(ប៉ារីស)៖ នៅទីបំផុតដូចការរំពឹងទុក ក្រុមបាតុករអាវកាក់ពណ៌លឿងបាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅចូលសប្តាហ៍ទី៤ នៅចុងសប្តាហ៍នេះ ដើម្បីប្រឆាំងនឹងជំទាស់ នឹងកំណែទម្រង់របស់រដ្ឋាភិបាលប្រធានាធិបតីបារាំង លោក ម៉ាក្រុង ខណៈមន្ត្រីបារាំងខ្លះប្រកាន់ត្រង់ៗថា ក្រុមជ្រុលនិយមនៅក្នុងប្រទេសបារាំង ចង់ប្រើប្រាស់ក្រុមបាតុករអាវកាក់ពណ៌លឿង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ទីក្រុងប៉ារីស។
ក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ឲ្យដឹងថា មានមនុស្សសរុបរហូតដល់ចំនួន៧០០នាក់ត្រូវបានចាប់ខ្លួនទូទាំងប្រទេស ក្នុង៥៧៥នាក់នៅទីក្រុងប៉ារីស ពាក់ព័ន្ធការធ្វើបាតុកម្មនេះ។ ប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្រ្កាបហ្វូងបាតុករ និងចាប់មនុស្សរាប់រយនាក់ ខណៈអ្នករងគ្រោះមាន០៤នាក់ស្លាប់ ៨៥០នាក់រងរបួស។
បាតុកម្មតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ ក្នុងនោះរួមមានទាំងប្រេង និងម៉ាស៊ូត បានកើតឡើងតាំងតែថ្ងៃទី១៧ ខែវិច្ឆិកាមកម្លេះ ហើយវាបានអូសបន្លាយរហូតមកដល់ថ្ងៃសៅរ៍នេះ។ ដោយឡែកជាការឆ្លើយតប អាជ្ញាធរបារាំងបានបិទតំបន់ទេសចរណ៍ និង ហាងទំនិញជាច្រើននៅក្នុងទីក្រុងប៉ារីស ជាមួយការដាក់ពង្រាយកងកម្លាំងសន្តិសុខរាប់ពាន់នាក់។ Eiffel Tower និងតំបន់ ទេសចរណ៍សំខាន់ៗនៅក្នុងទីក្រុងប៉ារីស ត្រូវបានបិទជាបណ្ដោះអាសន្ន ហើយហាងលក់ទំនិញនៅជាប់ដងផ្លូវមួយចំនួនត្រូវ បិទទ្វារដើម្បីបញ្ចៀសការលួច ឬប្លន់ក្នុងករណីមានភាពចលាចលណាមួយកើតឡើង។ បន្ថែមពីលើនេះដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ប៉ូលិស ៨៩,០០០នាក់ ត្រូវបានដាក់ពង្រាយ ខណៈ៨,០០០នាក់ផ្សេងទៀត ត្រូវបានដាក់ពង្រាយក្នុងទីក្រុងប៉ារីស។
គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះ ជាការបន្ធូរបន្ថយភាពតានតឹង រដ្ឋាភិបាលលោកប្រធានាធិបតីបារាំង ម៉ាក្រុង បានយល់ព្រមលុបចោលគម្រោងតំឡើងពន្ធលើឥន្ធនៈ រួមមានទាំងសាំង និងម៉ាស៊ូត ចេញពីកញ្ចប់ថវិកាជាតិឆ្នាំ២០១៩។ ប៉ុន្តែបើទោះជាក្រុមបាតុករអាវកាក់ពណ៌លឿង ស្វាគមន៍ការសម្រេចចិត្តនេះក៏ដោយ ក៏ពួកគេមិនបានលុបចោលគម្រោងធ្វើបាតុកម្ម នៅថ្ងៃសៅរ៍នេះឡើយ ហើយមិនតែប៉ុណ្ណោះថែមទាំងទាមទារបន្ថែមឱ្យរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យពួកគេទទួលបានប្រាក់ខែខ្ពស់ បង់ពន្ធតិច និងខ្លះស្នើលោក ម៉ាក្រុង ចុះចេញពីតំណែងទៀតផង។
តើបាតុកម្មក្នុងប្រទេសបារាំង អាចក្លាយជាបដិវត្តន៍ពណ៌ដែរឬទេ?
បើទោះជាមិនមានការសន្និដ្ឋានច្បាស់លាស់ណាមួយថា ភាពចលាចលបច្ចុប្បន្ន អាចនឹងប្រែទៅជាបដិវត្តន៍ពណ៌ដូចជា នៅ ស៊ីរី ឬលីប៊ីក៏ដោយ។ ក៏ប៉ុន្តែការភ័យខ្លាច និងការព្រួយបារម្ភបានកើនឡើងយ៉ាងខ្លាំងប្រទេសបារាំង ជាពិសេសគឺទីក្រុងប៉ារីស ជាទីដែលអំពើហិង្សាបានផ្ទុះឡើងរវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។ ជាក់ស្ដែងសូម្បីតែ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Benjamin Griveaux ក៏បានអះអាងកាលពីថ្ងៃសុក្រដែរថា ក្រុមជ្រុលនិយមនៅក្នុងប្រទេសបារាំង ចង់ប្រើប្រាស់ក្រុម បាតុករអាវកាក់ពណ៌លឿង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបារាំង។
លើសពីនេះទៅទៀត ប្រភពមិនបញ្ជាក់អត្តសញ្ញាណមកពីការិយាល័យប្រធានាធិបតីលោក ម៉ាក្រុង ថែមទាំងបានប្រាប់សារព័ត៌មានបារាំង Le Figaro ដោយហៅ ក្រុមបាតុករអាវកាក់ពណ៌ថា ជាពួកបដិវត្តន៍។ «ពួកគេគឺជាពួកបដិវត្តន៍ ហើយយើងកំពុងឃើញការព្យាយាមរបស់ពួកបដិវត្តន៍»។ នេះបើតាមប្រភពដដែលប្រាប់ Le Figaro ជាមួយការបញ្ជាក់បន្ថែមថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់បារាំងបានព្រមានយោធា និងប៉ូលិស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងការប៉ុនប៉ងសម្លាប់ ឬប្រើប្រាស់អាវុធប្រឆាំងនឹងសមាជិកសភាបារាំង។
គួរបញ្ជាក់ថា បាតុកកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃនៅក្នុងប្រទេសបារាំង ដែលផ្ទុះឡើងតាំងតែពីថ្ងៃទី១៧ ខែវិច្ឆិកាមក បានបណ្ដាលឱ្យមនុស្ស០៤នាក់ស្លាប់ និងរាប់រយនាក់រងរបួស ក៏ដូចជាត្រូវចាប់ខ្លួន។ ចំណែកឯនៅមុនបាតុកម្មតវ៉ានៅថ្ងៃសៅរ៍នេះ អ្នកនាំពាក្យក្រុមបាតុករអាវកាក់ពណ៌លឿងបានព្រមានថា ការស្លាប់ និងការបង្ហូរឈាមមិនអាចចៀសរួចក៏ថាបាន។ «យើងអាចនឹងមិនធ្វើបាតុកម្មនៅក្នុងទីក្រុងប៉ារីស ក៏ប៉ុន្តការតវ៉ាផ្ទុះឡើងនៅប៉ារីសមែននោះការស្លាប់អាចចៀសរួចឡើយ»។ នេះជាការគូសបញ្ជាក់របស់ លោក Christophe Chalencon ជាអ្នកនាំពាក្យ អាវកាក់ពណ៌លឿង៕
ប្រភព៖ Sputnik