្ងៃទៅមួយ​ថ្ងៃ ហើយក្នុងថ្ងៃធម្មតាមានភ្ញៀវជាតិ និងអន្តរជាតិជិត១ពាន់នាក់ និងថ្ងៃឈប់សម្រាកព្រមទាំងថ្ងៃបុណ្យទានផ្សេងៗ មានជាង៣ពាន់នាក់​។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ធ្វើឡើងនៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន ​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ​​​ ឆ្នាំ​២០១៩​នេះ​ នៅក្នុង​សំណង់​វិមាន​ឈ្នះ ឈ្នះ​ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ឧ​ត្ត​ម​សេនីយ៍ ណឹ​ម ​សុ​វត្ថិ​ បាន​លើកឡើងថា ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ ​និង​សិស្សានុសិស្ស​មកពី​សាលា ​និង​សសកល​វិទ្យាល័យ​ផ្សេងៗ​មក​ទស្សនា ​និង​សិក្សា​ស្រាវជ្រាវ​ជា​រៀងរាល់ថ្ងៃ​ ហើយ​ថ្ងៃ​ខ្លះ​មាន​រហូតដល់​៧​ពាន់​នាក់​ឯណោះ​។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា សម្រាប់ភ្ញៀវដែលមកទស្សនានៅក្នុងវិមានឈ្នះ-ឈ្នះ មានចំនួនពីរបែបធំៗ មួយផ្នែក គឺការស្នើ និងសំណូមពរសម្រាប់ការចូលមកទស្សនា ដោយមានការរៀបចំជាក្រុម និងវគ្គ យ៉ាងត្រឹមត្រូវទាំងអស់ ដែលមានចំនួនចាប់ពីរាប់រយនាក់ ទៅរាប់ពាន់នាក់ ព្រមទាំងមានរហូតដល់រាប់ម៉ឺននាក់ផងដែរ។ ជាមួយគ្នាមានភ្ញៀវដែលមកទស្សនាជាច្រើនពាន់នាក់ បានមកទស្សនាដោយមិនបានជូនដំណឹងដល់ក្រុមការងារជាច្រើនផងដែរ ទាំងនេះសបញ្ជាក់ឱ្យឃើញថា សំណង់វិមានឈ្នះ-ឈ្នះ កំពុងតែឆក់យកការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ។

វិមាន​ឈ្នះ-​ឈ្នះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២៥ ខែ​កុម្ភៈ ​ឆ្នាំ២០១៦ ​បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​ គឺ​វិមាន​មាន​ឈ្នះ​ឈ្នះ​ត្រូវ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី២៩ ខែធ្នូ ​ឆ្នាំ២០១៨ កន្លងទៅនេះក្រោម​អធិបតីភាព​ សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​កម្ពុជា ​រួមទាំងការ​ប្រារព្ធទិវា​នយោបាយ​ឈ្នះ​-ឈ្នះ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨-ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨) ​ផងដែរ​។

សំណង់​វិមានឈ្នះ-ឈ្នះ ត្រូវបាន​សាងសង់ឡើង ​ដោយបាន​ដកស្រង់​ចេញពី​ខ្លឹមសារ​គោល​នយោបាយ​ឈ្នះ-ឈ្នះ របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ចែកចេញជា៣ផ្នែក ដែល​ក្នុងនោះជាន់​ទី១ មាន​ជ្រុង​ទាំង​៧​ នៃ​តួ​វិមាន​ឈ្នះ-ឈ្នះ គឺ​តំណាង​ឱ្យកត្តា​ទាំង៧ ​ដែល​នាំ​ឱ្យ​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន ទទួល​បាន​ជ័យជំនះ​ផ្នែក​កណ្តាល​មាន៥ជ្រុង ដែលជ្រុង​ទាំង​៥ នៃ​តួ​វិមាន​តំណាង​ឱ្យ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ត (DIFID) រួមមាន​៖ បំបែក​, ឯកោ​, បញ្ចប់​, ធ្វើ​សមាហរណកម្ម និងទីអភិវឌ្ឍន៍​ជាដើម​។

ដោយឡែក​ផ្នែក​ខាងលើ​កំពូល​វិមាន ដែលមាន៣ជ្រុង ដែល​ជ្រុង​ទាំង​៣ នៃ​តួ​វិមាន​ឈ្នះ​ឈ្នះ​នេះ​តំណាង​ឱ្យ​ទី​១៖ ការធានា​រូប​កាយ ​និងអាយុជីវិត​, ​ទី​២៖ ​ការធានា​អាជីព​ និង​មុខរបរ​ និង​ទី​៣​ការធានា​កម្មសិទ្ធិ ​និង​ទ្រព្យសម្បត្តិ ​ទាំង​ចលនទ្រព្យ ​និង​អចលនទ្រព្យ​។​ នៅ​តួ​វិមាន​ឈ្នះ​-ឈ្នះ​ ផ្នែកកណ្តាល​នៃ​ជ្រុង​ទាំង៥​ ត្រូវបាន​កសាង​ជា​សារៈមន្ទី​រ​មគ្គុទេសន៍ សម្តេច​តេ​ជោ ​ហ៊ុន សែន ដែល​បាន​រៀបរាប់​ពី​ប្រវត្តិ​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​ផ្ដួល​រំលំ​របប​ប្រល័យពូជសាសន៍​ «ប៉ុល ពត» ​កាលពី​ថ្ងៃ២០ ខែមិថុនា ​ឆ្នាំ​១៩៧៧ ​និងសកម្មភាព​ដឹកនាំ​ប្រទេសជាតិ​របស់​សម្តេច​តេ​ជោ​ ចាប់​តាំងពី​ក្រោយ​ថ្ងៃ​ជ័យជំនះ ៧ មករា ​រហូតដល់​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​-ឈ្នះ​ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា ទទួល​បាន​សុខ សន្តិភាព​ និងការអភិវឌ្ឍ​​រីកចម្រើនមកដល់​សព្វថ្ងៃនេះ​។

បើ​តាម​ការ​អះអាង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ ណឹ​ម សុវត្ថិ​ ដដែល​បាន​ឱ្យ​ដឹង​​ដែរ​ថា ​ក្រុម​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះឈ្នះ​ នឹង​បង្កើន​នៅ​សន្តិសុខ ​និង​ក្រុម​អនាម័យ​បន្ថែមទៀត​ ដើម្បី​រក្សា​សុវត្ថិភាព​ និង​បរិស្ថាន​នូវ​ក្នុង​បរិវេណ​សំណង់​នេះ ​ឱ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ខណៈ​ប្រជាពលរដ្ឋ​មក​កាន់​តែច្រើន​ហើយ​ក្រុម​សន្តិសុខ​ និង​ក្រុម​អនាម័យ​នៅ​មានកម្រិត​នៅឡើយ​នោះ​។

ទន្ទឹមនឹងនេះ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាថ្មីទៀត ​ដែល​មក​ទស្សនា​ និង​សិក្សា​ស្រាវជ្រាវ​នូវ​សំណង់​ ដ៏​ប្រវត្តិសាស្ត្រ នេះ​សូម​ជួយ​ថែរក្សា​នៅ​បរិស្ថាន ​និង​សណ្តាប់ធ្នាប់​រួម​គ្នា ដើម្បី​ឱ្យ​សោភ័ណភាព ​ក្នុង​បរិវេណ​កាន់តែ​ល្អប្រសើរ​​បន្ថែមទៀត​៕