(ភ្នំពេញ)៖ យុវជនវ័យក្មេងមួយក្រុម មានបក្ខពួកចំនួន៤នាក់ ជិះម៉ូតូ២គ្រឿងឌុបគ្នាបោះពួយយ៉ាងលឿន ហាក់បីដូចជាមានបទល្មើសអ្វីមួយ បានធ្វើឲ្យកម្លាំងនគរបាលលោក ញាណ នន នាយនគរបាលប៉ុស្ដិ៍ឃ្មួញ ក្រោមការបញ្ជាផ្ទាល់ពីលោក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដែលកំពុងបន្តសកម្មភាពយាមល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ដើម្បីររក្សាសន្តិសុខផងនោះ បានសម្រេចដេញតាម រហូតឃាត់យកមកសាកសួរ និងត្រួតពិនិត្យតាមជុំនាញ បានត្រឹមជាង១ម៉ោងក្រោយប៉ុណ្ណោះ ស្រាប់តែរកឃើញក្នុងចំណោមពួកគេមានសារធាតុញៀនក្នុងខ្លួន ចំនួន៣នាក់។
ការដេញតាមឃាត់ខ្លួនក្រុមយុវជនប្រើប្រាស់គ្រឿងញៀន ខាងលើនេះ បើតាមលោកនាយប៉ុស្ដិ៍ឃ្មួញ ញាណ នន គឺបានអនុវត្តឡើងភ្លាមៗ បន្ទាប់ពីបញ្ចប់ការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតមកដល់ម៉ោងជាង១១ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្ដោយមហាវិថី ផ្លូវហាណូយ ក្បែរហ្គ្រេនភ្នំពេញ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទោះបីយ៉ាងណា មកដល់ពេលនេះ ក្រុមជនសង្ស័យទាំង៤នាក់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ តែបើតាមលោកនាយប៉ុស្ដិ៍ឃ្មួញរូបនេះ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យវ័យក្មេង ដើម្បីយកមកបន្តស៊ើបអង្កេតនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃើញថាមានសារធាតុញៀនក្នុងខ្លួន ចំនួន៣នាក់ និងត្រូវកសាងសំណុំរឿង ក្នុងការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនិតិវិធី។
ដោយឡែក បក្ខពួកជនសង្ស័យម្នាក់ផ្សេងទៀត ដែលមិនពាក់ព័ន្ធនិងគ្រឿងញៀននោះ ត្រូវបានអប់រំណែនាំឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕