(សៀមរាប)៖ លោក អា គីរ៉ា ប្រធានអង្គការដោះមីនកម្ពុជា បានជម្រាបជូន លោកទេសរដ្ឋមន្រ្តី លី ធុជ ថា លោកជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ដោយឳពុកម្តាយរបស់លោកបានស្លាប់ដោយសារសង្រ្គាម ហើយសង្រ្គាមស៊ីវិលនៅកម្ពុជានេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបទុក្ខវេទនាយ៉ាងបំផុតទាំងផ្នែកផ្លូវចិត្ត និងសេដ្ឋកិច្ច។

ក្នុងជំនួបសំណេះសំណាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ លោក អាគីរ៉ា សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា បានដោយមិនមានការបង្ហូរឈាមខ្មែរ និងខ្មែរ និងមិនមានការជួយជ្រោមជ្រែងពីបរទេ។

តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយសម្តេចដឹកនាំប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេស សម្តេចបានធ្វើឲ្យប្រទេសកម្ពុជា មានមុខមានមាត់នៅលើឆាកអន្តរជាតិយ៉ាងខ្លាំង ក្នុងរយៈពេល២០ចុងក្រោយនេះ។

ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានអាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក អាគីរ៉ា ប្រធានអង្គការដោះមីនកម្ពុជា ដែលបានខិតខំស្វែងរកធនធានដោយខ្លួនឯងផ្ទាល់ មកជួយដោះមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ព្រមទាំងជួយកសាងសាលារៀន នៅសហគមន៍ជនបទ ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕