(ព្រះសីហនុ)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះថា ក្រុមជំនាញរបស់ស៊ីម៉ាក់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82 ១គ្រាប់ ស្ថិតក្នុងការដ្ឋានទឹកស្អាតក្បាលឆាយ ស្ថិតនៅភូមិក្បាលឆាយ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក រតនា បានលើកឡើងថា ការអភិវឌ្ឍន៍ចាំបាច់ត្រូវ តែមានការបោសសំអាតសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវតិ្ថភាពជាចំបង​ចំពោះអ្នកធ្វើការផង និងដើម្បីបញ្ចៀសការខាតបង់ទ្រព្យសម្បតិ្ត នៃការវិនិយោគផងដែរ។ ដូចករណីនេះប្រសិនជាការផ្ទុះកើតឡើងទំនប់ និងសម្ភារសំណង់ព្រមទាំងជីវិតអ្នកធ្វើការនៅទីនោះ អាចត្រូវខូចខាតនិងបាត់បង់។

សូមជម្រាបថា ជាញឹកញយ កម្លាំងស៊ីម៉ាក់តែងតែដោះបានគ្រាប់បែកទម្លាក់ពីលើយន្តហោះនេះ ដោយមាននៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ព្រះសីហនុជាដើម។ ជាមួយគ្នានេះ ស៊ីម៉ាក់បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញគ្រាប់បែកប្រភេទនេះ ឬអាវុធជាតិផ្ទុះផ្សេងៗទៀត សូមកុំប្រថុយ ចាប់ កាន់ ដំលេង ឬដឹកជញ្ជូនដោយខ្លួនឯង ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់បាត់បង់ដល់អាយុជីវិត៕