(ខេត្តឧត្តរមានជ័យ)៖ ព្រឹត្តិការណ៍ «រត់ប្រណាំង និងថ្មើរជើងប្រវត្តិសាស្ដ្រ» ដែលជាព្រឹត្តិការណ៍កីឡា និងទេសចរណ៍ថ្មីមួយទៀត ត្រូវបានក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងអាជ្ញាធរពាក់ព័ន្ធ រៀបចំនៅតំបន់ប្រវត្តិសាស្ដ្រ នៃស្រុកអន្លង់វែង លើភ្នំដងរែក ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នេះ គឺបានបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង រហូតមានការគាំទ្រពីភាគីថៃទៀតផង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានមានប្រសាសន៍ថា គណៈកម្មការរៀបចំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះជោគជ័យលើសពីការរំពឹង ដោយព្រឹត្តិការណ៍កីឡាលក្ខណៈកម្សាន្ដ មានអ្នកចូលរួមយ៉ាងច្រើន រហូតដល់ជិត ១,៤០០នាក់ជាង ក្នុងនោះអ្នករត់ចម្ងាយ ៣គីឡូម៉ែត្រប្រមាណជាង ១,៣០០នាក់ និងអ្នកដើរចម្ងាយ ៦គីឡូម៉ែត្រប្រមាណជាង ៦០០នាក់ ពិសេសក៏មានការចូលរួមពីប្រជាពលរដ្ឋថៃជិត ២០០នាក់ ទាហានថៃមួយចំនួន រួមទាំងថ្នាក់ដឹកនាំថៃ គឺអភិបាលរងខេត្តស៊ីសាកេត ក៏មិនចូលរួមដែរ។
លោកបន្ដថា «ចំណុចសំខាន់ ដែលយើងមិននឹកស្មាន គឺមានអ្នកចូលរួមច្រើនលើសពីការរំពឹង ព្រោះយើងរំពឹងត្រឹម ១,០០០នាក់អីទេ តែជាក់ស្ដែងមានចូលរួមជិត ១,៤០០នាក់ ចឹងជោគជ័យមែនទែន ប្រជាពលរដ្ឋរស់នៅហ្នឹង បានសម្ដែងការភ្ញាក់ផ្អើល និងសប្បាយចិត្ត ពិសេសអភិបាលរងខេត្តស៊ីសាកេត រួមទាំងប្រជាជនថៃមួយចំនួនតូច ដែលចូលរួម បានកោតសរសើរ ជុំវិញការរៀបចំព្រឹត្តិការណ៍នេះ ហើយថែមទាំងមានគម្រោងសហការគ្នារៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ជាច្រើនទៀត នៅទឹកដីអន្លងវែងទៀតផង»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «ក្នុងនាមគណៈកម្មការរៀបចំ ពិតជាមានការសប្បាយចិត្តជាខ្លាំង ដែលការរៀបចំព្រឹត្តិការណ៍ «រត់ប្រណាំង និងថ្មើរជើងប្រវត្តិសាស្ដ្រ» លើកដំបូង ទទួលបានជោគជ័យ និងការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ នៅអន្លង់វែង ដែលនេះគឺជាកម្លាំងចិត្តដល់សំខាន់សម្រាប់គណៈកម្មការ ដើម្បីបន្ដរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ជាបន្ដបន្ទាប់ នៅតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម ដែលជាតំបន់ប្រវត្តិសាស្ដ្រ ដូចជាផ្ទះតាម៉ុកជាដើម ហើយយើងសង្ឃឹមថា ការរៀបចំលើកក្រោយៗ នឹងមានការភ្ញៀវឲ្យបរទេសចូលរួមកាន់តែច្រើន»។
ព្រឹត្តិការណ៍កីឡាបែបកម្សាន្ដ លើទឹកដីប្រវត្តិសាស្រនេះ បានរៀបចំក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តឧត្តរមានជ័យ សាលាស្រុកអន្លង់វែង មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីជាការចាប់ផ្តើមថ្មីសម្រាប់ស្រុកអន្លង់វែង និងដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហម ដោយចេញពីសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ឬសារមន្ទីរអតីតផ្ទះតាម៉ុក និងច្រកអន្តរជាតិជាំ ស្ថិតនៅភ្នំដងរែក ដើម្បីផ្សព្វផ្សាយ និងស្វែងយល់នូវតំបន់ដ៏អាថ៌កំបាំង ដំណើរផ្សងព្រេង សម្ភស្សធម្មជាតិ ក្នុងតំបន់ប្រវត្តិសាស្ដ្រដ៏ស្រស់ស្អាតមួយនេះ។
នេះគឺជាព្រឹត្តិការណ៍សង្គមដំបូងបង្អស់ ដែលរៀបចំឡើង ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃការទទួលបានសន្តិភាពពេញលេញក្នុងប្រទេសកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង នៅក្នុងឆ្នាំ១៩៩៨ ពិសេសគឺដើម្បីតម្រង់ការចាប់អារម្មណ៍ ទៅលើសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ស្រុកអន្លង់វែង និងទៅលើចំណុចគោល នៃសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជា។ អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់និមិត្តរូបមួយ នៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ៕