(ភ្នំពេញ)៖​​ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាវុធហត្ថខណ្ឌ៧មករា បានបញ្ជូនខ្លួនមន្ត្រីយោធាម្នាក់ទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការផ្លូវច្បាប់ ក្នុងរឿងជម្លោះជាមួយមន្ត្រីនគរបាលរហូតឈានទៅផ្ទុះអាវុធចំនួន៣ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈម្សិលមិញ។ នេះបើយោងតាមការបញ្ជាក់ របស់សមត្ថកិច្ចខណ្ឌ៧មករា ប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។

សមត្ថកិច្ចខណ្ឌ៧មករាបានឲ្យដឹងថា កម្លាំងអាវុធហត្ថខណ្ឌ៧មករា បានបញ្ជូនខ្លួនមន្ត្រីយោធាម្នាក់ទៅកាន់បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចំណែកភាគីបង្កម្ខាងទៀត ដែលគេស្គាល់ថាជាមន្ត្រីនគបាលនោះ បានរត់គេចខ្លួន ក្រោយដណ្តើមកាំភ្លើងខ្លីពីនគរបាលប៉ុស្តិ៍ហើយបានបាញ់គំរាមចំនួន០៣គ្រាប់រួចមក។ ដោយឡែក នាយរងនគបាលប៉ុស្តិ៍អូរឬស្សីវិញ ក៏ត្រូវបានគេនាំយកទៅសាកសួរ នៅអធិការដ្ឋានខណ្ឌ៧មករាដែរ ពាក់ព័ន្ធការធ្វេសប្រហែស បណ្តាលឱ្យគេដណ្តើមអាវុធ យកទៅបាញ់ចំនួន៣គ្រាប់។

សមត្ថកិច្ចខណ្ឌបានបញ្ជាក់ទៀតថា កណី​ទំនាស់​ហើយបណ្ដាល​ឲ្យ​ផ្ទុះ​អាវុធនេះ បានកើតឡើង​កាលពីវេលាម៉ោង​៣៖១០នាទី​ រសៀលថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅចំណុច​មុខ​ផ្ទះ​លេខ​២១៣AEo ផ្លូវ​លេខ​១៣៩​ សង្កាត់​អូរឬស្សី​៣​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។ ជនដែលដណ្តើមកាំភ្លើង ពីសមត្ថកិច្ចប៉ុស្តិ៍អូរឬស្សី៣ ហើយបាញ់៣គ្រាប់នោះ មានឈ្មោះ​ គីវ​ ស៉ីថា​ ជាអតីត​អធិការ​រង​ក្រុង​តាខ្មៅ​។

ចំណែភាគីម្ខាងទៀត មានឈ្មោះថា​ ជា​ ពេជ្រ​ចន្ថា​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​យោធា​ នៅក្រសួងការពារជាតិ​ មាន​ទី​លំនៅ​ ផ្ទះ​លេខ​៧៣E1Z ផ្លូវ​លេខ​១២៨​ សង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មានបន្តថា ដើមចមនៃជម្លោះរវាងមន្ត្រីយោធា និងមន្ត្រីនគបាលនេះ មុនដំបូងភាគីមន្ត្រីយោធាឈ្មោះ​​ ជា​ ពេជ្រ​ចន្ថា​ បើករថយន្ត​មកឈប់​មុខ​ផ្ទះ​លេខ​២១៣Eo ផ្លូវ​១៣៩​ ក៏បាន​ទាស់​ពាក្យ​សម្ដី​ជាមួយ​មន្ត្រីនគរបាលឈ្មោះ​ គីវ​ ស៉ីថា។​ ពេលនោះ​ឈ្មោះ​ ជា​ ពេជ្រ​ចន្ថា​ ​ក៏​បាន​ដក​អាវុធ​ខ្លី​ចេញ​ពី​កាបូប ​បំណង​ផ្ជង់​ទៅ​លើឈ្មោះ​ គីវ​ ស៉ីថា​ តែមាន​ប្រជាពលរដ្ឋ​ឃាត់​ គេក៏​ឡើង​ទៅ​លើ​ផ្ទះ។​ មួយ​សន្ទុះ​ក្រោយ​មក​គេ​ក៏​ចុះ​មក​វិញ​ ស្រាប់​តែ​ឈ្មោះ​ គីវ​ ស៉ីថា​ ឆក់​អាវុធ​ពី​នគរ​បាល​ប៉ុស្តិ៍​ សង្កាត់​អូរឬស្សី​៣​ បាញ់​មកលើឈ្មោះ​ ជា​ ពេជ្រ​ចន្ថា​ តែ​មាន​នគរបាល​ឃាត់​ បណ្ដាល​ឲ្យផ្ទុះ​អាវុធ​ចំនួន​៣គ្រាប់ ​តែមិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ម្នាក់​ទេ​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​បាញ់​រួច​ គីវ​ ស៉ីថា​ បាន​គេច​ខ្លួន​បាត់​ ចំណែក​ឯ​ឈ្មោះ​ ជា​ ពេជ្រចន្ថា​ ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា បាន​ហៅ​មក​សាក​សួរ។ តាមសម្តីរបស់ ជា ពេជ្រចន្ថា បាន​ឆ្លើយ​ថា ​គេ​ពិត​ជា​បានដក​អាវុធ​ខ្លី​ បម្រុងភ្ជង់ទៅ​លើឈ្មោះ​ គីវ​ ស៉ីថា​ ពិត​ប្រាកដ​មែន​ តែមាន​អ្នក​ឃាត់​កុំឲ្យ​ខ្លួន​ធ្វើ​អញ្ចឹង​៕