(ភ្នំពេញ)៖ បុរសជាជនសង្ស័យម្នាក់ បានស្គាល់នារីស្រស់ស្អាតម្នាក់ តាម Facebook សារសងគ្នារហូតណាត់ជួបគ្នានៅផ្ទះសំណាក់ នៅពេលនារីរងគ្រោះមកដល់បើកទ្វារ ចូលស្រាប់ជនសង្ស័យចាប់ច្របាច់ក យកកាំបិតភ្ជង់ប្លន់យកគ្រឿងអលង្ការនិងទូរស័ព្ទ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ រួចគេចខ្លួនបាត់។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅម៉ោង៧យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ផ្ទះសំណាក់បៃតង ស្ថិតនៅភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
បើតាមសម្តីរបស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួន សុភា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់អីវ៉ាន់ online ស្នាក់នៅផ្ទះជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។ ចំណែកជនសង្ស័យ ភេទប្រុស មិនស្គាល់អត្តសញ្ញាណនោះទេ។
សម្ភារដែលត្រូវបាត់បង់រួមមាន៖ ទូរស័ព្ទ iPhone XS Max ០១គ្រឿង, ខ្សែកចំនួន០១ខ្សែ, ខ្សែដៃចំនួន០១ខ្សែ, ជញ្ជៀនពេជ្រ០១វង់ និងលុយដុល្លារចំនួន២០០ដុល្លារ សរុបជាទឹកប្រាក់អស់ជាង៣ពាន់ដុល្លារ។
តាមសំដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់បានស្គាល់គ្នាជាមួយជនសង្ស័យ តាម Facebook អស់រយៈពេលជិត១ខែមកហើយ។ ជនសង្ស័យបាន Chat មកជនរងគ្រោះសូមដើរលេងជាមួយញឹកញាប់ណាស់ តែខ្លួនមិនព្រមទៅ ហើយមុនពេលកើតហេតុ ជនសង្ស័យបាន Chat ណាត់ជាមួយខ្លួន ឲ្យមកជួបគ្នានៅចំណុចផ្ទះសំណាក់បៃតង ដោយបានប្រាប់នាងថា «មកជួបបងបន្តិចមក ចាំបងឲ្យលុយចំនួន១០០ដុល្លារ» ហើយបានប្រាប់ទៀតថា «បងមិនធ្វើអីទេ សូមតែអូនមកមួយភ្លេតមក»។
នារីរងគ្រោះឮដូច្នោះបានឲ្យមិត្តភក្តិជិះម៉ូតូឌុបមកភ្លាម ពេលមកដល់ផ្ទះសំណាក់បៃតងខាងលើ ជនរងគ្រោះបានដើរចូលទៅបន្ទប់ដែលបានណាត់គ្នាជួប។ ពេលដែលជនរងគ្រោះរុញទ្វារចូលទៅ ក្នុងបន្ទាប់ស្រាប់តែជនសង្ស័យបានរត់មកចាប់ច្របាច់កជនរងគ្រោះ ហើយយកកូនកាំបិតស្នៀតភ្ជង់ទៅលើជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ និងគំរាមថា «បើង៉ែញហ៊ានស្រែកអញនឹងសំលាប់ចោល»។ ខណៈនោះជនរងគ្រោះភ័យពេកមិនហ៊ានស្រែក ក៏បណ្ដោយឲ្យជនសង្ស័យចេញមកក្រៅរួចឡើងជិះម៉ូតូកង់បីគេចខ្លួន ទៅបាត់តែម្ដង។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ នាំខ្លួនទៅដាក់ពាក្យបណ្ដឹង និងសួរនាំបន្ត ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ ចាប់ខ្លួនមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
នារីរងគ្រោះ និងបុរសដែលជនរងគ្រោះអះអាងថា បានស្គាល់គ្នាតាម Facebook